ជាតិ
ខេត្តកែប នឹងក្លាយជាគោលដៅទេសចរណ៍ ដែលអាចប្រជែងប្រទេសជិតខាង
01, Oct 2021 , 6:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រៅពីគម្រោងអភិវឌ្ឍខេត្តកែប ឱ្យក្លាយជាទេសចរណ៍ប្រណីតកម្រិតខ្ពស់ របស់រដ្ឋាភិបាល បច្ចុប្បន្នក៏មានវិស័យឯកជនចូលខ្លួន ទៅបង្កើនផលិតផលទេសចរណ៍ផងដែរ។ ជាមួយនឹងគម្រោងទាំងនេះ អភិបាលខេត្តរំពឹងថា ខេត្តកែបនឹងមានលទ្ធភាពប្រជែងទេសចរណ៍ជាមួយប្រទេសជិតខាង។

 
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបញ្ជាក់ថា អាជ្ញាធរខេត្តកំពុងពិនិត្យមើលផលប៉ះពាល់ និងការដណ្ដើមកាន់កាប់ដីលើកោះទន្សាយ របស់ប្រជាជន៥គ្រួសារ។ បើតាមលោក សោម ពិសិដ្ឋ បន្ទាប់ពីអាជ្ញាធរដោះស្រាយរួចរាល់ រដ្ឋាភិបាលនឹងអាចចុះកិច្ចសន្យា ជាមួយក្រុមហ៊ុន ទ្រី ភាព សាងសងរីសត និងកន្លែងកម្សាន្ត លើផ្ទៃដី ១៤០ហិកតា ខណៈកោះទាំងមូលមានផ្ទៃដីប្រមាណ​ ១៨០ហិកតា។ លោក​ សោម ពិសិដ្ឋ ជឿជាក់ថាគម្រោងនេះ នឹងធ្វើឱ្យខេត្តកែបកាន់តែភាពទាក់ទាញ។
 
« គម្រោងនេះ បើសិនក្រុមហ៊ុន ធ្វើតាមអ្វីដែលគ្រោងចុះកិច្ចសន្យា ប្រាកដជាមានផលវិជ្ជមានច្រើន។ ទីមួយ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច​​​ និងនយោបាយដល់រដ្ឋាភិបាល។ ទីពីរ ធ្វើឱ្យមានការរីកចម្រើនដល់ ជីវភាពប្រជាជនមូលដ្ឋាន» ។ នេះជាការបញ្ជាក់របស់អភិបាលខេត្តកែប ដោយបន្តថា ផែនការមេអភិវឌ្ឍខេត្តកែប រយៈពេល១៥ឆ្នាំ ដែលផ្ដោតលើ កណ្ដាលទីរួមក្រុងខេត្ត តំបន់ភ្នំវល្ល៍ និងប្រជុំកោះ នឹងធ្វើឱ្យមានផលវិជ្ជមានកាន់តែខ្លាំង។ លោករំពឹងថា តាមរយៈគម្រោងទាំងនេះ នឹងអាចធ្វើឱ្យខេត្តកែបមានលទ្ធភាពប្រជែងទីផ្សារទេសចរណ៍ជាមួយប្រទេសជិតខាង។ 


លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប។ រូបភាព៖ ទំព័រហ្វេសប៊ុករដ្ឋបាលខេត្តកែប
 
កាលពីថ្ងៃទី ២៩កញ្ញា កន្លងទៅ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកែប បានបើកកិច្ចប្រជុំ ពីផែនការអភិវឌ្ឍទេសចរណ៍ខេត្តកែបរយៈពេល ១៥ឆ្នាំ និងការអភិវឌ្ឍខេត្តនៅតំបន់ឆ្នេរ។ បើតាមលោក សោម​ ពិសិដ្ឋ​ កិច្ចប្រជុំនេះ គឺដើម្បីជំរុញ និងស្ដារទេសចរណ៍ក្នុងវិបត្តកូវីដ-១៩។
 
លោកបន្តដូច្នេះថា៖ « យើងនឹងធ្វើឱ្យខេត្តកែបទៅជាគោលដៅឆ្នេរសមុទ្រ ប្រកបដោយសុវត្ថិភាព ប្រកួតជាមួយឆាកអន្តរជាតិ។ ទីពីរ ខេត្តកែបនឹងក្លាយជាតំបន់ទេសចរណ៍សុខភាព មានន័យថា ជាកន្លែងសម្រាកលម្ហែរបស់ទេសចរវ័យចំណាស់។ ទីបី ខេត្តកែប អាចក្លាយជាកន្លែងលម្ហែគ្រប់រដូវ។ ទី៤ យើងអភិវឌ្ឍ និងថែររក្សាធនធានធម្មជាតិ​ ហើយទី៥ យើងអភិវឌ្ឍដោយបែងចែកផលប្រយោជន៍សេដ្ឋកិច្ច ដែលជួយលើកស្ទួយជីវភាពប្រជាជន»។ 
 
សូមរម្លឹកផងដែរថា បច្ចុប្បន្នខេត្តកែបមានគម្រោងអភិវឌ្ឍធំៗចំនួនពីរ គឺផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តកែប រយៈពេល១៥ឆ្នាំ គឺឆ្នាំ២០២០ ដល់ ២០៣៥។ គម្រោងមួយទៀតជារបស់ក្រុមហ៊ុន ទ្រី ភាព ដែលមានទំហំទឹកប្រាក់ ១៣០លានដុល្លារអាម៉េរិក លើផ្ទៃដី ១៤០ហិកតា។
 
កែប ជាខេត្តតូចជាងគេក្នុងប្រទេសកម្ពុជា ប៉ុន្តែសម្បូរសក្តានុពលទេសចរណ៍ រាប់តាំងពី ភ្នំ សមុទ្រ ឆ្នេរ និងប្រជុំកោះជាដើម។ បន្ថែមពីនេះរដ្ឋាភិបាលកម្ពុជាក៏មានគម្រោងអភិវឌ្ឍខេត្តនេះឱ្យក្លាយជាទេសចរណ៍ប្រណីតកម្រិតខ្ពស់ ដើម្បីប្រជែងទីផ្សារទេសចរណ៍លើឆាកអន្តជាតិ ៕
 

Tag:
 កែប
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com