កីឡាជាតិ
ជាតិ
កម្ពុជា ត្រូវបានគាំទ្រធ្វើជាសហប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ចុងឆ្នាំនេះ
19, Oct 2021 , 11:10 am        
រូបភាព
ភ្នំពេញ៖ កម្ពុជា ត្រូវបានគាំទ្រធ្វើជាសហប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ជាមួយវៀតណាម នៅចុងឆ្នាំ២០២១នេះ។ នេះបើតាមលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។


 
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា បណ្ដាប្រទេសអាស៊ាន បានគាំទ្រឱ្យកម្ពុជា និងវៀតណាម ធ្វើជាសហប្រធាននៃក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍។ ប៉ុន្តែការសម្រេចជាផ្លូវការនោះ រង់ចាំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ អនុម័តផ្ដល់សិទ្ធិដល់កម្ពុជា នាខែធ្នូខាងមុខ។
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) រូបនេះ បាននិយាយថា៖ «ដោយសារកម្ពុជា នឹងត្រូវធ្វើម្ចាស់ផ្ទះស៊ីហ្គេមដែរ គេនឹងឲ្យកម្ពុជា និងវៀតណាម ធ្វើជាសហប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅក្នុងខែធ្នូ ឆ្នាំ២០២១ ដើម្បីឱ្យកម្ពុជា ក៏មានសិទ្ធិរៀបចំធ្វើពីដើមឆ្នាំ២០២២ រហូតទៅ ដោយពេញសិទ្ធិ និងលក្ខខណ្ឌជាអ្នកដឹកនាំ។ ហើយវៀតណាម ក៏ពេញសិទ្ធិជាអ្នកដឹកនាំ។ ហើយកម្មវិធីរបស់វៀតណាម គឺវៀតណាមធ្វើទៅ ឯកម្មវិធីស៊ីហ្គេមរបស់កម្ពុជា គឺកម្ពុជាធ្វើទៅ»។
 
វៀតណាម បានសម្រេចពន្យាពេលស៊ីហ្គេម ជាផ្លូវការ ទៅពាក់ខែឧសភា ឆ្នាំ២០២២វិញ។ ការសុំពន្យារពេលរៀបចំស៊ីហ្គេមរបស់ម្ចាស់ផ្ទះវៀតណាមនេះ ដោយសារស្ថានភាពវិបត្តិជំងឺកូវីដ-១៩ កំពុងរាតត្បាតក្នុងប្រទេស ក៏ដូចជាបន្តរីករាលដាលជាសកលនៅឡើយ ។

 បើតាមគម្រោងវៀតណាម ត្រូវរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ដែលនឹងធ្វើឡើងពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។
 
ការសុំពន្យារពេលរៀបចំស៊ីហ្គេមរបស់វៀតណាមនេះ វាមិនប៉ះពាល់ដល់កម្ពុជា ក្នុងការរៀបចំស៊ីហ្គេមនោះទេ។ តែវា គឺជាឱកាសល្អ សម្រាប់សហព័ន្ធកីឡារៀបចំផែនការ ហ្វឹកហាត់ឱ្យបានគត់មត់បន្ថែមទៀត។ នេះបើតាមលោក វ៉ាត់ ចំរើន៕
អត្ថបទទាក់ទង
 

Tag:
 SEA GAME
© រក្សាសិទ្ធិដោយ thmeythmey.com