កីឡាអន្តរជាតិ
អន្តរជាតិ
Nations League៖ អេស្ប៉ាញ និងបារាំង ដណ្តើមពាន ក្រោយអ៊ីតាលី និងបែលហ្ស៊ិក ប្រជែងលេខ៣
10, Oct 2021 , 4:59 pm        
រូបភាព
ដោយ: ថ្មីៗ
នារាត្រីនេះ ក្រុម​កីឡាបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ និង​បារាំង ត្រូវប្រជែងគ្នាយកពាន UEFA Nations League ប្រចាំឆ្នាំ២០២១ នាកីឡដ្ឋាន San Siro ក្រុង Milan បន្ទាប់ពីជំនួប​ដណ្តើមយក​លេខ​៣ រវាងអ៊ីតាលី និង បែលហ្ស៊ិក នៅ​កីឡដ្ឋាន Juventus Stadium ក្រុង Turin។

 
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នឹងប្រព្រឹត្តទៅនាវេលាម៉ោង ១ និង​៤៥នាទី (ម៉ោងនៅកម្ពុជា)។ កាលពី​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ អេស្ប៉ាញ ក្រោមការដឹកនាំ​របស់​លោក Luis Enrique បាន​យកឈ្នះម្ចាស់ជើងឯក Euro អ៊ីតាលី ក្នុងលទ្ធផល ២-១ ដែលសម្រេចបាន​ដោយ Ferran Torres ទាំងពីរគ្រាប់ ខណៈ១គ្រាប់​របស់អ៊ីតាលី រកបានដោយ Lorenzo Pellegrini។
 
រីឯបារាំងរបស់​លោក Didier Deschamps ឯណោះវិញ បានយកឈ្នះ បែលហ្ស៊ិក ៣-២។ បែលហ្ស៊ិកនាមុខ២គ្រាប់នៅតង់ទីមួយ ពីសំណាក់​ Yannick Carrasco និង Romelu Lukaku ប៉ុន្តែបារាំងបានវាយបក​វិញ៣គ្រាប់ក្នុងតង់ទីពីរ ដោយ Karim Benzema, Kylian Mbappe និងចុងក្រោយ Theo Hernandez នៅនាទី​៩០។
 
នៅមុនជំនួបផ្តាច់ព្រ័ត្រ អ៊ីតាលី ត្រូវប្រជែងយកចំណាត់ថ្នាក់លេខ​៣ជាមួយបែលហ្ស៊ិក នា​វេលាម៉ោង​៨យប់នេះ។
 
កាលពីឆ្នាំ​២០១៩ ព័រទុយហ្គាល់ បាន​ក្លាយជាម្ចាស់ពានបើកឆាក ដោយឈ្នះហូឡង់ ១-០ នៅវគ្គផ្តាច់ព្រ័ត្រ ខណៈអង់គ្លេស ឈ្នះស្វីស ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្តីសម្រាប់ចំណាត់ថ្នាក់​លេខ​៣៕

Tag:
 Nations League
© រក្សាសិទ្ធិដោយ thmeythmey.com