កីឡាអន្តរជាតិ
អន្តរជាតិ
តុលាការច្រានចោលសំណុំរឿង Ronaldo រំលោភនារីម្នាក់នៅ Las Vegas
09, Oct 2021 , 4:59 pm        
រូបភាព
តុលាការអាម៉េរិក បានសម្រេចច្រានចោលសំណុំរឿងរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ដែលត្រូវបាននារីម្នាក់ប្តឹងពីបទរំលោភសេពសន្ថវៈ នៅឡាសវ៉េហ្គាស រដ្ឋណេវ៉ាដា កាលពីឆ្នាំ ២០០៩។ នារីម្នាក់នោះ ចោទ Ronaldo ថា បានរំលោភនាង នៅក្នុងសណ្ឋាគារមួយកន្លែង។


ក្នុងឆ្នាំ ២០១០ នារីដែលជាជនរងគ្រោះ ក៏បានដាក់ពាក្យបណ្តឹងទាមទារសំណង់ជាង ៤សែនដុល្លារ ទៅកាន់តុលាការលើរឿងនេះ។ កាលពីឆ្នាំ២០១៩ ព្រះរាជអាជ្ញាក៏បានបដិសេធមិននាំយកសំណុំរឿងរបស់ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំរូបនេះ មកកាត់ក្តីឡើយ ដោយសារតែរកមិនឃើញលើការសង្ស័យដ៏សមហេតុផលណាមួយទាក់ទងរឿងនេះ។ ដោយសារគ្មានភស្តុតាងសមហេតុផលនេះ ទើបតុលាការ ច្រានចោលសំណុំរឿងរបស់ Ronaldo មួយនេះ ដោយមិនកាត់ក្តីទៀតឡើយ កាលពីថ្ងៃទី៦ តុលា។
 
មូលហេតុមួយដ៏គួរឲ្យភ្ញាក់ផ្អើល ដែលបានរុញច្រានឲ្យតុលាបដិសេធលើសំណុំរឿងរបស់ Ronaldo គឺមេធាវីដែលបានការពារលើកូនក្តីនារីរងគ្រោះ បានទទួលលុយសំណូកពីសំណាក់ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំ Ronaldo រួចទៅហើយ មុនតុលាការសារើរឿងយកមកដោះស្រាយ។
 
លោកចៅក្រម Daniel Albregts ដែលបានត្រួតពិនិត្យលើសំណុំរឿងរបស់ Ronaldo បាននិយាយថា៖«សំណុំរឿងរបស់ Ronaldo នឹងត្រូវបដិសេធដោយសារតែការប្រព្រឹត្តិរបស់មេធាវីរបស់នារីរងគ្រោះព្រោះវាជាលទ្ធផលដ៏អាក្រក់មួយ។ ប្រសិនបើតុលាការមិនផ្តល់ការបញ្ចប់សំណុំរឿងនេះទេ នោះវានឹងអាចផ្តល់ជាផលប៉ះពាល់ដល់ភាពស្របច្បាប់របស់តុលាការ»។ 
 
ក្រោយទទួលដំណឹងពីតុលាការបែបនេះ មេធាវីដែលការពារក្តីឲ្យ Ronaldo លោក Peter Christiansen បានបង្ហាញពីភាពសប្បាយចិត្ត នឹងទទួលស្វាគមន៍សំណើរមួយនោះ ដោយលោកបានអះអាងថា៖«យើងរីករាយចំពោះការត្រួតពិនិត្យយ៉ាងច្បាស់លាស់ពីតុលាការអំពីបញ្ហានេះ ហើយតុលាពិតជាមានឆន្ទៈរបស់ខ្លួន ក្នុងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ និងដោយយុត្តិធម៍ចំពោះអង្គហេតុ។
 
ចំណែកមេធាវីរបស់នារីដែលបានប្តីទៅកាន់ Ronaldo ក៏បានទទួលស្គាល់ថា កូនក្តីរបស់ខ្លួនពិតជាមិនមានសមត្ថភាពស្របច្បាប់ ក្នុងការឈានទៅការដោះស្រាយ ដោយមិនមានភស្តុតាងជាក់លាក់ណាមួយផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com