ជាតិ
ទឹកជំនន់ស្រក៖ អាជ្ញាធរបន្ទាយមានជ័យ ឱ្យរថយន្តធុនធំ​បើកលើ​កំណាត់ផ្លូវ​​លេខ ២៦៨A ឡើង​វិញ
04, Oct 2021 , 11:29 am        
រូបភាព
រូបភាពទឹកហូរកាត់កំណាត់ផ្លូវខេត្ត ២៦៨អា ភូមិសាស្ត្រព្រៃមាន់ ដល់អាងត្រពាំងថ្ម។ រូបភាពពីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បន្ទាយមានជ័យ
រូបភាពទឹកហូរកាត់កំណាត់ផ្លូវខេត្ត ២៦៨អា ភូមិសាស្ត្រព្រៃមាន់ ដល់អាងត្រពាំងថ្ម។ រូបភាពពីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បន្ទាយមានជ័យ
ភ្នំពេញ៖​ មន្ទីរសាធារណការ និង​ដឹក​ជញ្ជូនខេត្ត​បន្ទាយមានជ័យ សម្រេច​បើក​ឱ្យ​ចរាចរណ៍​យានយន្ត​ដឹក​ជញ្ជូន​ធុន​ធំ​ប្រភេទ​ ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​កំណាត់​ផ្លូវ​ខេត្ត​លេខ ២៦៨អា ចំណុចព្រៃមាន់ ដល់​អាង​ត្រពាំងថ្ម ស្រុក​ភ្នំ​ស្រុក​។ បើតាម​មន្ទីរសាធារណការ ការបើក​ឱ្យ​ចរាចរណ៍​ឡើងវិញនៅ​ព្រឹក​ថ្ងៃទី​៤ តុលានេះ បន្ទាប់ពី​ស្ថានភាព​ជំនន់ទឹក​ភ្លៀង​ក្នុង​ភូមិសាស្រ្តខាងលើ មាន​ការ​ស្រក​ចុះ។

 
កាល​ពី​ថ្ងៃទី​២៦ កញ្ញា មន្ទីរសាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​បន្ទាយមានជ័យ បានផ្អាក​ចរាចរណ៍​បណ្ដោះ​អាសន្ន​លើ​យាន​យន្ត​ដឹក​ជញ្ជូន​ធុន​ធំ​ ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​កំណាត់​ផ្លូវ​២៦៨អា ចំណុចព្រៃមាន់ ដល់អាងត្រពាំងថ្ម ស្រុក​ភ្នំស្រុក ដោយសារ​ទឹក​ជំនន់ហូរកាត់​ផ្លូវ​។ 
 
ក្រោយ​ស្ថាន​ភាព​ជំនន់ទឹក​ភ្លៀងស្រកចុះ​ និង​ទឹក​​ឈប់​ហូរ​កាត់​ផ្លូវ​ខេត្ត​ខាង​លើ មន្ទីរសាធារណការ សម្រេចបើក​ឱ្យ​ធ្វើចរាចរណ៍​ឡើងវិញ។បើតាម​មន្ទីរសាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​បន្ទាយមានជ័យ ​អ្នក​ធ្វើ​ដំណើរដែលឆ្លងកាត់​កំណាត់ផ្លូវខាងលើ​ត្រូវ​​ប្រុង​ប្រយ័ត្នខ្ពស់​ ជាពិសេស​ការ​ដឹក​ជញ្ជូនគ្រប់ប្រភេទ​​ ត្រូវ​ស្រប​ទៅ​តាម​ទម្ងន់​ដែល​កម្រិត​ដោយ​ច្បាប់។ 
 
សូម​បញ្ជាក់ថា ជំនន់ទឹក​ភ្លៀង​ ដែល​កើត​ឡើង​នៅ​ខេត្ត​បន្ទាយមានជ័យ បាន​​ប៉ះពាល់​ដល់ពលរដ្ឋចំនួន ១៩,៦២៥គ្រួសារ ក្នុង​​ក្រុង-ស្រុក​ចំនួន ៩ និង​មាន​ទឹក​ហូរកាត់ផ្លូវ​ចំនួន ២២៧,៣៣៤ម៉ែត្រ។ នេះ​បើតាម​របាយការណ៍​សរុបផលប៉ះពាល់​ និងខូតខាតដោយគ្រោះ​ជំនន់ទឹក​ភ្លៀង គិតត្រឹម​ថ្ងៃទី​៣០ កញ្ញា។ 
 

Tag:
 ទឹក​ជំនន់
  ផ្លូវ
© រក្សាសិទ្ធិដោយ thmeythmey.com