កីឡាអន្តរជាតិ
អន្តរជាតិ
Rashford សង្ឃឹមថា Ronaldo ជាកម្លាំងចលករដើម្បីជួយ Man Utd ឈ្នះពានឡើងវិញ
12, Oct 2021 , 8:29 pm        
រូបភាព
Marcus Rashford រំភើបរីករាយដែល Cristiano Ronaldo ត្រឡប់ទៅកាន់ Old Trafford ជាថ្មី។  Rashford សង្ឃឹមថា ខ្សែប្រយុទ្ធឆ្នើមរូបនេះអាចផ្តល់កម្លាំងជំរុញដ៏ខ្លាំងក្លាក្នុងការជួយឱ្យក្រុម Manchester United ឈ្នះពានរង្វាន់ឡើងវិញ។



Ronaldo រកបាន៥គ្រាប់ហើយ ក្នុងការបង្ហាញខ្លួន៦ប្រកួតឱ្យក្រុមបិសាចក្រហមរដូវកាលនេះ ចាប់តាំងពីរូបគេផ្លាស់ពី Juventus មក។ ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំរូបនេះធ្វើបានយ៉ាងល្អ និងជាប់ជាកីឡាករល្អប្រចាំខែកញ្ញានៅ Premier League បើទោះបី Man Utd ឈរនៅចំណាត់ថ្នាក់លេខ៤ ក្នុងតារាងពិន្ទុក្តី។
 
Man Utd ខកខានឈ្នះពានលីគកំពូលអង់គ្លេសចាប់តាំងពីឆ្នាំ២០១៣ ពោលក្រោយពេលលោក Sir Alex Ferguson ចាកចេញពីតំណែងចាត់ការទូទៅ។ គ្មានវត្តមាន Ferguson និង Ronaldo បិសាចក្រហម ឈ្នះតែ EFL និង UEFA Europa League ១លើកប៉ុណ្ណោះក្រោមការដឹកនាំរបស់លោក Jose Mourinho នៅឆ្នាំ២០១៧។
 
ទោះយ៉ាងណានៅរដូវកាល២០២១-២២ Rashford ជឿជាក់ថា ការមកដល់របស់ម្ចាស់ពាន Ballon d’Or ៥ សម័យ នឹងក្លាយជាកម្លាំងចលករដើម្បីនាំក្លិបដើរទៅកាន់ភាពជោគជ័យវិញ។
ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស បានប្រាប់កាសែត BBC ថា៖ «មាន Ronaldo ត្រឡប់មកវិញ ជាអារម្មណ៍ដ៏អស្ចារ្យមួយសម្រាប់ខ្ញុំ និងអ្នកគាំទ្រផងដែរ។ ជារឿងដ៏ល្អណាស់ នៅពេលវីរបុរសក្លិបវិលមកវិញ»។ Rashford ដែលអវត្តមានឱ្យក្រុមតាំងពីដើមរដូវកាលអះអាងដូច្នេះ មុនបន្ថែមថា ការបានលេងជាមួយប្រធានក្រុមព័រទុយហ្កាល់នៅ Old Trafford ជាអារម្មណ៍ដ៏អស្ចារ្យ ហើយរូបគេសង្ឃឹមថា Ronaldo នឹងក្លាយជាអ្នកជំរុញទឹកចិត្តដើម្បីឱ្យ Man Utd ចាប់ផ្តើមឈ្នះពានរង្វាន់ឡើងវិញ។
 
ឆ្លងកាត់ការប្រកួត៧លើក Man Utd រកបាន១៤ពិន្ទុ ឈរលេខរៀងទី៤ក្នុងតារាង Premier League តាមពីក្រោយក្រុមកំពុងនាំមុខគេ Chelsea ចំនួន២ពិន្ទុ៕

Tag:
 Manchester United
  Marcus Rashford
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com