កីឡាអន្តរជាតិ
អន្តរជាតិ
វីរបុរសប្រេស៊ីល Pele បានចាកចេញពីមន្ទីរពេទ្យហើយ ក្រោយវះកាត់ដុំសាច់ពោះវៀនធំជោគជ័យ
01, Oct 2021 , 3:37 pm        
រូបភាព
រូបពីហ្វេសប៊ុក Pele
រូបពីហ្វេសប៊ុក Pele
Pele បានចាកចេញពីមន្ទីរពេទ្យវិញហើយ ក្រោយវះកាត់ដុំសាច់ពោះវៀនធំជោគជ័យ។ វីរបុរសប្រេស៊ីលរូបនេះ បានចូលសម្រាកនៅមន្ទីរពេទ្យ Albert Einstein ក្នុងទីក្រុង Sao Paulo តាំងពីចុងខែសីហាមក។


 
អតីតខ្សែប្រយុទ្ធវ័យ៨០ឆ្នាំរូបនេះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ ដោយទទួលបានការវះកាត់នាថ្ងៃទី៤ កញ្ញាមក។ ក្រោយវះកាត់ហើយជិត១ខែ ទើបគ្រូពេទ្យអនុញ្ញាតឱ្យ Pele ចេញពីមន្ទីរពេទ្យ ក្រោយឃើញស្ថានភាពជំងឺធូស្រាល។ ប៉ុន្តែក្រុមគ្រូពេទ្យរបស់Pele បាននិយាយថា Pele នឹងបន្តការព្យាបាលដោយប្រើគីមី។
 
Pele ដែលជួយឱ្យប្រេស៊ីលឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក ៣ដងនោះ បានសរសេរលើហ្វេសប៊ុកយ៉ាងដូច្នេះថា៖«ខ្ញុំសប្បាយចិត្តណាស់ដែលបានត្រលប់មកផ្ទះវិញ ។ខ្ញុំចង់អរគុណដល់ក្រុមការងារមន្ទីរពេទ្យ Albert Einstein ទាំងមូល ដែលបានធ្វើឱ្យការស្នាក់នៅរបស់ខ្ញុំមានភាពរីករាយ ដោយមានមនុស្សធម៌និងស្វាគមន៍ដោយក្តីស្រឡាញ់។ សូមអរគុណផងដែរដល់អ្នកទាំងអស់គ្នាដែលមកពីចម្ងាយធ្វើឱ្យជីវិតខ្ញុំពោរពេញទៅដោយសារនៃក្តីស្រឡាញ់ជាច្រើន»។ 
 
សុខភាពរបស់Pele មានសភាពទ្រុឌទ្រោម នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ វីរបុរសប្រេស៊ីលរូបនេះ ក៏ធ្លាប់បានវះកាត់ក្រពេញប្រូស្តាតនៅឆ្នាំ ២០១៥ និងមានករណីឆ្លងមេរោគទឹកនោមនៅឆ្នាំ ២០១៩ ទៀតផង។
 
Pele ជាកីឡាកររកគ្រាប់បាល់ឱ្យជម្រើសជាតិប្រេស៊ីលច្រើនជាងគេ ដោយស៊ុតបាន ៧៧ គ្រាប់ក្នុង ៩២ ប្រកួត និងជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករតែ ៤ នាក់ប៉ុណ្ណោះ ដែលបានស៊ុតបញ្ចូលទីក្នុងការប្រកួតបាល់ទាត់ពិភពលោកចំនួន ៤ លើក។
 
បច្ចុប្បន្ន Lionel Messi បានបំបែកកំណត់ត្រា Pele ក្នុងនាមជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេនៅតំបន់អាមេរិកឡានទីន ក្នុងការប្រកួតអន្តរជាតិ ។ Messi ស៊ុតបាន៧៩គ្រាប់ ឱ្យអាហ្សង់ទីន ក្រោយធ្វើបាន hat-trick ដើម្បីជួយអាហ្សង់ទីនឈ្នះបូលីវី ៣-០ នៅវគ្គជម្រុះ World Cup កាលពីខែកញ្ញាកន្លងមក៕
 
 
 
 

Tag:
 Pele
© រក្សាសិទ្ធិដោយ thmeythmey.com