កីឡាអន្តរជាតិ
អន្តរជាតិ
Europa៖ West Ham បន្តឈ្នះ ស្របពេល Leicester មិនទាន់ស្គាល់ជ័យជម្នះ
01, Oct 2021 , 8:11 am        
រូបភាព

West Ham United រកបានជ័យជម្នះជាថ្មីនៅ UEFA Europa League ដោយយកឈ្នះ Rapid Vienna ២-០ ដើម្បីឈរកំពូលតារាងពូល H។ Leicester City មិនទាន់ស្គាល់ឈ្នះនៅឡើយ ក្រោយចាញ់ Legia Warszawa ១-០។


នាកីឡដ្ឋាន London Stadium ខ្សែបម្រើ Declan Rice ជាអ្នករកគ្រាប់បាល់នាំមុខដំបូងឱ្យ West Ham នៅនាទី២៩។ លទ្ធផល ១-០ បានបន្តរហូតដល់នាទី៩០+៤ ទើបខ្សែប្រយុទ្ធ Saïd Benrahma បន្ថែមគ្រាប់ទី២ ដើម្បីជួយក្រុមញញួរឈ្នះក្រុមភ្ញៀវ Rapid Vienna ២-០។

ក្រោមការដឹកនាំរបស់អ្នកចាត់ការ David Moyes រដូវកាលនេះ West Ham បានបង្ហាញភាពលេចធ្លោខ្លាំងនៅក្របខណ្ឌអឺរ៉ុប ដោយរកបានជ័យជម្នះទាំងពីរប្រកួតដំបូងនៅវគ្គសន្សំពិន្ទុ ដោយឈរនៅកំពូលតារាងពូល H មាន៦ពិន្ទុពេញ។ Dinamo Zagreb ដែលឈ្នះក្រុម Genk ៣-០ ឈរចំណាត់ថ្នាក់ទី២មាន៣ពិន្ទុ។

តាមរយៈទម្រង់លេងដ៏ល្អនេះ គេជឿជាក់ថាក្រុមពីក្របខណ្ឌ Premier League មួយនេះនឹងឆ្លងផុតវគ្គចែកពូល ដើម្បីបន្តទៅវគ្គបន្ទាប់ទៀត។

ដោយឡែក Leicester ឯណោះវិញ ហាក់មិនទទួលបានលទ្ធផលគាប់ប្រសើរឡើយទាំងក្នុងលីគ និង Europa League។ ២ប្រកួតនៅក្របខណ្ឌទីពីរអឺរ៉ុប ក្រុមរហស្សនាមគញ្រ្ជោងរកបានតែ១ពិន្ទុប៉ុណ្ណោះ ដោយស្មើ១និងចាញ់១ ស្ថិតនៅបាតតារាងពូល C។

នៅពូល C នេះ Legia Warszawa ឈរកំពូលតារាងមាន៦ពិន្ទុពេញ តាមពីក្រោយដោយ Spartak Moscow មាន៣ពិន្ទុ ខណៈ Napoli នៅលេខ៣មាន១ពិន្ទុដូច Leicester ដែរ។

សម្រាប់លទ្ធផលគូដទៃទៀតនៅវគ្គចែកពូល Europa Leageu៖







© រក្សាសិទ្ធិដោយ thmeythmey.com