ជាតិ
រោងចក្រ​ផលិត​បន្ទះសូឡានៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នឹងបង្កើត​ការងារថ្មី​ប្រមាណ​៥០០កន្លែង
02, Oct 2021 , 9:59 am        
រូបភាព
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងបង្កើតរោងចក្រ ផលិតបន្ទះសូឡាមួយ ដែលស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ ជាមួយគ្នានេះ CDC ក៏បានអនុម័ត គម្រោងបង្កើតរោងចក្រផលិតកាបូបក្នុងខេត្តកំពង់ស្ពឺផងដែរ។



បើតាម CDC នៅថ្ងៃទី៣០ ខែកញ្ញានេះ ក្រុមហ៊ុន SOLAR LONG PV-TECH (CAMBODIA) CO., LTD បានស្នើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា និងគ្រឿងបង្គុំ ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ រោងចក្រនេះ មានទុនវិនិយោគចំនួន ៣០លានដុល្លារអាម៉េរិក និងបង្កើតការងារបាន​ប្រមាណ ៥០០កន្លែង។ 
 
ជាមួយគ្នានេះ CDC ក៏បានអនុម័តសំណើសុំវិនិយោគ គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ របស់ក្រុមហ៊ុន XIN XINGLE LEATHER PRODUCTS CO., LTD។ គម្រោងនេះ មានទុនវិនិយោគប្រមាណ ៣,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៦១៨កន្លែង។ ក្រុមហ៊ុននេះ មានស្ថិតនៅភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ​។ 
 
គិតត្រឹមខែសីហា ឆ្នាំ២០២១ CDC បានអនុម័តចុះបញ្ជីគម្រោងវិនិយោគ ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម បានចំនួន ៣៧៦គម្រោង ដែលមានទំហំវិនិយោគសរុប ៩,៧ពាន់លានដុល្លារ។ បើតាមសេចក្តីប្រកាសព័ត៌មាន របស់CDC នាថ្ងៃទី២៩កញ្ញា៕ 
 
 
 
 
 

Tag:
 CDC
  បន្ទះសូឡា
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com