ជាតិ
កសិករ ត្រូវចងក្រងគ្នា និងមានកិច្ចសន្យាជាមួយអាជីវករ ដើម្បីជំរុញវិស័យស្រូវអង្ករ
03, Oct 2021 , 8:59 am        
រូបភាព
ដោយ៖ សុង សុធាវី

ភ្នំពេញ៖ វិស័យស្រូវអង្ករ និងចំណីអាហារស្ងួត បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការហូបចុកប្រចាំថ្ងៃ ទាំងតម្រូវការនៅក្នុងស្រុក និងក្រៅប្រទេស។ ទោះបីមានតម្រូវការច្រើន ប៉ុន្តែកសិករជាច្រើនបានបោះបង់របរធ្វើស្រែចោល ដោយសារតម្លៃទាប មិនសមនឹងការចំណាយពេលវេលា ដើមទុន និងកម្លាំងពលកម្មជាដើម។  បើតាមលោកស្រី ឃី មុន្នី អគ្គនាយិកាក្រុមហ៊ុនអេមរុរ៉ាយស៍ខេមបូឌា ដើម្បីចូលរួមជំរុញ និងលើកកម្ពស់វិស័យស្រូវអង្ករនៅកម្ពុជាជូនកសិករ និងអាជីវករដែលប្រកបមុខរបរនេះ កត្តាសំខាន់គឺការចុះកិច្ចសន្យាកសិកម្មរវាងកសិករ ជាមួយសហព័ន្ធស្រូវអង្ករ និងការចងក្រងគ្នាឱ្យកាន់តែរឹងមាំ។
 
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាស រវាងកញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធី«គំនិតថ្មី»នៃសារព័ត៌មានថ្មីៗ  និងលោកស្រី ឃី  មុន្នី ដូចតទៅ៖
 
 
កម្ពុជា គឺជាប្រទេសដែលអំណោយផល ទៅលើវិស័យកសិកម្ម។ ជាង២០ឆ្នាំមុន ប្រជាពលរដ្ឋប្រហែល ៧០% ជាកសិករ ដែលមានដីស្រែ ឬចម្ការ សម្រាប់ប្រកបមុខរបរចិញ្ចឹមជីវិត ពីមួយជំនាន់ទៅមួយជំនាន់ទៀត។ ក្រៅពីផលិតបន្លែ ត្រី សាច់ កម្ពុជាក៏បានផលិតនូវស្រូវអង្ករដែលមានគុណភាព ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ផងដែរ។ ក្នុងនោះក្រុមហ៊ុន Amru Rice Cambodia គឺជាក្រុមហ៊ុនដ៏ធំមួយនៅក្នុងស្រុក ដែលបានចូលរួមលើកកម្ពស់ ជំរុញវិស័យកសិកម្ម ផ្នែកស្រូវអង្ករខ្មែរ និងចំណីអាហារស្ងួត ទៅកាន់ទីផ្សារអន្តរជាតិ។


 លោកស្រី អគ្គនាយិកាក្រុមហ៊ុន Aumru Rice Cambodia...
 
លោកស្រី  ឃី មុន្នី អគ្កនាយិកាក្រុមហ៊ុនខាងលើបានថ្លែងប្រាប់ វិធីគំនិតថ្មីនៃសារព័ត៌មានថ្មីៗថា៖ «ទៅថ្ងៃក្រោយវិស័យកសិកម្ម ផ្នែកស្រូវអង្ករនឹងប្តូរទៅទម្រង់ថ្មី របៀបថ្មី គឺកសិករត្រូវមានកិច្ចសន្យាកសិកម្ម ដើម្បីជាជំនួយដល់មុខរបរប្រចាំថ្ងៃរបស់ពួកគាត់ ពីកសិករជំនាញ ទៅកសិករអាជីព មានឯកសារក្នុងដៃ ដែលត្រូវយល់លម្អិតពី ការជ្រើសរើសពូជល្អ ធន់នឹងបម្រែបម្រួលអាកាសធាតុទំហំដី ការចុះមើលផ្ទាល់ របៀបប្រើប្រាស់ជី និងថ្នាំកម្ចាត់សត្វល្អិត ឱ្យត្រូវតាមស្តង់ដារបច្ចេកទេស»។
 
ជាមួយគ្នានេះ កសិករត្រូវចងគ្នាជាក្រុមដ៏រឹងមាំមួយ ដើម្បីធានានូវអត្ថប្រយោជន៍កសិផលរបស់ខ្លួន ខណៈអ្នកប្រមូលទិញ មិនអាចដើរទិញពីកសិករតាមផ្ទះនីមួយៗទៀតនោះទេ។ ក្នុងករណីដែលកសិករមិនចូលក្រុម គឺប្រឈមទៅនឹងការខាតបង់ប្រយោជន៍ជាច្រើន។ អគ្កនាយិការូបនេះ បន្តថា៖ «ទាំងកសិករ និងអាជីវករ ត្រូវតែស្វែងយល់ និងរកបាននូវទីផ្សារជាមុនសិន សឹមទៅផលិតស្រូវអង្ករ ព្រោះវាទាមទារពេលវេលាគួរសម»៕
 
 

Tag:
 កសិកម្ម
  ស្រូវ
  អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com