អន្តរជាតិ
ប្រទេសធំៗគ្មានព្រំដែនជាប់សមុទ្រលើពិភពលោកទាំង១០
26, Sep 2022 , 7:40 pm        
រូបភាព
នៅលើពិភពលោកប្រទេសភាគច្រើនសុទ្ធសឹងតែមានទឹកដីជាប់សមុទ្រដែលជាផ្លូវធ្វើពាណិជ្ជកម្មអន្តរជាតិដើម្បីអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេសឱ្យកាន់តែរីកចម្រើន។​ ប៉ុន្តែប្រទេស៤៣  មិនមានព្រំដែនជាប់សមុទ្រសោះឡើយ។



ខាងក្រោមនេះជាប្រទេសគ្មានព្រំដែនជាប់សមុទ្រ ​(Land-Locked Country) ធំជាងគេបំផុតលើពិភពលោកចំនួន ១០ ប្រទេសដោយផ្អែកលើទំហំផ្ទៃដី៖  
 
១. កាហ្សាក់ស្ថាន
ជាប្រទេសធំជាងគេនៅអាស៊ីកណ្តាល, ធំជាងគេទី៩លើពិភពលោក និងជាប្រទេសគ្មានព្រំដែនសមុទ្រទី១ ដែរ។ ប្រទេសនេះមានផ្ទៃដី២,៧២លានគីឡូម៉ែត្រការ៉េ និងមានចំនួនប្រជាជន ១៨,៧៧៦,៧៩៧ នាក់គិតត្រឹមឆ្នាំ២០២០។ ក្រោយពីដួលរលំសហភាពសូវៀត ប្រទេសនេះបានទទួលឯករាជ្យនៅឆ្នាំ១៩៩១ និងមានទីក្រុងនួរស៊ុលតង់ជារដ្ឋធានី។​

 វិមានប្រធានាធិបតីកាហ្សាក់ស្ថានក្នុងទីក្រុងនួរស៊ុលតង់។ រូបថត Xinhua

 ២. ម៉ុងហ្គោលី​
មានផ្ទៃដី ១,៥៦លានគីឡូម៉ែត្រការ៉េ និងមានប្រជាជនចំនួន ៣,២៧៨,២៩០ នាក់គិតត្រឹមឆ្នាំ២០២០។អ៊ូឡង់បាទ័រគឺជារដ្ឋធានីរបស់ម៉ុងហ្គោលី​។ ចាប់តាំងពីបដិវត្តន៍ក្នុងឆ្នាំ១៩៩០ ប្រទេសនេះបានប្រកាន់ភ្ជាប់ប្រជាធិបតេយ្យសភាពហុបក្សដែលប្រជាពលរដ្ឋបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងសភា។

 ទិដ្ឋភាពវាលស្មៅនៅម៉ុងហ្គោលី។ រូបថត Xinhua

៣.​ ឆាដ
ជាប្រទេសធំបំផុតក្នុងចំណោមប្រទេសគ្មានព្រំដែនចំនួន១៦ នៅទ្វីបអាហ្រ្វិក ជាមួយផ្ទៃដី ១,២៨លានគីឡូម៉ែត្រការ៉េ និងមានប្រជាជន ១៦,៤២៥,៨៦៤នាក់ ​នៅត្រឹមឆ្នាំ២០២០។ ប្រទេសនេះមានរដ្ឋធានីឈ្មោះយ៉ាមេណា។

 ទិដ្ឋភាពដងផ្លូវក្នុងរដ្ឋធានីយ៉ាមេណា។ រូបថត AFP 
៤. នីហ្សេ
ស្ថិតនៅជាប់ព្រំដែនខាងលិចនៃប្រទេសឆាដ។​ នីហ្សេ មានផ្ទៃដី ​១,២៦លានគីឡូម៉ែត្រការ៉េ និងមានប្រជាជនចំនួន ២៤,២០៦,៦៤៤ នាក់​គិតត្រឹមឆ្នាំ២០២០។ នីហ្សេមានទីក្រុងនីញ៉ាម៉េជារដ្ឋធានី ហើយជាទីក្រុងធំបំផុតជាងគេនៅតំបន់អាហ្រិ្វកខាងលិចផង។

រូបថត Xinhua 
៥. ម៉ាលី
មានទឹកដីស្ថិតនៅអាហ្វ្រិកខាងលិចដែរ ប្រទេសនេះ មានទំហំ១,២៤លានគីឡូម៉ែត្រការ៉េ និងមានប្រជាជនសរុបចំនួន ២០,២៥០,៨៣៣នាក់គិតត្រឹមឆ្នាំ២០២០។ បាម៉ាកូជារដ្ឋធានីរបស់ម៉ាលី។

ឡានកំពុងបើកបរតាមផ្លូវក្នុងទីក្រុងបាម៉ាកូ។ រូបថត Xinhua 
៦. អេត្យូពី
ជាប្រទេសដែលមានផ្ទៃដី និងចំនួនប្រជាជនច្រើនជាងគេបំផុតនៅអាហ្រ្វិកខាងកើត​ដោយមានផ្ទៃដីចំនួន ១,១០លានគីឡូម៉ែត្រការ៉េ និងមានប្រជាជនសរុប ១១៤,៩៦៣,៥៨៨នាក់។ ទីក្រុងអាឌីសអាបេបា ជារដ្ឋធានី។ក្រោយពីទាមទារឯករាជ្យក្នុងឆ្នាំ១៩៩៣ ដោយអេរីត្រេ ដែលនៅជាប់សមុទ្រក្រហម អេត្យូពី ក៏ក្លាយជាប្រទេសគ្មានព្រំដែនជាប់សមុទ្រ។ 

 សួនសាធារណៈក្នុងរដ្ឋធានីអាឌីសអាបេបា។ រូបថត Xinhua
 
៧. បូលីវី
ស្ថិតនៅអាម៉េរិកខាងត្បួងដែលមានផ្ទៃដី ១,០៩លានគីឡូម៉ែត្រការ៉េ មានប្រជាជន១១,៦៧៣,០២១នាក់គិតត្រឹមឆ្នាំ២០២០។បូលីវី​ មានឡាប៉ាសជារដ្ឋធានី។

ផ្សារមួយកន្លែងក្នុងរដ្ឋធានីឡាប៉ាស។ រូបថត Xinhua 
៨. សំប៊ី
ស្ថិតក្នុងអាហ្រ្វិកខាងកើត និងមានទំហំផ្ទៃដីត្រឹមតែ​​ ៧៥២,៦១៨គីឡូម៉ែត្រការ៉េ ឯប្រជាជនមាន១៨,៣៨៣,៩៥៥នាក់ គិតត្រឹមឆ្នាំ២០២០។ ប្រទេសនេះលូសាកា ជារដ្ឋធានី។សាធារណរដ្ឋសំប៊ីត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦៤ ក្រោយពីការដួលរលំសហព័ន្ធ Rhodesia ​និង Nyasaland ។ 

ស្ថានីយ៍រថភ្លើងមួយកន្លែងនៅសំប៊ី។ រូបថត Xinhua 
៩. អាហ្វហ្គានីស្ថាន
ស្ថិតនៅអាស៊ីប៉ែកខាងត្បូងជាមួយផ្ទៃដី ៦៥២,៨៦០ គីឡូម៉ែត្រការ៉េ។គិតត្រឹមឆ្នាំ២០២០ ប្រជាជនសរុបក្នុងប្រទេសមាន​ចំនួន ៣៨,៩២៨,៣៤៦នាក់ ដោយមានក្រុងកាប៊ុលជារដ្ឋធានី។បច្ចុប្បន្នប្រទេសនេះកំពុងស្ថិតគ្រប់គ្រងជាថ្មីរបស់ក្រុមតាលីបង់។

 ទិដ្ឋភាពទីក្រុងកាប៊ុល។ រូបថត Xinhua 
 ១០. អាហ្រ្វិកកណ្តាល
សាធារណរដ្ឋអាហ្រ្វិកកណ្តាលមានផ្ទៃដី​ ៦២២,៩៨៤ គីឡូម៉ែត្រការ៉េ និងមានប្រជាជន ៤,៨២៩,៧៦៧នាក់គិតត្រឹមឆ្នាំ២០២០ដោយមាន បង់ហ្គី​ ជារដ្ឋធានី៕


 ទីក្រុងបង់ហ្គីមើលពីលើអាកាស។ រូបថត Wiki Commons

© រក្សាសិទ្ធិដោយ thmeythmey.com