ជាតិ
រយៈពេល៩ខែ កម្ពុជានាំចេញអង្ករជាង៤០ម៉ឺនតោន ថយចុះ១៥ភាគរយ
02, Oct 2021 , 8:59 pm        
រូបភាព
ភ្នំពេញ៖ តាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រយៈពេល៩ខែ ឆ្នាំ២០២១ កម្ពុជាបាននាំចេញអង្ករទៅទីផ្សារអន្តរជាតិ ចំនួន៤១០ ៦៩៨តោន ថយចុះ១៥,៩៧ភាគ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។



ក្នុងរបាយការណ៍ដដែល បានបញ្ជាក់ថា រយៈពេល៩ខែមកនេះ កម្ពុជាបាននាំចេញអង្ករជាង៤១ម៉ឺនតោន ទៅទីផ្សារប្រទេសចិន សហភាពអឺរ៉ុបចំនួន២២ប្រទេស និងប្រទេសចំនួន៧ទៀតនៅអាស៊ាន។ ចំនួនសរុបនៃការនាំចេញនេះ បានថយចុះជាង៧ម៉ឺនតោន ស្មើនឹង១៥,៩៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។
 
ក្នុងនោះអង្ករជាង១០ម៉ឺនតោន បាននាំចេញទៅសហភាពអឺរ៉ុប ហើយទៅប្រទេសចិនជាង២០ម៉ឺនតោន ទិសដៅតំបន់អាស៊ាន នាំចេញទៅជាង៤ម៉ឺនតោន និងប្រទេសចំនួន២៣ទៀត បាននាំចេញទៅជាង៦ម៉ឺនតោន។ ចំពោះអង្ករដែលបាននាំចេញមាន អង្ករក្រអូបគ្រប់ប្រភេទនាំចេញជាង២៨ម៉ឺនតោន ស្មើនឹង៧០,៣៣ភាគរយ អង្ករសគ្រប់ប្រភេទនាំចេញជាង១១ម៉ឺនតោន ស្មើនឹង២៧,៨៧ភាគរយ និងអង្ករចំហុយនាំចេញជាង៧ពាន់តោន ស្មើនឹង១,៨០ភាគរយ។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្មដដែល។
 
ដោយឡែក ក្រុមហ៊ុនដែលបាននាំចេញអង្ករកម្ពុជាទៅបណ្ដាប្រទេសនានា មាន៥៩ក្រុមហ៊ុន ក្នុងនោះមានតែក្រុមហ៊ុន១០ប៉ុណ្ណោះ ដែលនាំចេញច្រើនជាងគេ ស្មើនឹង៧២,៩៤ភាគរយ នៃបរិមាណសរុប។ ចំណែកឯ ក្រុមហ៊ុនចំនួន៤៩ទៀត បាននាំចេញអង្ករទៅទីផ្សារអន្តរជាតិជាង១១ម៉ឺនតោនប៉ុណ្ណោះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com