កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាការិនីរត់ប្រណាំងកេនយ៉ា Tirop ប្រទះឃើញស្លាប់ក្នុងអាយុ២៥ឆ្នាំនៅផ្ទះដោយមានស្នាមចាក់លើពោះ
13, Oct 2021 , 6:18 pm        
រូបភាព
Agnes Jebet Tirop កីឡាការិនីលើវិញ្ញាសារត់ចម្ងាយឆ្ងាយរបស់កេនយ៉ា ត្រូវបានប្រទះឃើញស្លាប់ក្នុងផ្ទះរបស់ខ្លួន ជាមួយនឹងស្នាមចាក់លើពោះ នាថ្ងៃទី១២ ខែតុលា ពោលគឺរយៈពេល១០ថ្ងៃមុនពេលនាងឈានដល់អាយុ២៦ឆ្នាំ។



Tirop ជាកីឡាការិនីដែលបានដើរគ្រវីទង់ជាតិកេនយ៉ានាព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ ឆ្នាំ២០២០ ហើយបានទទួលចំណាត់ថ្នាក់លេខ៤លើវិញ្ញាសារត់ចម្ងាយ៥០០០ម៉ែត្រ។ បើតាម The Sun ដំណឹងមរណភាពនេះ ត្រូវបានប្រកាសដោយលោក Barnaba Korir ប្រធានសហព័ន្ធអត្តពលកម្មកេនយ៉ា ប្រចាំតំបន់ណៃរ៉ូប៊ី។

នាងត្រូវបានប្រទះឃើញស្លាប់នៅក្នុងផ្ទះនាក្រុង Iten តំបន់ Elgeyo Marakwet ជាមួយនឹងស្នាមចាក់លើផ្ទៃពោះ ប៉ុន្តែមិនទាន់មានការសន្និដ្ឋានផ្លូវការឡើយ។

Tirop ត្រូវបានចាត់ទុកជាអត្តពលិកកំពូលមួយរូបរបស់កេនយ៉ា ដោយបានឈ្នះមេដាយសំរឹទ្ធពិភពលោកពីរលើកលើវិញ្ញាសាររត់ចម្ងាយ១ម៉ឺនម៉ែត្រ។ សម្រាប់វិញ្ញាសាពិភពលោក World Cross Country Championships កីឡាការិនីរូបនេះ ធ្លាប់ឈ្នះមេដាយមាស១ និងប្រាក់២ផងដែរ។

សម្រាប់មេដាយមាស World Cross Country Championships នៅក្រុង Guiyang ប្រទេសចិន កាលពីឆ្នាំ២០១៥ ធ្វើឲ្យ Tirop ក្លាយជាកីឡាការិនីទីពីរដែលទទួលបានជោគជ័យដ៏ធំធេងនេះ បន្ទាប់ពីកីឡាការិនី Zola Budd របស់អាហ្វ្រិកខាងត្បូង ដែលសម្រេចបានកាលពីឆ្នាំ១៩៨៥ និងឆ្នាំ១៩៨៦៕



© រក្សាសិទ្ធិដោយ thmeythmey.com