ជាតិ
នរវិទូ អាំង ជូលាន៖«បុណ្យភ្ជុំបិណ្ឌ សំដៅដល់ការចាប់ជាតិ»
25, Sep 2022 , 3:19 pm        
រូបភាព
ភ្នំពេញ៖ បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រារព្ធឡើងសំដៅដល់ការចាប់ជាតិរបស់ពពួកខ្មោច ឬប្រេតអនាថា ដែលគ្មានញាតិមិត្តធ្វើបុណ្យបញ្ជូនទៅឱ្យ ឬខ្មោចដែលនៅពេលស្លាប់ពុំបានធ្វើបុណ្យតាមប្រពៃណីត្រឹមត្រូវ។ ប្រេតគ្មានបុណ្យដែលពុំអាចទៅចាប់ជាតិបាន នៅពេលមានអ្នកបោះបាយបិណ្ឌទៅឱ្យ នោះពួកគេនឹងអាចចាប់កំណើតថ្មីបាន។ នេះជាការលើកឡើងរបស់ លោកសាស្រ្តាចារ្យ អាំង ជូលាន ដែលបានផ្ដល់បទសម្ភាស ដល់បណ្ដាញយូធូប Dominique Tardy។


កាលពីពេលកន្លងទៅ នរវិទូ អាំង ជូលាន បានផ្ដល់បទសម្ភាសដល់បណ្ដាញយូធូប Dominique Tardy ស្ដីពីពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ លោកថាពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ សំដៅធំបំផុតលើរឿងចាប់ជាតិ ពិសេសគឺការបោះបាយបិណ្ឌ ដើម្បីជួយដល់អ្នកស្លាប់ ឬប្រេតអនាថា។ 
 
លោក អាំង ជូលាន បានយោងតាមសិលាចារិក១ ក្នុងជំនាន់ព្រះបាទយសោវរ្ម័ន គឺនៅចុងស.វទី៩ និងដើមស.វទី១០។ សិលាចារិក ដែលបានឃើញនៅជិតបារាយណ៍ខាងកើតនោះ បានបរិយាយអំពីការយកបាយបិណ្ឌ ទៅបោះនៅជិតមាត់បារាយណ៍ ដើម្បីឧទ្ទិសឱ្យប្រេតទាំងអម្បាលម៉ាន ដែលមិនអាចទៅចាប់ជាតិ ដោយសារមិនមានខ្លួន។
 
នរវិទូ អាំង ជូលាន បញ្ជាក់ថា ដើមហេតុដែលនាំឱ្យប្រេតទាំងឡាយនោះ មិនអាចទៅចាប់កំណើតថ្មីបាន ព្រោះកាលដែលពួកគេស្លាប់ទៅ មិនបានធ្វើកិច្ច ឬធ្វើបុណ្យសព ដោយមានអាចារ្យត្រឹមត្រូវ។ ឬពេលដែលពួកគេស្លាប់ទៅនោះ បានធ្វើបុណ្យដែរ ប៉ុន្តែធ្វើមិនបានត្រឹមត្រូវតាមក្បួនខ្នាត។ មួយវិញទៀត សពខ្លះមិនបានធ្វើបុណ្យតែម្ដង ព្រោះពួកគេជាក្មេងកំព្រា មិនមានអ្នកណាយកចិត្តទុកដាក់ ឬជាមនុស្សចាស់ដែលត្រូវកូនៗបោះបង់ចោល។ អ្នកស្លាប់ក្នុងសមរភូមិ ដែលមិនមានអ្នកណាអាចយកសពមកធ្វើបុណ្យបាន ក៏ក្លាយជាព្រលឹងតែលតោលដែរ។ 
 
ដូច្នោះហើយទើបបានជាគេធ្វើពិធីបោះបាយបិណ្ឌ ដើម្បីឧទ្ទិសបុណ្យកុសលឱ្យពពួកខ្មោចឬប្រេតទាំងនោះ។ លោក អាំង ជូនលាន អះអាងថាមូលហេតុខាងលើ គឺជាការរៀបរាប់របស់សិលាចារិក។ ទោះជាយ៉ាងណា នរវិទូរូបនេះ ថាសិលាចារិកខាងលើ មិនទាន់បានបង្ហាញរូបរាងជាភ្ជុំបិណ្ឌនៅឡើយទេ ប៉ុន្តែនេះអាចជាគំនិតមូលដ្ឋានដែរ។ 
 
នរវិទូ អាំង ជូលាន ពន្យល់អំពីការបោះបាយបិណ្ឌនៅវេលាទៀបភ្លឺថា អ្នកនៅរស់ជាប់ភាពភ្លឺ រីឯអ្នកស្លាប់ជាប់ភាពងងឹត ដូច្នេះការបោះបាយបិណ្ឌ ត្រូវតែបោះពេលយប់ តែមិនមែនយប់អាធ្រាត្រនោះទេ គឺយប់ក្បែរភ្លឺ ព្រោះអ្នកនោះត្រូវទៅចាប់ជាតិថ្មី។
 
លោក អាំង ជូលាន ពន្យល់បន្ថែម៖«ពន្លឺគឺជាជីវិត អ្វីដែលងងឹតគឺខ្មោច។ ដូច្នេះនៅពេលប្រេតឬខ្មោចបានបាយបិណ្ឌបរិភោគហើយ នឹងបានទៅចាប់ជាតិ។ ការកំណត់ថ្ងៃកាន់បិណ្ឌនិងភ្ជុំបិណ្ឌក្នុងខែភទ្របទ គឺមកពីយើងទទួលឥទ្ធិពលពីឥណ្ឌាខាងត្បូង ដែលគេធ្វើបែបហ្នឹង ហើយចំខែរនោច»។
 
នរវិទូ អាំង ជូលាន ថាការកាន់បិណ្ឌ និងភ្ជុំបិណ្ឌ មិនមែនជាការបង្កើតរបស់ខ្មែរសុទ្ធទេ ដោយមូលដ្ឋានរបស់បុណ្យនេះ ចេញពីព្រហ្មមញ្ញសាសនា នៅប្រទេសឥណ្ឌា។ ប៉ុន្តែខ្មែរបង្កើតបន្ត ដោយពង្រីកបុណ្យនេះឱ្យធំជាងមុន ដោយបែងចែកជា២ផ្នែក គឺថ្ងៃកាន់បិណ្ឌ១៤ថ្ងៃ និងថ្ងៃភ្ជុំបិណ្ឌ១ថ្ងៃ។
 
លោក អាំង ជូលាន ពន្យល់បន្ថែម៖«នៅឥណ្ឌាគេធ្វើតែ១ថ្ងៃទេ ដោយធ្វើក្នុងកម្រិតគ្រួសារ គឺច្រើនតែកូនប្រុសច្បង ធ្វើដើម្បីបញ្ជូនទៅដល់ដូនតានៅលើខ្លួន៣ជំនាន់។ ប៉ុន្តែខ្មែរយើងធ្វើ១៤ថ្ងៃគិតតែយប់ដែលបោះបាយបិណ្ឌប៉ុណ្ណោះ ហើយថែមថ្ងៃភ្ជុំបិណ្ឌ១ថ្ងៃទៀត គម្រប់១៥ថ្ងៃ ដោយគេទៅធ្វើនៅវត្ត ព្រោះជារបស់សហគមទាំងមូល។ គេធ្វើមិនសំដៅតែជនជាតិខ្មែរឡើយ គឺគេឧទ្ទិសដល់គ្រប់មនុស្សទាំងអស់ ដែលបានស្លាប់ដោយអនាថាដោយមិនរើសមុខ។
 
ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលកាន់ព្រះពុទ្ធសាសនាដូចគ្នា ទំហំនៃបុណ្យនេះ មិនមានអ្នកណាប្រៀបនឹងខ្មែរបានឡើយ។ បើតាមសិលាចារិក១មានចារនៅអង្គរវត្ត គឺនៅស.វទី១៦ យើងមានភស្តុតាងថា គេធ្វើ១៥ថ្ងៃដូចសព្វថ្ងៃដែរ ប៉ុន្តែយើងមិនអាចដឹងលម្អិតថាធ្វើពិធីដូចគ្នាឬយ៉ាងណាទេ»។ 
 
ថ្វីដ្បិតតែលោក អាំង ជូលាន ពុំបានដឹងពីមូលហេតុច្បាស់ នៃការប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ មានរហូតដល់១៥ថ្ងៃ ក៏ដោយចុះ តែលោកអាចពន្យល់ថា រឿងកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជារឿងធំ ដោយមិនមែនគ្រាន់តែជារឿងបុគ្គល។ មានន័យថា ប្រសិនបើបរិស័ទរវល់នៅថ្ងៃណាមួយ នោះនៅមានច្រើនថ្ងៃទៀត ដើម្បីទៅធ្វើបុណ្យ ឬទៅបោះបាយបិណ្ឌ នៅវត្តណាក៏បាន។  
ចំពោះជំនឿដែលជឿថាត្រូវតែទៅធ្វើបុណ្យឱ្យបាន៧វត្ត លោក អាំង ជូលាន ពន្យល់ថា នេះជាអ្វីដែលខ្មែរនិយមនិយាយ ដោយចង់បញ្ជាក់ថា ក្រែងលោជីដូនជីតាក្នុងជំនាន់ណាមួយនៅវិលវល់ មិនទាន់ទៅចាប់កំណើត ហើយបានមករកកូនចៅ។ បើទៅរកវត្ត១មិនឃើញ ទៅរកវត្តមួយទៀត ដោយដើររករហូតដល់៧វត្ត បើនៅតែមិនឃើញគាត់នឹងដាក់បណ្ដាសារ។
 
«គេថាបុណ្យភ្ជុំបិណ្ឌជាប់ពាក់ព័ន្ធនឹងព្រះពុទ្ធសាសនា ក៏មិនខុសដែរព្រោះការធ្វើពិធីផ្សេងៗ គឺធ្វើនៅក្នុងវត្ត ព្រោះនៅក្នុងក្របខ័ណ្ឌពុទ្ធសាសនាក្នុងសម័យនេះ ហើយប្រហែលក្នុងក្របខណ្ឌពុទ្ធសាសនាច្រើនស.វមកហើយដែរ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក អាំង ជូលាន។
 
នៅក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌរបស់ខ្មែរ ក៏មានការរៀបចំរានយោមរាជផងដែរ ដោយគេដាក់នៅទិសឦសាន។ ក្នុងអរិយធម៌ខ្មែរ ទិសឦសានជាទិសចាប់ជាតិ។ លោកនរវិទូ អាំង ជូលាន ថារានយោមរាជនៅទិសឦសាន ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ សំដៅដល់ការធ្វើអំពើល្អ ដើម្បីឱ្យយោមរាជនាំយកព្រលឹងតែលតោល ដែលគ្មានលទ្ធភាពទៅចាប់ជាតិទាំងនោះ ឱ្យបានទៅចាប់ជាតិកន្លែងល្អ។ លោកថា យោមរាជក្នុងទីនេះ គេមិនសូវគិតលើការដាក់ទោសទាន់ឡើយ។
 
លោក អាំង ជូលាន បញ្ជាក់៖«តាមសិលាចារិក ខ្មែរស្គាល់យោមរាជតាំងពីស.វទី៧។ ក្នុងមួយឆ្នាំយោមរាជលោកបើកឱកាសឱ្យប្រេតចេញមក១៤យប់ ដើម្បីមកទទួលបាយបិណ្ឌពីយើងអ្នករស់ ដើម្បីឱ្យគ្នាអាចចាប់ជាតិបាន»៕
 
 
 

Tag:
 ភ្ជុំបិណ្ឌ
  ប្រពៃណី
  សាសនា
  ពិធី
© រក្សាសិទ្ធិដោយ thmeythmey.com