កីឡាអន្តរជាតិ
អន្តរជាតិ
Courtois ៖UEFA ខ្វល់ខ្វាយតែលុយចូលហោប៉ៅខ្លួន ដោយមិនខ្វល់ពីកីឡាករឡើយ
12, Oct 2021 , 4:17 pm        
រូបភាព
រូបភាព៖ The Gaurdian
រូបភាព៖ The Gaurdian
កីឡាករចាំទី Thibaut Courtois បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តចំពោះសហព័ន្ធបាល់ទាត់ UEFA ដោយបានចោទប្រកាន់ថា UEFA ផ្តល់អាទិភាពលើលុយ សំខាន់ជាងសុខភាពកីឡាករនៅលើទីលានប្រកួត ។

 

ក្រោយបញ្ចប់ការប្រកួតពានរង្វាន់ UEFA Nation League អ្នកចាំទីបែលហ្ស៊ិក រូបនេះ បានបង្ហាញអារម្មណ៍ខ្លួនទាំងមិនសប្បាយចិត្តថា កីឡាករប្រៀបដូចទៅនឹងមនុស្សយន្ត ព្រោះត្រូវបាន UEFA រៀបឲ្យមានការប្រកួតជាបន្តបន្ទាប់ រហូតគ្មានពេលសម្រាកសោះ។
 
«ការប្រកួតដែលយើងលេងទល់អ៊ីតាលី គឺជាការប្រកួតសម្រាប់តែលុយប៉ុណ្ណោះ យើងត្រូវតែទទួលយកការពិតដោយភាពស្មោះត្រង់។» Courtois និយាយប្រាប់ទូរទស្សន៍ Sky Sports បែបនេះមុន បន្តទៀតថា៖ «ពួកយើងត្រូវតែលេងពេលនោះ គឺសម្រាប់ UEFA ទទួលបានលុយបន្ថែមនិងការផ្សាយបន្ថែមទៀតលើកញ្ចក់ទូរទស្សន៍»។ 
 
សម្រាប់ Courtois ការប្រកួតច្រើនបែបនេះ វានឹងធ្វើឱ្យកីឡាកររបួសច្រើន។«នេះវាបានបង្ហាញថាពួកយើងនឹងត្រូវមានការប្រកួតដ៏ច្រើន ហើយឆ្នាំក្រោយយើងត្រូវប្រកួត World Cup ទៀត ។ ការប្រកួតដ៏ច្រើនបែបនេះនឹងធ្វើឲ្យកីឡាករងរបួសច្រើន ហើយគ្មាននរណាគេមកខ្វាយខ្វល់ពីពួកយើងឡើយ ពួកគេខ្វល់តែលុយចូលក្នុងហោប៉ៅរបស់គេ។ ហើយសម្រាប់ឆ្នាំក្រោយពួកយើងមានពេលសម្រាកតែ២សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីការប្រកួតដ៏ច្រើនពេញមួយរដូវកាល ។ សួរថាតើវាមានពេលគ្រប់គ្រាន់សម្រាប់កីឡាករយកថាមពលសម្រាប់រដូវកាលថ្មីកើតទេ គឺគ្មានទេ»។នេះបើតាមការស្រង់សម្តីរបស់អ្នកចាំទី Courtois។
 
លើសពីនេះទៅទៀត អ្នកចាំទីរបស់ក្លិប Real Madrid រូបនេះ ក៏បានប្រឆាំងនឹងការរៀបចំការប្រកួត World Cup ដែលធ្វើឡើង២ឆ្នាំម្តង ។ Courtois ក៏បានស្នើសុំទៅកាន់សហព័ន្ធបាល់ទាត់ FIFA ព្រមទាំង UEFA ផ្តល់នូវពេលវេលានៃការប្រកួតដ៏សមរម្យណាមួយ សម្រាប់កីឡាករឲ្យនៅសល់ពេលសម្រាកខ្លះផងដែរ។
 
អ្នកចាំទីវ័យ ២៩ឆ្នាំ Thibaut Courtois ដែលលេងឲ្យក្លិប Real Madrid របស់អេស្ប៉ាញ បានជួយក្រុមជម្រើសជាតិបែលហ្ស៊ិកជាប់ចំណាត់ថ្នាក់លេង៤ប៉ុណ្ណោះ នៃការប្រកួតពានរង្វាន់ UEFA Nation League ។ បែលហ្ស៊ិក បានចាញ់ក្រោមថ្វីជើងរបស់បារាំង ៣-២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងចាញ់អ៊ីតាលី ២-១ ក្នុងការដណ្តើមចំណាត់ថ្នាក់លេខ៣៕

Tag:
 Thibaut Courtois
© រក្សាសិទ្ធិដោយ thmeythmey.com