កីឡាអន្តរជាតិ
អន្តរជាតិ
Koeman ជឿថា កៅអីអ្នកចាត់ការជិតរបូតហើយ ក្រោយ​ Barca ចាញ់ Benfica ៣-០
01, Oct 2021 , 8:29 am        
រូបភាព
លោក Ronald Koeman ជឿជាក់ថាខ្លួននៅតែទទួលបានការគាំទ្រពីកីឡាករ Barcelona ប៉ុន្តែតំណែងអ្នកចាត់ការរបស់លោកបានធ្លាក់ដល់ដំណាក់កាលផុយស្រួយទៅហើយ ក្រោយដឹកនាំក្រុមចាញ់ Benfica ៣-០។ Barca មិនទាន់រកបាន១ពិន្ទុនៅឡើយទេ ក្រោយឆ្លងកាត់ពីរប្រកួតនៅវគ្គសន្សំពិន្ទុ Champions League។



Barcelona បន្តចាញ់ជាលើកទី២ ក្នុងវគ្គជម្រុះពូល E ដោយរបូត៦គ្រាប់ និងមិនមានការស៊ុតបញ្ចូលទីគេសូម្បី១គ្រាប់។ កាលពីជំនួបបើកឆាកក្រុមយក្សអេស្ប៉ាញចាញ់ Bayern Munich ៣-០ និងជំនួបទី២បរាជ័យក្រោមថ្វីជើង Benfica ៣-០ ដូចគ្នា។
 
នេះជាលទ្ធផលដ៏អាក្រក់បំផុតមិនធ្លាប់មានរបស់ Barca ក្រោមការដឹកនាំរបស់លោក Koeman ក្នុងក្របខណ្ឌអឺរ៉ុប ខណៈក្រុមស្ថិតនៅបាតតារាងពូល E រដូវកាលនេះ។
ស្ថានភាពយ៉ប់យ៉ឺនរបស់ក្រុមរហស្សនាមអ្នកមានបុណ្យកើតឡើងចាប់តាំងពីការចាកចេញរបស់ Lionel Messi ទៅកាន់ Paris Saint Germain កាលពីខែមុនម្លេះ។ Barca ក៏ជួបវិបត្តិធ្ងន់ធ្ងរដោយសារបញ្ហាហិរញ្ញវត្ថុផងដែរ។
 
បើតាមការបញ្ជាក់របស់ La Liga នៅរដូវកាល២០២១-២២នេះ Barca នឹងកាត់បន្ថយចំណាយពី ៣២៤លានដុល្លារ មកត្រឹម ១១២លានដុល្លារប៉ុណ្ណោះ។ នេះជាថ្លៃចំណាយទាបបំផុតរបស់ Barca មិនធ្លាប់មាន និងជាប់ជាក្លិបដែលចំណាយច្រើនបំផុតលំដាប់ថ្នាក់ទី៧ ក្នុងចំណោមក្លិបទាំង២០នៅលីគកំពូលអេស្ប៉ាញ។
 
បើទោះក្រុមជួបវិបត្តិច្រើនករណីក្តី ក៏ប៉ុន្តែការធ្លាក់ចុះទម្រង់លេងរបស់ក្រុម Barca មិនអាចមិនបន្ទោសលោក Koeman បានឡើយ។
«ខ្ញុំនឹងមិននិយាយអំពីកម្រិតលេងរបស់ក្រុមទេនៅពេលនេះ»។ លោក Koeman ប្រាប់អ្នកយកព័ត៌មានដូច្នេះបន្ទាប់ពីក្រុមចាញ់ Benfica។ អ្នកចាត់ការសញ្ជាតិហូឡង់បន្ថែមថា៖ «អ្នករាល់គ្នាដឹងហើយថាអ្វីជាបញ្ហារបស់ Barca សព្វថ្ងៃនេះ។ យើងមិនអាចវាយតម្លៃលើក្រុមពេលនេះ ដែលមិនមែនជាក្រុមកាលពីអតីតកាលបានទេ។ ខ្ញុំមិនអាចនិយាយអ្វីអំពីអនាគតរបស់ខ្ញុំបានទេ ទោះកីឡាករនៅគាំទ្រខ្ញុំពេញទំហឹង។ ខ្ញុំ មិនដឹងថាក្លិបគិតយ៉ាងណាទេ»។
 
តាមការអះអាងដូច្នេះ ហាក់បង្ហាញថាលោក Koeman បានដឹងពីអនាគត់របស់លោកទៅហើយ ស្របពេល Barca ធ្វើមិនបានល្អទាំងក្នុងលីគ និងក្របខណ្ឌអឺរ៉ុប។ ឆ្លងកាត់ការប្រកួត៦លើកនៅ La Liga ក្រុមយក្សអេស្ប៉ាញមួយនេះរកបាន១២ពិន្ទុ ស្ថិតនៅលេខ៦ក្នុងតារាង ដោយតាមពីក្រោយគូប្រជែង Real Madrid ដែលឈរកំពូលតារាង៥ពិន្ទុ៕ 

Tag:
 Ronald Koeman
  Barcelona
  Champions League
© រក្សាសិទ្ធិដោយ thmeythmey.com