កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ធ្វើបាន​ hat-trick ជួយព័រទុយហ្កាល់សង្ឃឹមខ្ពស់បានកៅអីទៅ World Cup ២០២២
13, Oct 2021 , 10:00 am        
រូបភាព
Cristiano Ronaldo បន្តរកបាន៣គ្រាប់ម្នាក់ឯង (hat-trick) ក្នុងជ័យជម្នះរបស់ព័រទុយហ្កាលើក្រុមលុចសំបួ ៥-០ ក្នុងការប្រកួតជម្រុះ FIFA World Cup តំបន់អឺរ៉ុប។ មិនត្រឹមតែបង្កើនកំណត់ត្រា hat-trick ប៉ុណ្ណោះទេ Ronaldo ថែមទាំងជួយក្រុមមានភាគរយខ្ពស់ ក្នុងការទទួលបានកៅអីស្វ័យប្រវត្តិ ទៅវគ្គផ្តាច់ព្រ័ត្រពានកីឡាបាល់ទាត់ពិភពលោកនៅកាតាទៀតផង។


 
៣គ្រាប់របស់ Ronaldo ធ្វើបានដោយការទាត់បាល់ពិន័យប៉េណាល់ទី២គ្រាប់ និងតែត១គ្រាប់ ខណៈមិត្តរួមក្រុម Bruno Fernandes និង João Palhinha សម្រេចបានម្នាក់១គ្រាប់ ដើម្បីជួយព័រទុយ្កាល់ឈ្នះក្រុមភ្ញៀវលុចសំបួនៅកីឡដ្ឋាន Estadio Algarve ៥-០។
 
តាមរយៈជ័យជម្នះនេះ បានជួយក្រុមព័រទុយហ្កាល់កើនដល់១៦ពិន្ទុ ពីការប្រកួត៦លើក ឈរលេខរៀងទី២ក្នុងពូល A តាមពីក្រោយក្រុមកំពូលតារាងស៊ែប៊ីចំនួន១ពិន្ទុ។ យ៉ាងណាក៏ដោយព័រទុយហ្កាល់នៅតែជាក្រុមមានប្រៀបជាងគេសម្រាប់តំណែងកំពូលតារាងពូល A នេះ ដ្បិតនៅសល់២ប្រកួតក្នុងដៃ ខណៈស៊ែប៊ីនៅសល់មួយប្រកួត ហើយមានគម្លាតតែ១ពិន្ទុប៉ុណ្ណោះ។
 
ក្នុងវគ្គជម្រុះ World Cup ជុំទី១តំបន់អឺរ៉ុប ក្រុមលេខ១តាមពូល ទទួលបានកៅអីស្វ័យប្រវត្តិ ឯលេខ២ បន្តលេង play-off យក៣កៅអីបន្ថែម ដើម្បីបង្គ្រប់១៣កៅអី ទៅកាតាឆ្នាំ២០២២។
មិនត្រឹមជួយក្រុមខ្លួនមានប្រៀបក្នុងពូលប៉ុណ្ណោះទេ Ronaldo ខ្សែប្រយុទ្ធ Manchester United ថែមទាំងបង្កើតកំណត់ត្រាស៊ុតបញ្ចូលទីសម្រាប់ជម្រើសជាតិ រហូតដល់១១៥គ្រាប់ ច្រើនជាងកីឡាករណាៗ ទាំងអស់លើលោក។
  


ប្រធានក្រុមវ័យ៣៦ឆ្នាំរូបនេះ ទើបបំបែកកំណត់ត្រារបស់ខ្សែប្រយុទ្ធអ៊ីរ៉ង់ Ali Daei ដែលរកបាន១០៩គ្រាប់ កាលពីខែកញ្ញា។ ដោយឡែក នេះជាការធ្វើបាន hat-trick លើកទី១០ សម្រាប់ក្រុមព័រទុយហ្កាល់ និងជាលើកទី៥៨ជាកំណត់ត្រាក្នុងអាជីព គិតទាំងក្លិប និងជម្រើសជាតិ។ 
 
២ប្រកួតចុងក្រោយរបស់ព័រទុយហ្កាល់ ត្រូវជួបម្ចាស់ផ្ទះសាធារណរដ្ឋអៀរឡង់ និងស្វាគមន៍គូប្រជែងស៊ែប៊ី នៅជំនួបចុងក្រោយពូល A។ ក្នុងពូល A នេះ លុចសំបួ សាធារណរដ្ឋអៀរឡង់ និង អាស៊ែបៃហ្សង់ អស់ឱកាសប្រជែងកៅអី World Cup ទៅហើយ៕

Tag:
 World Cup
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com