COVID-19
ជាតិ
សាលារដ្ឋចំនួន១៧៣ ក្នុងខេត្តសៀមរាប នឹងបើកដំណើរការសាកល្បងនៅដើមសប្ដាហ៍ក្រោយ
16, Oct 2021 , 10:59 am        
រូបភាព
សាលាបឋមសិក្សាពាម ស្ថិតនៅភូមិពាម ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
សាលាបឋមសិក្សាពាម ស្ថិតនៅភូមិពាម ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានយល់ព្រមឱ្យសាលារៀនជិត២០០ ក្នុងស្រុកចំនួន៨ អាចបើកដំណើរការសាកល្បងឡើងវិញ ក្រោយស្ថានភាពជំងឺកូវីដ១៩ ហាក់ស្ងប់ស្ងាត់បន្ដិច។

 
ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប លោក លី ប៊ុនណា ប្រាប់ថាសាលារដ្ឋសរុប ១៧៣ បានដាក់ពាក្យស្នើសុំបើកសាលារៀនឡើងវិញ ហើយរដ្ឋបាលខេត្តបានយល់ព្រមសំណើនេះ ក្រោយចុះពិនិត្យស្ថានភាពជាក់ស្ដែងតាមសាលារៀននីមួយៗ។ 
 
តាមការបញ្ជាក់ពីលោកប្រធានមន្ទីរ ស្រុកចំនួន៨ដែលគ្រោងបើកដំណើរការសាលារៀនឡើងវិញនៅដើមសប្ដាហ៍ក្រោយ រួមមានស្រុកបន្ទាយស្រី ស្រុកសូទ្រនិគម ស្រុកស្វាយលើ ស្រុកប្រាសាទបាគង ស្រុកស្រីស្នំ ស្រុកវ៉ារិន ស្រុកអង្គរធំ និងស្រុកក្រឡាញ់។ លោក លី ប៊ុនណា បញ្ជាក់ថា ក្នុងចំណោមសាលារៀនទាំង ១៧៣សាលា រួមមាន កម្រិតបឋមសិក្សា ១២៩ និងកម្រិតមធ្យមសិក្សា ៤៤សាលា។ 
 
ក្នុងបទសម្ភាសតាមទូរសព្ទជាមួយសារព័ត៌មានថ្មីៗ លោក លី ប៊ុនណា ពន្យល់ថា ការបើកសាកល្បងនេះ មានការស្នើសុំភាគច្រើនថ្នាក់ទី៥ ដល់ទី៦ និងថ្នាក់ទី៤ខ្លះ ចំណែកថ្នាក់តូចៗ មិនទាន់មានទេ អាចនៅជំហានបន្ទាប់។ 
 
រដ្ឋបាលខេត្ត បានជំរុញឱ្យមានការបើកសាកល្បងដល់សាលារដ្ឋសិន និងអាចបន្តដល់សាលាឯកជនទៀតក្នុងជំហានបន្ទាប់។ ហើយការបើកសាកល្បងនេះ រដ្ឋបាលខេត្តនឹងពិនិត្យពីលទ្ធផល ប្រសិនបើផលប៉ះពាល់គ្មានទេនោះ គឺគ្រោងនឹងអនុញ្ញាតឱ្យបើកជាបន្តបន្ទាប់ទៀត។ នេះជាការលើកឡើងរបស់លោក លី ប៊ុនណា។ 
 
ការបើកសាលារៀនឡើងវិញនៅពេលនេះ គឺត្រូវគោរពតាមគោលការណ៍ស្ដង់ដារ របស់ក្រសួងអប់រំ ក៏ដូចជាវិធានការសុខាភិបាលរបស់រាជរដ្ឋាភិបាល។ ថ្នាក់រៀនមួយៗ អាចដាក់សិស្សបានត្រឹម១៥នាក់ ហើយការរៀនត្រូវឆ្លាស់វេនគ្នាផងដែរ។ ប្រធានមន្ទីរអប់រំ ពន្យល់ថា ការត្រៀមលក្ខណៈចាំបាច់ដោយគោរពតាមគោលការណ៍ស្ដង់ដារ ដែលចេញដោយក្រសួងអប់រំ ឬវិធានការរដ្ឋាភិបាល គឺដើម្បីឱ្យការសិក្សារបស់សិស្សានុសិស្សប្រព្រឹត្តទៅដោយរលូន និងមានសុវត្ថិភាព។ 
 
សូមបញ្ជាក់ថា សាលារៀនកម្រិតមតេយ្យ បឋមសិក្សា និងមធ្យមសិក្សាទូទាំងខេត្តសរុប ៦៥៩សាលា ដែលរួមមានកម្រិតមេតេយ្យ ២២ កម្រិតបមឋ ៥១៤ និងកម្រិតមធ្យម១២៣។ ខេត្តសៀមរាប បានចាប់ផ្តើមដំណើរការបើកសាលារៀននៅក្រោយគេបន្ដិច ដែលអំឡុងពេលកញ្ញា ខេត្តនេះ មានការដាក់ជាតំបន់ក្រហម និងលឿងទុំ ក្នុងក្រុង-ស្រុកខ្លះ ខណៈជំងឺកូវីដ១៩ ផ្ទុះខ្លាំងគួរឱ្យកត់សម្គាល់៕
 
 
 

Tag:
 កូវីដ១៩
  សាលារៀន
  លី ប៊ុនណា
© រក្សាសិទ្ធិដោយ thmeythmey.com