ជាតិ
ការប្រើប្រាស់ទឹកស្អាត ក្នុងក្រុងសៀមរាបធ្លាក់ចុះ ៤០ភាគរយ
17, Oct 2021 , 9:39 pm        
រូបភាព
 ស្នាក់ការរដ្ឋាករទឹកស្វយ័តសៀមរាប។
ស្នាក់ការរដ្ឋាករទឹកស្វយ័តសៀមរាប។
សៀមរាប៖ វិបត្តិជំងឺកូវីដ-១៩ ធ្វើឱ្យសេដ្ឋកិច្ចសកលធ្លាក់ចុះជាលំដាប់។ ខេត្តសៀមរាប ជាគោលដៅទេសចរណ៍ដ៏របស់កម្ពុជា ក៏ប៉ះពាល់ធ្ងន់ធ្ងរដែរ ក្នុងនោះការផ្គត់ផ្គង់ទឹកស្អាត ក្នុងក្រុងបានធ្លាក់ចុះប្រមាណ ៤០ភាគរយ។

 
អគ្គនាយករដ្ឋាករទឹកស្វយ័តសៀមរាប លោក ឃុត វុទ្យារិទ្ធ មានប្រសាសន៍ថា ក្នុងវិបត្តិជំងឺកូវីដ-១៩ នេះ ការផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងសៀមរាប បានធ្លាក់ចុះប្រមាណ៤០ភាគរយ។ លោកពន្យល់ថា ការធ្លាក់ចុះនេះ ដ្បិតអាជីវកម្មធំៗ ដូចជាសណ្ឋាគារបានបិទទ្វារស្ទើរទាំងស្រុង ហើយការផ្គត់ផ្គង់សព្វថ្ងៃ សម្រាប់តាមគេហដ្ឋានប្រជាពលរដ្ឋ និងអាជីវកម្មបន្ដិចបន្តួចតែប៉ុណ្ណោះ។ 
 
លោកពន្យល់ថា៖ «អាជីវកម្មភាគច្រើនបិទទ្វារ ខ្លះទៀតបន្តក្នុងរូបភាពបន្ទាប់បន្សំ ហើយភាគច្រើនមូលដ្ឋានអាជីវកម្មធំៗតែម្ដង»។ បើតាមលោក ឃុត វុទ្យារិទ្ធ ការប្រើប្រាស់ទឹកធ្លាក់ចុះនេះ បានធ្វើឱ្យប៉ះពាល់ដល់ចំណូលរបស់រដ្ឋាករទឹកសៀមរាប ពិសេសការសងត្រឡប់ទៅម្ចាស់ឥណទាន ដែលរដ្ឋាករទឹកបានខ្ចីដើម្បីអភិវឌ្ឍន៍ និងពង្រីកបណ្ដាញទឹកស្អាតក្នុងក្រុង។
 
ជុំវិញបញ្ហានេះ រដ្ឋាករទឹកស្វយ័តសៀមរាប កំពុងពិភាក្សាជាមួយម្ចាស់ឥណទាំងអស់ និងគ្រោងដាក់ លិខិតផ្លូវការទៅក្រសួងអាណាព្យាបាល ដើម្បីពិនិត្យពីការសុំពន្យារពេលបង់បំណុលថ្លៃដើម និងការប្រាក់ ហើយកន្លងមកក្រសួងក៏បានអនុគ្រោះចំពោះប្រាក់ភាគលាភផងដែរ។ នេះជាការបញ្ជាក់ពីលោក ឃុត វុទ្យារិទ្ធ។
 
ក្រៅពីធ្លាក់ចុះបរិមាណប្រើប្រាស់ទឹកស្អាតហើយ ក្នុងគម្រោងអភិវឌ្ឍន៍ផ្លូវ៣៨ខ្សែ របស់រាជរដ្ឋាភិបាល ធ្វើឱ្យរដ្ឋាករទឹកស្វយ័ត បានចាយលើការពង្រីកប្រព័ន្ធបណ្ដាញឱ្យស្របតាមផ្លូវថ្មីទាំងនោះ ដើម្បីចៀសវាងការកាយតបណ្ដាញ បន្ទាប់ពីផ្លូវធ្វើរួចរាល់។ តាមការបញ្ជាក់ពីអគ្គនាយករដ្ឋាករទឹកស្វយ័តសៀមរាប ការពង្រីកបណ្ដាញបន្ថែមនេះ មានប្រវែង ៤០គីឡូម៉ែត្រ។ 
 
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋខេត្តសៀមរាបប្រមាណ ៤៥ភាគរយ បានភ្ជាប់បណ្ដាញទឹកស្អាតប្រើប្រាស់ ខណៈដែលផ្ទៃសេវាបានគ្របដណ្ដប់ប្រមាណ៧០ភាគរយហើយ។ ការណ៍នេះ ត្រូវបានរដ្ឋាករទឹកបញ្ជាក់ថា ដោយសារពលរដ្ឋខ្លះនៅមិនទាន់យល់ដឹងពីការប្រើប្រាស់ទឹកស្អាត បន្តប្រើប្រាស់អណ្ដូងទឹកក្រោមដីដែលមានស្រាប់ និងវិបត្តិជំងឺកូវីដ-១៩ ទើបធ្វើឱ្យការស្នើសុំតបណ្ដាញមានការពន្យារពេល។ រដ្ឋាករទឹកស្វយ័តសៀមរាប មានសមត្ថភាពផលិតកម្មទឹកស្អាតប្រចាំថ្ងៃចំនួន ៣ម៉ឺនម៉ែត្រគីប តែសព្វថ្ងៃដំណើរការត្រឹមពាក់កណ្ដាលតែប៉ុណ្ណោះ៕
 
 
 
 
 
 

Tag:
 រដ្ឋាករទឹកស្អាតសៀមរាប
  ទឹកស្អាត
  ឃុត វុទ្យារិទ្ធ
© រក្សាសិទ្ធិដោយ thmeythmey.com