កីឡាអន្តរជាតិ
អន្តរជាតិ
ដូចនៅតូក្យូដែរ អូឡាំពិកប៉េកាំង នឹងគ្មានអ្នកគាំទ្រពីក្រៅឡើយ
30, Sep 2021 , 2:33 pm        
រូបភាព
គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) មិនអនុញ្ញាតឱ្យមានអ្នកគាំទ្រក្រៅប្រទេសចូលរួមព្រឹត្តិការណ៍អូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ឡើយ ដោយសារជំងឺកូវីដ-១៩ នៅតែរាលដាលខ្លាំង។ សម្រាប់អ្នកគាំទ្រក្នុងប្រទេសចិន ក៏ត្រូវរឹតត្បិតខ្លាំងដែរ។


 
មិនខុសពីអូឡាំពិករដូវក្តៅក្រុងតូក្យូឡើយ IOC នៅតែព្រួយបារម្ភអំពីជំងឺកូវីដ-១៩ នៅក្នុងដំណើរការកីឡារដូវរងាដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី២០ ខែកុម្ភៈ រួមទាំងប៉ារ៉ាឡាំពិកពីថ្ងៃទី៤ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។
 
ជុំវិញការរឹតត្បិតអ្នកគាំទ្រក្រៅប្រទេស IOC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចុះផ្សាយដោយទូរទស្សន៍ Al Jazeera ថា នេះជាការជួយសម្រួលដល់ការរៀបចំកីឡារដូវរងារក្នុងប្រទេសចិន ក៏ដូចជាបង្កបរិយាកាសអំណោយផលដល់ទីតាំងប្រកួត ខណៈកូវីដ-១៩កំពុងរំខាន។
 
ស្របពេលការសម្រេចនេះមានការខកចិត្តពីសំណាក់អ្នកគាំទ្រអន្ដរជាតិ  IOC បានអនុញ្ញាតឱ្យមានអ្នកទស្សនាក្នុងប្រទេសចិន ខណៈនាការប្រកួតកីឡារដូវក្តៅតូក្យូថ្មីៗនេះ ស្ថាប័នគ្រប់គ្រងអូឡាំពិកពិភពលោក ឱ្យដំណើរការដោយបិទទ្វារកីឡដ្ឋានតែម្តង។
 
អ្នកគាំទ្រក្នុងស្រុកដែលត្រូវបានឱ្យចូលទស្សនាផ្ទាល់ ក៏តម្រូវឱ្យមានប័នចាក់វ៉ាក់សាំងកូវីដ-១៩ ពេលលេញផងដែរដើម្បីសុវត្ថិភាព។ មានប័ណ្ណចាក់វ៉ាក់សាំង អ្នកគាំទ្រអាចមានសិទ្ធិផ្លាស់ទីដោយសេរីក្នុងកីឡដ្ឋានតែម្តង។
 
សម្រាប់អត្តពលិក ដែលត្រូវចូលរួមប្រកួតប្រជែងមេដាយនៅប៉េកាំងឆ្នាំ២០២២ ពីបណ្តាប្រទេសផ្សេងៗ ក៏តម្រូវឱ្យទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ផងដែរ។ ដោយឡែក អត្តពលិកដែលមិនទាន់បានចាក់វ៉ាក់សាំង នឹងត្រូវធ្វើចត្តាឡីស័ករយៈពេល២១ថ្ងៃជាមុនសិន ទើបអាចចូលរួមប្រកួតបាន៕

Tag:
 IOC
  COVID-19
  Beijing 2022
© រក្សាសិទ្ធិដោយ thmeythmey.com