កីឡាអន្តរជាតិ
អន្តរជាតិ
Kei អាយុ១៣ឆ្នាំ ក្លាយជាកីឡាករក្មេងជាងគេបានលេងក្នុងលីគបាល់ទាត់អាជីពអាមេរិក
13, Oct 2021 , 8:29 am        
រូបភាព
អាយុ ១៣ ឆ្នាំ Axel Kei ក្លាយជាកីឡាករក្មេងជាងគេបំផុតដែលបានបង្ហាញខ្លួនក្នុងលីគកីឡាបាល់ទាត់អាជីពនៅអាមេរិកចុងសប្តាហ៍មុន។



Axel Kei បានបង្កើតប្រវត្តិសាស្ត្រក្នុងវិស័យបាល់ទាត់នៅពេលរូបគេចូលលេងឱ្យក្រុម Real Monarchs ក្នុងជំនួបជាមួយ Colorado Springs Switchbacks កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ ក្នុងក្របខណ្ឌលីគទី២អាមេរិក (USL Championship) ដើម្បីក្លាយជាកីឡាករក្មេងជាងគេសម្រាប់ក្រុមអាជីព។
 
ការបង្ហាញខ្លួនដំបូងរបស់ Kei គឺនៅអាយុ១៣ឆ្នាំ ៩ខែ និង ៩ថ្ងៃ។ នេះមានន័យថា Kei បានបំបែកកំណត់ត្រាកីឡាករក្មេងជាងគេក្នុងប្រវត្តិសាស្ត្ររបស់ Freddu Adu ដែលបានចូលលេងឱ្យក្រុម D.C. United លើកដំបូងក្នុងអាយុ១៤ឆ្នាំ កាលពីខែមេសា ឆ្នាំ២០០៤។
 
តាមកាសែតអាមេរិក KSL Sports ចុះផ្សាយ Kei កើតនៅប្រទេសកូតឌីវ័រមុនផ្លាស់ទៅកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិកជាមួយគ្រួសារតាំងពីក្មេងមក។ រូបគេធ្លាប់លេងឱ្យក្រុមយុវជនក្រោមអាយុ១៥ឆ្នាំរបស់ក្រុម Real Salt Lakes រដូវកាលមុខ និងជាប់ជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេ (Golden Boot) ផងដែរ។
 

 
Real Monarchs សព្វថ្ងៃស្ថិតនៅបាតតារាង USL Championship ក្នុងចំណោមក្រុមទាំង៧សម្រាប់តំបន់ខាងលិច Western Conference Mountain នៅរដូវកាលឆ្នាំ២០២១នេះ ដោយរកបាន១៨ពិន្ទុ ពីការប្រកួត២៨លើក៕

Tag:
 Axel Kei
© រក្សាសិទ្ធិដោយ thmeythmey.com