កីឡាអន្តរជាតិ
អន្តរជាតិ
Keller ម្ចាស់មេដាយមាសអូឡាំពិក ប្រឈមជាប់ទោស២០ឆ្នាំ ដោយសារចូលអុកឡុកសភាអាមេរិក
01, Oct 2021 , 8:59 pm        
រូបភាព
Klete Keller ម្ចាស់មេដាយមាសកីឡាហែលទឹកអូឡាំពិកអាមេរិក បានសារភាពទោសកំហុសជុំវិញការចូលរួម​អុកឡុកវិមាន​សភា​អាមេរិកកាលពីខែមករា។ Keller ស្ថិតក្នុងចំណោមអ្នកគាំទ្រ​លោក ដូ​ណា​ល់ ត្រាំក្នុងបាតុកម្មប្រឆាំងលោក ចូ បៃ​ឌិន ក្រោយជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក។


 
អត្តពលិកល្បីឈ្មោះ វ័យ៣៩ឆ្នាំរូបនេះ ប្រឈមមុខនឹងការជាប់ពន្ធនាគារដល់ទៅ២០ឆ្នាំ ប៉ុន្តែដោយសារ Keller បានសារភាពទោសកំហុសរបស់ខ្លួន និងការអង្វរករផង ការចោទប្រកាន់ដូចគ្នានេះត្រូវបានបន្ថយទោសមកត្រឹម៨ខែវិញ។
 
Keller ដែលធ្លាប់ឈ្នះមេដាយមាសអូឡាំពិកឆ្នាំ២០០៤នៅអាតែន ប៉េកាំងឆ្នាំ២០០៨ និងមេដាយប្រាក់នៅស៊ីដនីឆ្នាំ២០០០ លើវិញ្ញាសាហែលបណ្តាក់២០០ម៉ែត្រ បានសារភាពទោសកំហុសកាលនៅថ្ងៃទី៣០ ខែកញ្ញា ក្រោយមានការចោទប្រកាន់ឧក្រិដ្ឋកម្មទាក់ទងនឹងការចូលរួមរបស់ខ្លួន ក្នុងការអុកឡុកវិមានសភាអាមេរិកនៅថ្ងៃទី៦ ខែមករា។
 
យោងតាមការផ្សាយរបស់កាសែត CNN លោក Keller ត្រូវបានគេឃើញក្នុងហ្វូងបាតុករតាមរយៈការពិនិត្យខ្សែវីដេអូឡើងវិញ។
 
Keller ត្រូវបានចោទក្រោមបទចោទចំនួន៧ ក្រោយរកឃើញថារូបគេស្ថិតក្នុងចំណោមអ្នកគាំទ្រ​លោក ត្រាំ រាប់ពាន់នាក់ដែលបានទម្លុះ​រនាំង​ការពារក្នុងវិមានកាពីតូល រួច​ក៏បាន​ប៉ះទង្គិច​ជាមួយ​ក្រុមប៉ូលិស​ដែល​ការពារ​វិមាន​។ កាលនោះ ក្រុមបាតុករបាន​ចូលដល់​ក្នុង​អាគារ​សភា ដោយ​អុកឡុក​នៅតាម​បន្ទប់​នានា ហើយ​ប៉ុនប៉ង​សម្រុកចូល​សាលប្រជុំ​សភា​ទៀតផង​៕



Tag:
 Klete Keller
© រក្សាសិទ្ធិដោយ thmeythmey.com