ជាតិ
ទឹកលិចផ្លូវ ពិបាកដឹកជញ្ជូនសម្ភារ ធ្វើ​ឲ្យរអាក់រអួល​ដំណើរ​ការ​ជួសជុលប្រាសាទត្រពាំងផុង
02, Oct 2021 , 7:59 am        
រូបភាព
ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការជួសជុលផ្នែកខាងលិចប្រាសាទត្រពាំងផុងមុនពេលកំណត់ ដោយសារប្រាសាទនេះស្ថិតនៅក្នុងតំបន់លិចទឹក ពិបាកធ្វើដំណើរក្នុងរដូវវស្សា។ បច្ចុប្បន្ន ផ្លូវទៅប្រាសាទនេះបានលិចទឹក។ ប្រាសាទត្រពាំងផុង ស្ថិតនៅលើទីទួលមួយក្នុងភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ក្រុមអ្នកជំនាញ បញ្ជាក់ថាប្រាសាទមានភាពទ្រុឌទ្រោម និងមានឫសឈើដុះចូល ធ្វើឲ្យថ្មធ្លាក់ ខូចទ្រង់ទ្រាយប្រាសាទ។

 
ក្រុមការងារអាជ្ញាធរជាតិអប្សរា ក៏បានចាប់ផ្តើមជួសជុលប្រាសាទនេះ ដើមឆ្នាំ២០២១។ យ៉ាងណាមិញ ក្រុមអ្នកជំនាញ បានត្រូវរូតរះជួសជុលឲ្យចប់ មុនរដូវវស្សាឈានមកដល់។
លោក សារាយ គឹមហួល បុរាណវិទូ និងជាប្រធានអភិរក្សតំបន់រលួស នៃអាជ្ញាធរជាតិអប្សរា បានប្រាប់សារព័ត៌មានថ្មីៗ២៥ដូច្នេះ ៖«បើយើងបន្លាយបន្តិចទៀត យើងទៅអត់កើតទេ ព្រោះទឹកលិច។ យើងត្រូវបុកកម្លាំងធ្វើឲ្យហើយមុនផែនការ។ បើបណ្តែតបណ្តោយដល់ខែវស្សា យើងទៅអត់បានទេ ហើយពិបាកធ្វើដំណើរ។ សម្ភារក៏ពិបាកដឹកជញ្ជូន និងអគ្គិសនីប្រើប្រាស់ក៏ពិបាក»។


 សកម្មភាពអ្នកជំនាញជួសជុលប្រាសាទត្រពាំងផុ។ រូបភាពពី អាជ្ញាធរជាតិអប្សរា
ការខ្វះខាតឥដ្ឋ គឺជាបញ្ហាចម្បងមួយក្នុងដំណើរការជួសជុល ដោយសារពិបាកដឹកជញ្ជូន។ លោក សារាយ គឹមហួល អះអាងដូច្នេះ៖«ក្នុងខែវស្សា យើងពិបាកធ្វើការណាស់។ រឿងភ្លៀងផង ផ្លូវឆ្ងាយផង យើងត្រូវជិះម៉ូតូកាត់ព្រៃ កាត់វាលស្រៃ កាត់ប្រឡាយ។ បើខែប្រាំង យើងជិះតាមផ្លូវរទេះកាត់វាលស្រែ ហើយយើងអាចដឹកឥដ្ឋ និងសម្ភារទាក់ទងជាមួយគ្រឿងសំណង់ហ្នឹង ដោយឡាន ឬគោយន្ត»។
 
ឧបសគ្គក្នុងដំណើរការជួសជុលមានច្រើនបន្តិចមែន តែក្រុមអ្នកជំនាញ បានបញ្ចប់ដោយជោគជ័យ។ ក្រោយបញ្ចប់ការជួសជុលជាស្ថាពរ អ្នកជំនាញសង្ឃឹមថា ប្រាសាទតែមួយនៅទីទួលមួយនេះ នឹងទទួលបានការចាប់អារម្មណ៍ពីទេសចរច្រើនជាងមុន ពេលស្ថានភាពជំងឺកូវីដ-១៩ធូរស្បើយ។ ត្រង់ចំណុចនេះលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិ បានលើកឡើងថា អាជ្ញាធរជាតិអប្សរា នឹងសហការជាមួយពលរដ្ឋក្នុងតំបន់នោះ ដើម្បីធ្វើផ្លូវចូលទៅប្រាសាទវិញ។ កន្លងមក ដោយសារពលរដ្ឋ ដាំដំណាំ និងធ្វើចម្ការ ទើបធ្វើឱ្យបាត់ផ្លូវចូលប្រាសាទ។


 សកម្មភាពអ្នកជំនាញជួសជុលប្រាសាទត្រពាំងផុ។ រូបភាពពី អាជ្ញាធរជាតិអប្សរា

«យើងនឹងធ្វើការងារនេះ ដោយសហការជាមួយប្រជាពលរដ្ឋក្នុងតំបន់។ បងប្អូនមួយចំនួនដែលរស់នៅជិតប្រាសាទនេះ គាត់ដាំដំណាំ ធ្វើឲ្យបាត់បង់សោភ័ណភាពប្រាសាទ និងបាត់ផ្លូវចូលប្រាសាទផងដែរ។ យើងនឹងសហការជាមួយអាជ្ញាធរមូលដ្ឋាន រួមជាមួយប្រជាពលរដ្ឋក្នុងតំបន់ ធ្វើយ៉ាងណាឲ្យមានផ្លូវចូលដល់ប្រាសាទ»។  
 
ការរៀបចំរចនាសម្ព័ន្ធក្នុងតំបន់រលួស ជាគោលបំណងចម្បងរបស់អាជ្ញាធរជាតិអប្សរា ដើម្បីទាក់ទាញភ្ញៀវទេសចរ ចូលទស្សនាប្រាសាទក្នុងតំបន់នេះ។ អ្នកនាំពាក្យ​អាជ្ញាធរជាតិអប្សរារូបនេះ លោក ឡុង កុសល បានសង្កត់ធ្ងន់ថា៖ «ក្រៅពីចង់ឲ្យភ្ញៀវទេសចរគាត់ទៅទស្សនាប្រាសាទធំៗ យើងក៏ចង់ឲ្យភ្ញៀវជាតិ និងអន្តរជាតិ ទៅទស្សនាប្រាសាទតូចៗ ដែលកន្លងមកគិតថា វាមិនសូវមានសារសំខាន់ តែតាមពិតប្រាសាទទាំងអស់ មានគុណតម្លៃរបស់វារៀងៗខ្លួន»។
 
ដ្បិតថា ប្រាសាទត្រពាំងផុង ស្ថិតនៅលើទួលមួយតែឯងពិតមែន តែនៅតំបន់រលួសមានប្រាសាទបុរាណជាច្រើនដូចជា ប្រាសាទព្រះគោ ប្រាសាទបាគង ប្រាសាទលលៃ និងប្រាសាទជាច្រើនទៀត។ ភ្ញៀវទេសចរមួយចំនួន កម្របានចូលទស្សនាប្រាសាទនៅតំបន់នេះណាស់ ព្រោះគោលដៅរបស់ពួកគេ គឺទៅទស្សនាប្រាសាទអង្គរតូច និងប្រាសាទអង្គរធំជាដើម។
 
សូមជម្រាបថា ប្រាសាទត្រពាំងផុង ត្រូវបានសាងសង់ឡើង នៅពាក់កណ្តាលសតវត្សរ៍ទី៩ ដោយព្រះបាទជ័យវរ្ម័នទី៣។ ប្រាសាទទោលមួយនេះ មានទំហំខឿន ៧ម៉ែត្របួនជ្រុង កម្ពស់១៦ម៉ែត្រ ធ្វើអំពីឥដ្ឋ ស្ថិតនៅលើទួល។ គេធ្លាប់ជួសជុល និងធ្វើកំណាយស្រាវជ្រាវនៅប្រាសាទនេះ ​ម្តងកាលពីអំឡុង១៩៣៦ ដោយសាលាបារាំងចុងបូព៌ាប្រទេស៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com