ជាតិ
ទឹកស្ទឹងសែន ខេត្ត​ព្រះវិហារ លើសកម្រិតប្រកាសអាសន្ន!
30, Sep 2021 , 5:08 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយខេត្តព្រះវិហារ បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែន ក្នុងខេត្តព្រះវិហារឱ្យប្រុងប្រយ័ត្ន ខណៈពេលទឹកឡើង​លើសកម្ពស់ប្រកាសអាសន្ន ១៣,៣០ ម៉ែត្រ។



គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយខេត្តព្រះវិហារ នៅថ្ងៃទី៣០ ខែកញ្ញា បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែន ក្នុងខេត្តព្រះវិហារ ឱ្យយកចិត្តទុកដាក់រក្សាសុវត្ថិភាព ខណៈពេលកម្ពស់ទឹក នៅតែបន្តហក់ឡើងរហូតហួសកម្ពស់ប្រកាសអាសន្ន។


រូបភាពដោយ លោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រះវិហារ
 
សារសំឡេងរបស់គណៈកម្មាធិការជាតិ​គ្រប់គ្រងគ្រោះមហន្ដរាយខេត្តព្រះវិហារ បានបញ្ជាក់ថា៖ «គិតត្រឹមព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ កម្ពស់ទឹកស្ទឹងសែន បន្តហក់ឡើងកម្ពស់ ១៣,៣០ ម៉ែត្រ ដែលកម្រិតប្រកាសអាសន្ន​ត្រឹម១១,៥០ ម៉ែត្រតែប៉ុណ្ណោះ។ ដូច្នេះសូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងស្វែងរកទីទួលមានសុវត្ថិភាពឱ្យបានត្រឹមត្រូវ។ ពិសេសមនុស្សចាសជរា និងកុមារតូចៗ ​ព្រមជាមួយជនងាយរងគ្រោះ»។


រូបភាពដោយ លោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រះវិហារ
 
កន្លងមកនៅថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០២១​ រដ្ឋបាលខេត្តព្រះវិហារ ក៏បានជូនដំណឹងឱ្យប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដាយស្ទឹងសែន និងនៅតាមមាត់ទន្លេមេគង្គ ឱ្យត្រៀមខ្លួនទុកជាមុន ដើម្បីការពារសុវត្ថិភាព ខណៈទឹកនៅកម្ពស់១១,២០សងទីម៉ែត្រ  ត្រៀមឈានទៅដល់កម្ពស់ប្រកាសអាសន្ន៕ 

Tag:
 ខេត្តព្រះវិហារ
 ​ កម្ពស់ទឹក
  ប្រកាសអាសន្ន
© រក្សាសិទ្ធិដោយ thmeythmey.com