ជាតិ
លោក ជា សារិទ្ធ៖ ២០ឆ្នាំ​ដ៏មានន័យ​ក្នុងការ​ងារកំណាយ​ស្រាវជ្រាវ និងអភិរក្ស​ប្រាង្គ​ប្រាសាទ
03, Oct 2021 , 7:59 am        
រូបភាព
ភ្នំពេញ៖  លោក ជា សារិទ្ធ ជាប្រធានគម្រោងជួសជុល និងថែទាំប្រាសាទទន្លេស្ងួត បណ្ណាល័យខាងត្បូង និងរានហាលខាងកើតប្រាសាទព្រះខ័ន និងខ្លោងទ្វារទី១ខាងជើងប្រាសាទបន្ទាយស្រី​។ ជិត២០ឆ្នាំហើយ ដែលបុរាណវិទូរូបនេះ បានរួមចំណែកជួសជុលប្រាសាទជាច្រើន នៅរមណីយដ្ឋានអង្គរ។ មានវ័យ ៤៩ឆ្នាំបុរាណវិទូ ជា សារិទ្ធ ​រៀបរាប់ប្រាប់សារព័ត៌មាន Thmeythmey25 ថា លោកមិននឿយណាយនឹងការងារអភិរក្សនេះឡើយ​។ ផ្ទុយទៅវិញ ​លោក និងគ្រួសារ មានមោទកភាពទៅវិញទេ ដែលបានថែរក្សាសម្បត្តិវប្បធម៌ដ៏ពិសិដ្ឋរបស់ដូនតា។ លោក សារិទ្ធ ក៏សង្ឃឹម និងជឿជាក់ថា ការងាររបស់លោក និងបុរាណវិទូដទៃទៀតកន្លងមក នឹងរក្សាវត្តមានប្រាសាទរបស់បុព្វបុរសឱ្យឈររាប់រយ​ទៀត​។

 
 
លោក សារិទ្ធ តស៊ូប្រឡងចូលសិក្សាផ្នែកបុរាណវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទ និងវិចិត្រសិ​ល្បៈ​​ចំនួនពីរលើក។ ឆ្នាំ១៩៩៤ លោក សារិទ្ធ បានប្រឡងធ្លាក់ផ្នែកបុរាណវិទ្យានេះ។ ​ការប្រឡងលើកទី១ បរាជ័យ តែលោកមិនបោះបង់ឡើយ។ មួយឆ្នាំក្រោយមក លោក សារិទ្ធ បានប្រឡងជាប់ដូចបំណងប្រាថ្នា។ ការរៀនត្រៀម បានធ្វើឲ្យ លោក សារិទ្ធ កាន់តែមានចំ​ណាប់អារម្មណ៍ លើផ្នែកបុរាណវិទ្យាជាងមុន។ លោក រម្លឹកដូច្នេះ៖«វាជួយឲ្យយើងបានសិក្សាស្វែងយល់ ពីអតីតកាលរបស់មនុស្សជាតិ និងសង្គមមនុស្សកាលពីអតីតកាល។ ក្រៅពីនេះ មនុស្សសម័យមុន ក៏បានបន្សល់ទុកស្លាកស្នាម ឧបករណ៍ប្រើប្រាស់នានា ដែលជាព័ត៌មាន ក៏ដូចជាទិន្នន័យ ឲ្យអ្នកស្រាវជា្រវដឹងអំពីប្រវត្តិសាស្ត្រ។ ព័ត៌មានមួយទៀត ដែលយើងអាចដឹងពីប្រវត្តិសាស្រ្ត គឺសិលាចារឹក និងឯកសានានា»។


 សកម្មភាពលោក ជា សារិទ្ធ ក្នុងដំណើរការជួសជុលប្រាសាទទន្លេស្ងួត
 
លោក ជា សារិទ្ធ បានបញ្ចប់ការសិក្សានៅឆ្នាំ២០០០ ក្រោយចំណាយពេល ៥ឆ្នាំ ក្នុងការសិក្សា។ លោក ជាសារិទ្ធ បានលើកឡើងថា ផ្នែកបុរាណវិទ្យាពឹងផ្អែកទាំងស្រុង ទៅលើការធ្វើកំណាយ និងការវិភាគទៅលើសំណល់វត្ថុប្រើប្រាស់ប្រចាំថ្ងៃ ដែលនាំឲ្យលោកដឹងពីប្រវិត្តិ​សាស្រ្ត ប្រពៃណី ទំនៀមទម្លាប់ ជីវភាពរស់នៅរបស់មនុស្ស។
 
ជំនាញបន្ទាប់ គឺ«ជាតិពន្ទុវិទ្យា»ដែលសិក្សាអំពីសង្គម មនុស្ស និងវប្បធម៌ និងការអភិវឌ្ឍសង្គម និងការផ្លាស់ប្តូរ។ មុខវិជ្ជាបន្ទាប់បន្សំមួយទៀតគឺ នរវិទ្យា ដែលសិក្សាអំពីបុគ្គលិកលក្ខណៈ ចរឹកលក្ខណៈ និងភាពខុសគ្នាដោយពឹងផ្អែកទៅលើការទំនាក់ទំនង រវាងមនុស្សនិងមនុស្ស។ បន្ទាប់ពីលោកបានបញ្ចប់ការសិក្សានៅឆ្នាំ២០០០ លោកក៏បានទទួលការបណ្តុះបណ្តាលពីវិទ្យាស្ថានណារ៉ា ស្តីពី ការសិក្សាស្រាវជ្រាវបុរាណវិទ្យានៅក្រុងណារ៉ា ប្រទេសជប៉ុន។ ការបណ្តុះបណ្តាលពីប្រទេសជប៉ុន បាននាំឱ្យលោកមានចំណេះដឹងបន្ថែម និងយកមកប្រើ ក្នុងនាមជាបុរាណវិទូម្នាក់ ដែលបម្រើការងារនៅអាជ្ញាធរជាតិអប្សរា នៅឆ្នាំ២០០២។


 
 
លោក សារិទ្ធ មានមោទកភាពដែលបានអភិរក្សកេរដ៏ពិសិដ្ឋរបស់ដូនតា
 
លោក ជា សារិទ្ធ បានធ្វើការងារជាបុរាណវិទូនៅអាជ្ញាធរជាតិអប្សរារយៈពេល ១៩ឆ្នាំមកហើយ។ បុរាណវិទូវ័យ ៤៩ឆ្នាំរូបនេះ មានស្នាដៃជួសជុលប្រាសាទជាច្រើនកន្លែង ក្នុងតំបន់អង្គរដូចជា គម្រោងអភិរក្សប្រាសាទបន្ទាយស្រី, ប្រាសាទទន្លេស្ងួត, បណ្ណាល័យខាងត្បូង និងរានហាលខាងកើតប្រាសាទព្រះខ័ន និងខ្លោងទ្វារទី១ ខាងជើងប្រាសាទបន្ទាយស្រី។


 
ជាអ្នកជួសជុល អភិរក្ស ប្រាសាទកេរដំណែលដូនតា លោក សារិទ្ធ មិននឿយណាយការងារនោះទេ។ ផ្ទុយទៅវិញ លោកមានមោទកភាព ដែលបានថែរក្សាសម្បត្តិវប្បធម៌ ដ៏ពិសិដ្ឋរបស់ដូនតា។ លោក សារិទ្ធ ​ថាការងារនេះមានតម្លៃ​ណាស់សម្រាប់លោក និងគ្រួសារ​។ លោក សារិទ្ធ រំពឹងថាការងាររបស់លោក និងបុរាណវិទូដទៃទៀត នឹងអាចថែរក្សាប្រា​សាទរបស់បុព្វបុរស ដែលបានល្បីឈ្មោះសុសសាយ ឆ្ងាយជាងអាណាចក្រខ្លួន។
 
លោក សារិទ្ធ ប្រាប់ថ្មីៗ២៥ដូច្នេះ ៖«ខ្ញុំមិនដែលនឹកស្មាននោះឡើយ ប៉ុន្តែនេះប្រហែលមកពីការព្យាយាមរបស់ខ្ញុំ រួមសហការជាមួយស្ថាប័នអន្តរជាតិ ក្នុងការសិក្សាស្វែងយល់។ អង្គរពីមុន មិនមានអ្នកថែទាំទេ។ បុរាណវិទូ អ្នកចេះដឹងផ្នែកស្ថាបត្យកម្ម ត្រូវបានគេសម្លាប់នៅរបប​ខ្មែរក្រហម។ រហូតដល់ឆ្នាំ១៩៩២ ប្រាសាទនៅក្នុងតំបន់អង្គរចូលជាសម្បត្តិបេតិ​កភ​ណ្ឌ​ពិភពលោក ទើបមានការចាប់អារម្មណ៍ច្រើន ពីសំណាក់ស្ថាប័នអន្តរជាតិ។ បុរាណវិទូជាច្រើន រួមទាំងខ្ញុំ ក៏មានឱកាសសិក្សាជំនាញនេះច្រើន»។


 
ទន្ទឹមនឹងមោទកភាពនៃការងារនេះ លោក សារិទ្ធ ទោម្នេញក្នុងចិត្តពីកង្វះធនធានផ្នែកបុរាណវិទ្យានេះនាថ្ងៃអនាគត។  លោក​ត្អូញត្អែរថា៖« បច្ចុប្បន្ន ការសិក្សាផ្នែកបុរាណវិទ្យានៅ​ស្រុកខ្មែរយើង និសិ្សតមានការថមថយច្រើន។ វាជាការព្រួយបារម្ភមួយ ព្រោះពួកគាត់ភាគច្រើនមានចំណាប់អារម្មណ៍ខ្លាំង ទៅលើផ្នែកសំណង់ទំនើប»។ 
 
ស្នាដៃការងារជាបុរាណវិទូនៃអាជ្ញាធរជាតិអប្សរារយៈពេលជិត២០ឆ្នាំ
 
លោក សារិទ្ធ បានទទួលបន្ទុកលើការធ្វើកំណាយស្រាវជ្រាវផ្នែកបុរាណវិទ្យា ក្នុងគម្រោងអភិរក្សប្រាសាទបន្ទាយស្រី។ គម្រោងនេះចាប់ផ្តើមពីឆ្នាំ២០០២ រហូតដល់ឆ្នាំ២០០៨ ក្រោមកិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរជាតិអប្សរា និងរដ្ឋាភិបាលស្វីស។
 
បន្ទាប់មក នៅឆ្នាំ២០០៦ លោកបានចូលរួមគម្រោងការធ្វើកំណាយសិក្សាស្រាវជ្រាវ អំពីការរៀបចំប្រព័ន្ធទឹកនៅអង្គរ ដែលជាកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងសកលវិទ្យាល័យស៊ីដនី នៃប្រទេសអូស្រា្តលី។ ​នៅឆ្នាំ២០០៩  លោកក៏ទទួលបានគម្រោងមួយទៀត គឺគម្រោងអភិរក្សនិងជួសជុលប្រាសាទភ្នំបាខែង ដែលជាការសហការគ្នារវាងអាជ្ញាធរ​ជាតិអប្សរា និងអង្គការមូលនិធិប្រាសាទពិភពលោក(WMF)​សហរដ្ឋអាម៉េរិក។ 
 
ចាប់ពីឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន បុរាណវិទូវ័យ៤៩ឆ្នាំរូបនេះ ជាភ្នាក់ងារអភិរក្សប្រាសាទ និងជាប្រធានគម្រោងជួសជុល និងថែទាំប្រាសាទទន្លេស្ងួត បណ្ណាល័យខាងត្បូង និងរាន​ហាលខាងកើតប្រាសាទព្រះខ័ន និងខ្លោងទ្វារទី១ ខាងជើងប្រាសាទបន្ទាយស្រី។ លោក ជា សារិទ្ធ បានរំលេចនូវស្នាដៃមួយដែលលោកស្រឡាញ់ និងពេញចិត្តជាងគេ គឺការជួសជុលប្រាសាទទន្លេស្ងួតឡើងវិញ។ លោក សារិទ្ធ និងក្រុមការងារ បានបានជួសជុលប្រា​សាទនេះ មានរូបរាងដូចដើមវិញ ទោះវាមិនមានលក្ខណៈពេញលេញទាំងស្រុង។ ប្រា​សា​ទ​ទន្លេ ស្ងួតជាមន្ទីរពេទ្យមួយ ក្នុងចំណោមមន្ទីរពេទ្យទាំង១០២ ដែលគេរកឃើញនៅតំបន់អង្គរ៕
 
 
 
 
 
 
 
 

Tag:
 ជា សារិទ្ធ
  បុរាណវិទូ
  បុរាណវិទ្យា
  ស្ថាបត្យកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com