កីឡាអន្តរជាតិ
អន្តរជាតិ
លីគបាល់ទាត់កំពូលអាមេរិក ព្យួរកីឡាករម្នាក់ដែលលេងភ្នាល់នៅ MLS
09, Oct 2021 , 12:29 pm        
រូបភាព
Felipe Hernandez​ ខ្សែបម្រើក្រុម Sporting Kansas City នៃក្របខណ្ឌ Major League Soccer ត្រូវព្យួរសម្រាប់ការប្រកួតសេសសល់រដូវកាលនេះ ពីបទប្រព្រឹត្តិល្បែងស៊ីសង រួមទាំងភ្នាល់ក្នុងការប្រកួតនៅលីគបាល់ទាត់កំពូលអាមេរិក។ MLS ប្រកាសដូច្នេះនៅថ្ងៃទី៨ ខែតុលា។


ការឈានដល់មានការពិន័យនេះ បន្ទាប់ពី MLS បានបើកការស៊ើបអង្កេតមួយនៅថ្ងៃទី៥ ខែកក្កដា ក្រោយ Hernandez ប្រាប់ក្លិប Sporting Kansas City ថារូបគេបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ដោយសារតែបំណុលល្បែងស៊ីសង។
 
ការស៊ើបអង្កេតឯករាជ្យធ្វើឡើងដោយក្រុមច្បាប់ Paul, Weiss, Rifkind, Wharton & Garrison LLP ហើយរកឃើញថាខ្សែបម្រើអន្តរជាតិកូឡំប៊ីរូបនេះ បានដាក់ភ្នាល់តាមអ៊ីនធឺណែតលើការប្រកួតក្នុងក្របខណ្ឌ MLS ចំនួនពីរ។
 
យ៉ាងណាក៏ដោយ ការភ្នាល់ទាំងពីរលើក មិនមានពាក់ព័ន្ធក្នុងការប្រកួតរបស់ Sporting Kansas City ដែលជាក្រុមរបស់ Hernandez ប្រកបអាជីពសព្វថ្ងៃនោះទេ។
ដោយសារ Hernandez បានចូលរួមភ្នាល់ល្បែងបាល់ខុសនឹងច្បាប់កីឡា រូបគេត្រូវទទួលការពិន័យមិនឱ្យចូលរួមប្រកួតជាមួយក្រុម Sporting Kansas សម្រាប់ជំនួបដែលនៅសេសសល់រដូវកាល ២០២១-២២នេះ។
 
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ការដាក់ពិន័យរបស់ MLS លើ Hernandez ជាប្រភេទទោសស្រាលប៉ុណ្ណោះ ដ្បិតមិនមានភស្តុតាងអ្វីបញ្ជាក់ថាសកម្មភាពភ្នាល់គេប៉ះពាល់អ្វីលើលទ្ធផលប្រកួតឡើយ។
 
ជុំវិញករណីនេះក្លិប Sporting Kansas City មិនមានការលើកឡើងអ្វីនោះទេ ស្របពេល MLS អះអាងថាក្លិបក្នុងក្របខណ្ឌអាមេរិកមួយនេះបានសហការយ៉ាងល្អជុំវិញការស៊ើបអង្កេតលើកីឡាកររបស់ខ្លួន រហូតរកឃើញការពិត៕
 

Tag:
 Felipe Hernandez
  MLS
© រក្សាសិទ្ធិដោយ thmeythmey.com