កីឡាអន្តរជាតិ
អន្តរជាតិ
Townsend អបអរគ្រាប់បាល់បញ្ចូលទីដូច Ronaldo មិនមែនដើម្បីជាការត្រាប់ តែជាការគោរព
03, Oct 2021 , 11:00 am        
រូបភាព
ដោយ: រួបរួម
ជំនួបនៅលើទឹកដី Old Trafford ក្រុមអ្នកគាំទ្រ Manchester United នៅតែបានមើលឃើញការអបអរគ្រាប់បាល់បញ្ចូលទី «Siu» ប៉ុន្តែមិនមែនជាសកម្មភាពរបស់ Cristiano Ronaldo ដែលជាកីឡាករសំណព្វរបស់ខ្លួនឡើយ វាជាកាយវិការរបស់ Andros Townsend របស់ Everton ដែលបានស៊ុតបាល់បញ្ចូលទីតាមស្មើ ១-១។

 
«វាជាសញ្ញានៃការគោរពចំពោះបុគ្គលដែលមានឥទ្ធិពលលើអាជីពរបស់ខ្ញុំ»។ ខ្សែបម្រើ Everton បានអះអាងយ៉ាងដូច្នេះ ក្រោយរកគ្រាប់បាល់បញ្ចូលទី ដើម្បីចែករំលែក១ពិន្ទុជាមួយម្ចាស់ផ្ទះ Manchester United នៅទឹកដី Old Trafford។
 
កីឡាករអង់គ្លេសវ័យ៣០ឆ្នាំរូបនេះ បានអះអាងថា គេបានចំណាយពេលជាច្រើនម៉ោងលើការហ្វឹកហាត់ ដោយមើលវីដេអូពីសកម្មភាពរបស់ Ronaldo ដោយវិភាគលើការទាត់បាល់ពិន័យពីចម្ងាយ រួមទាំងកាយវិការផ្សេងៗដែលគេឧទ្ទិសដល់បាល់ទាត់។
 
«ដូច្នេះវាមិនមែនជាការធ្វើត្រាប់តាមឡើយ តែវាជាការគោរពចំពោះនិមិត្តរូបម្នាក់របស់ខ្ញុំ។ ខ្ញុំប្រហែលជាធ្វើមិនបានដូចឥតខ្ចោះនោះឡើយ»។ នេះជាការបញ្ជាក់បន្ថែមរបស់ Townsend។
ក្នុងការប្រកួត Ronaldo បានចូលលេងជំនួស Edinson Cavani នៅនាទី៥៧ ប៉ុន្តែមិនមានឱកាសរកគ្រាប់បាល់ដើម្បីជ័យជម្នះនោះឡើយ។ Anthony Martial រកបានគ្រាប់បើកឆាកសម្រាប់ម្ចាស់ផ្ទះនៅនាទី៤៣ ហើយ Townsend តាមស្មើវិញនៅនាទី៦៥។
 
ក្រោយបង្ហាញវត្តមានសារជាថ្មីនៅបិសាចក្រហម Ronaldo បានប្រើក្បាច់ Siu អបអរគ្រាប់បាល់បញ្ចូលទី៥លើកហើយ ដោយចុងក្រោយបំផុតគឺការស៊ុតបាល់បញ្ចូលទីនៅនាទី៩៥នាំជ័យជម្នះលើ Villarreal ក្នុងក្របខណ្ឌ Champions League។
 
«Siu» បានក្លាយជានិមិត្តសញ្ញានៃការអបអរគ្រាប់បាល់បញ្ចូលទីរបស់ Ronaldo ដែលវាជាកាយវិការរត់ ហើយលោតបែរក្រោយ និងត្រដាងដៃទាំងពីរទៅក្រោយ។ យោងតាម Goal ក្បាច់ Siu នេះ ក្លាយចេញពីភាសាអេស្ប៉ាញ «Si» (Siiiiii) ដែលមានន័យថា Yes។
 
រីឯជំនួបគូផ្សេងទៀតក្នុងក្របខណ្ឌ Premier League ខ្សែបម្រើកូរ៉េខាងត្បូង Hwang Hee-chan រកបាន២គ្រាប់ក្នុងជ័យជម្នះ ២-១ របស់ Wolverhampton លើ Newcastle។ Chelsea ឡើងឈរលើកំពូលតារាងបណ្តោះអាសន្ន ក្រោយឈ្នះ Southampton ៣-១។ Leeds ឈ្នះ Watford ១-០ ខណៈជំនួបរវាង Burnley-Norwich និង Brighton-Arsenal គ្មានគ្រាប់បាល់បញ្ចូលទី។
 
សម្រាប់ជំនួបនៅយប់នេះ Crisytal Palace ស្វាគមន៍ Leicester, Tottenham Hotspur ទទួល Aston Villa, Brentford ទៅទឹកដី West Ham មុនពេលជំនួបរវាង Liverpool និង Manchester City នៅទឹកដី Anfield៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com