កីឡាអន្តរជាតិ
អន្តរជាតិ
Newcastle ចាប់អារម្មណ៍លើកីឡាករ Man Utd ៤រូប ក្រោយក្លិបរកបានម្ចាស់ថ្មី
12, Oct 2021 , 6:02 pm        
រូបភាព
ម្ចាស់ក្លិបថ្មីរបស់ក្លិប Newcastle United ត្រូវបានគេរាយការណ៍ថា គ្រោងនាំយកកីឡាកររបស់ក្រុមបិសាចក្រហម Manchester United ៤រូប នាពេលទីផ្សារដោះដូរកីឡាករ នៅខែមករាឆ្នាំ ២០២២ ខាងមុខ។



ក្លិបសារិកាព្រៃមួយនេះ បានត្រៀមកញ្ចប់ទឹកប្រាក់យ៉ាងច្រើន សម្រាប់កែប្រែនូវមុខមាត់ក្លិបសារជាថ្មីក្រោយពេលលោក Mike Ashley ជាអតីតម្ចាស់ក្លិបក្នុងលីគអង់គ្លេសមួយនេះ លក់ក្លិបទៅឲ្យព្រះអង្គម្ចាស់ Mohammed Bin Salman ជារជ្ជទាយាទអារ៉ាប៊ីសាអូឌីត ក្នុងតម្លៃ ៤១៤ លានដុល្លារ។ 
 
បើតាមការសែត The Mirror កីឡាករក្រុមបិសាចក្រហម៤រូបដែល Newcastle ចាប់អារម្មណ៍ចង់បាននោះ រួមមាន ខ្សែប្រយុទ្ធ Anthony Martial ខ្សែប្រើ Jessie Lingard, Donny van de Beek និងខ្សែការពារ Eric Bailly។ 
 
ក្លិប Newcastle United យល់ឃើញថា កីឡាករទាំង៤រូបនេះ ហាក់មិនសូវទទួលបានការចាប់អារម្មណ៍ពីគ្រូបង្វឹកMan Utd លោក Ole Gunnar Solskjaer ប៉ុន្មានឡើយ ។ ជាក់ស្ដែងកីឡាករខ្សែបម្រើ Lingard បានដាក់ឲ្យក្លិប West Ham United ខ្ចីជើងពេញមួយរដូវកាលមុន។ 
 
ចំណែកកីឡាករខ្សែប្រយុទ្ធ Anthony Martial វិញ ក៏មិនសូវជាបានចូលលេងក្នុងជម្រើស១១នាក់របស់លោក Solskjaer ផងដែរ រួមជាមួយកីឡាករ២រូបទៀតគឺ Van de Beek ដែលស្ទើរតែពេញមួយរដូវកាលគ្មានឱកាសបង្ហាញខ្លួន។ ក្លិបបិសាចក្រហមបាននាំយកខ្សែការពារ Raphael Varane មកនារដូវកាលថ្មីនេះ បានធ្វើឲ្យខ្សែការពារ Eric Bailly បានបាត់បង់ឱកាសសម្រាប់លេងដូច Van de Beek ផងដែរ។
 
អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺថាកីឡាករទាំង៤រូបនេះ សុទ្ធសឹងតែចង់ចាកចេញពីក្រុមបិសាចក្រហមក្រោយពីឱកាសបង្ហាញខ្លួន ឲ្យក្រុម។ ពួកគេទាំង៤ អាចនឹងផ្លាស់ទៅកាន់ទ្រនំថ្មីផងដែរ នាពេលខាងមុខ៕

© រក្សាសិទ្ធិដោយ thmeythmey.com