កីឡាអន្តរជាតិ
អន្តរជាតិ
វេលស៍ សង្ឃឹមបានកៅអីទៅ World Cup វិញ ខណៈអាល្លឺម៉ង់ឡើងស្វ័យប្រវត្តិ
12, Oct 2021 , 12:01 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិវេលស៍ បានយកឈ្នះអេស្តូនី ១-០ ក្នុងការប្រកួតជម្រុះ FIFA World Cup តំបន់អឺរ៉ុប នៅថ្ងៃទី១១ ខែតុលា។ ជ័យជម្នះនេះ ធ្វើឱ្យវេលស៍មានសង្ឃឹមច្រើនឡើងវិញក្នុងការប្រជែងយកចំណាត់ថ្នាក់លេខ២ក្នុងពូល E ដើម្បីបន្តលេង play-off សម្រាប់កៅអីទៅប្រទេសកាតា ឆ្នាំ២០២២។ អាល្លឺម៉ង់ឡើងស្វ័យប្រវត្តិ ក្រោយឈ្នះម៉ាសេដ្វានខាងជើង ៤-០។



ខ្សែប្រយុទ្ធ Kieffer Moore ជាអ្នកសម្រេចទីគ្រាប់បាល់ជ័យជម្នះនៅនាទី១២ ដើម្បីជួយវេលស៍កើន៣ពិន្ទុបន្ថែម នាការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក។ នេះជាជំនួបលើកទី៦ក្នុងពូល E របស់ក្រុមម្ចាស់ផ្ទះវេលស៍ ខណៈពួកគេមាន១១ពិន្ទុស្មើជាមួយឆែកដែលប្រកួត៧លើក។
 
ឆែក ដែលឈរចំណាត់ថ្នាក់ទី២ពូល E បណ្តោះអាសន្នបានយកឈ្នះ បេឡារុស ២-០ នាការប្រកួតជម្រុះទី៧របស់គេ។ ក្នុងការប្រកួតជម្រុះតាមពូលនៅតំបន់អារ៉ុបដែលមាន៥ និង ៦ក្រុមក្នុងមួយពូលពីA ដល់ J ក្រុមដែលឈរកំពូលតារាងបានកៅអីទៅកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ២០២២ ដោយស្វ័យប្រវត្តិ ហើយលេខ២ត្រូវបន្តលេង Play-off ដើម្បីបង្គ្រប់១៣កៅអីនៅតំបន់អឺរ៉ុប។
 
វេលស៍ បើទោះឈរនៅចំណាត់ថ្នាក់ទី៣បណ្តោះអាសន្ន តែក្រុមនេះនៅសល់ពីរប្រកួតក្នុងដៃ ដោយមានប្រៀបជាងគូប្រជែងឆែកដែលនៅសល់តែមួយប្រកួតប៉ុណ្ណោះ។ ក្នុងពូល E នេះ បែលហ្ស៊ិកដែលឈរកំពូលតារាងមាន១៦ពិន្ទុ ហើយសល់២ប្រកួតទៀត មានភាគរយខ្ពស់បានកៅអីទៅកាតាដោយស្វ័យប្រវត្តិ ខណៈវេលស៍​ និងឆែកត្រូវដណ្តើមគ្នាយកចំណាត់ថ្នាក់ទី២ ដើម្បីបន្តទៅលេង play-off។
 
ពីរប្រកួតចុងក្រោយរបស់វេល៍ ត្រូវប៉ះបេឡារុស និងបែលហ្ស៊ិក ស្របពេលមួយប្រកួតចុងក្ោរយរបស់ឆែកត្រូវជួបអ៊ីស្តូនី។
ប្រសិនបើវេលស៍អាចឆ្លងផុតវគ្គជម្រុះនេះ នោះពួកគេអាចឈានទៅវគ្គ Play-off ដើម្បីអាចបង្ហាញខ្លួននៅការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកជាលើកទី២ក្នុងប្រវត្តិសាស្ត្រ គិតចាប់តាំងពីឆ្នាំ១៩៥៨មក។
 
ដោយឡែកក្រុមយក្សអាល្លឺម៉ង់ បានក្លាយជាក្រុមដំបូងគេនៅអឺរ៉ុបដែលទទួលបានកៅអីស្វ័យប្រវត្តិទៅ World Cup នៅកាតា ក្រោយពួកគេឈ្នះម៉ាសេដ្វានខាងជើង ៤-០។
ក្រុមរហស្សនាមឥន្ទ្រីដែករកបានរក២១ពិន្ទុ ឈរលេខ១ពូល J នាំមុខក្រុមលេខ២រូម៉ានីដែលរកបាន១៣ពិន្ទុ ខណៈការប្រកួតនៅសល់តែ២លើកទៀតប៉ុណ្ណោះ៕ 

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com