ជាតិ
សុខភាព
លោកស្រី យក់ សម្បត្តិ៖ អ្នកស្លាប់ដោយសារកូវីដ-១៩ ភាគច្រើនជាអ្នកមិនចាក់វ៉ាក់សាំង​
14, Oct 2021 , 9:59 pm        
រូបភាព
លោកស្រី យក់ សម្បត្តិ។
លោកស្រី យក់ សម្បត្តិ។
ភ្នំពេញ៖ បច្ចុប្បន្នចំនួនអ្នកស្លាប់​ដោយ​សារ​ជំងឺ​កូវីដ-១៩ មានភាគច្រើនគឺជាអ្នកមិនទៅទទួលការចាក់វ៉ាក់សាំងបង្ការ។ នេះបើតាមការលើកឡើងរបស់ លោកស្រី យក់ សម្បត្តិ ដែលជារដ្ឋលេខាធិការក្រសួងសុខាភិបាល។

 
លោកស្រី យក់ សម្បត្តិ បានទៅទទួលជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ចំនួន២លានដូសពីប្រទេសចិន ព្រឹកថ្ងៃទី១៤តុលានេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ក្នុងពិធីទទួលវ៉ាក់សាំងនេះ រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ បានថ្លែងប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន ថា  អត្រានៃការស្លាប់ដោយសារជំងឺកូវីដ-១៩ ជារៀងរាល់ថ្ងៃនេះ មានស្ថិតច្រើនគឺស្ថិតនៅលើពលរដ្ឋដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺនេះ។
 
លោកស្រី យក់ សម្បត្តិបានបន្តនិយាយដូច្នេះ៖ «ដូចជាម្សិលមិញ[ថ្ងៃទី១៣តុលា] មាន១៥ករណីស្លាប់ដោយសារជំងឺកូវីដ-១៩[ដោយនៅក្នុងនោះ] មាន១៤ករណី គឺគាត់អត់បានទទួលការចាក់វ៉ាក់សាំងទេ​»។ លោកស្រី បានបញ្ជាក់ថា  អ្នកស្លាប់ដោយជំងឺនេះ  ក៏មានភាគច្រើនកើតលើមនុស្សចំណាស់ ផងដែរ។
 
បច្ចុប្បន្ន កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប១១៥ ៨៧៥នាក់ ដោយនៅក្នុងនោះ មានអ្នកសះស្បើយ១០៩ ៦៥៥នាក់ ខណៈអ្នកស្លាប់ដោយសារជំងឺនេះ កើនដល់២ ៥៨៤នាក់។ 
 
គិតត្រឹមថ្ងៃទី១៣តុលា កម្ពុជាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ពលរដ្ឋបានជាង១៣,៥លាននាក់។ ក្នុងនោះមាន ពលរដ្ឋអាយុពី៦ដល់១២ឆ្នាំ មានជាង១,៨លាននាក់ ពលរដ្ឋអាយុពី១២ដល់១៨ឆ្នាំ មាន១,៧លាននាក់​ និងអ្នកមានចាប់ពី១៨ឆ្នាំឡើង មានជាង៩,៩លាននាក់៕ 

Tag:
 វ៉ាក់សាំង
  COVID-19
  លោកស្រី យក់ សម្បត្តិ
© រក្សាសិទ្ធិដោយ thmeythmey.com