កីឡាអន្តរជាតិ
អន្តរជាតិ
កូរ៉េខាងត្បូង ថាកូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិកចេញពីនាវាមុជទឹកជាថ្មីម្តងទៀត
19, Oct 2021 , 9:29 pm        
រូបភាព
បុរសម្នាក់មើលការផ្សាយតាមទូរទស្សន៍ពីការបាញ់មីស៊ីលសាកល្បងរបស់កូរ៉េខាងជើងនាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។ រូបថត AFP
បុរសម្នាក់មើលការផ្សាយតាមទូរទស្សន៍ពីការបាញ់មីស៊ីលសាកល្បងរបស់កូរ៉េខាងជើងនាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។ រូបថត AFP
យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិកបាញ់ចេញពីនាវាមុជទឹកមួយគ្រាប់ចូលក្នុងសមុទ្រខាងកើត នៅថ្ងៃទី ១៩ ខែតុលា ខណៈទីក្រុងសេអ៊ូល វ៉ាស៊ីនតោន និងតូក្យូព្យាយាមបង្កើនទំនាក់ទំនងការទូតដើម្បីបន្តការសន្ទនាជាមួយទីក្រុងព្យុងយ៉ាងឡើងវិញ។

 
ការបាញ់មីស៊ីលថ្មីពីកូរ៉េខាងជើងនេះ ត្រូវរាយការណ៍ដោយមន្រ្តីកូរ៉េខាងត្បូង និងជប៉ុន។ កូរ៉េខាងជើងបាញ់មីស៊ីលបាលីស្ទិកចេញពីនាវាមុជទឹក បានកើតឡើងបន្ទាប់ពីប្រេសិតអាម៉េរិក កូរ៉េខាងត្បូងនិងជប៉ុន បានជួបប្រជុំនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាពីការប្រឈមមុខដាក់គ្នាផ្នែកនុយក្លេអ៊ែរជាមួយកូរ៉េខាងជើងនៅថ្ងៃទី១៨ ខែតុលាកន្លងទៅ។ 
 
កិច្ចប្រជុំត្រីភាគីនេះ មានបំណងចង់នាំកូរ៉េខាងជើងមកចូលតុចរចាសាជាថ្មី រួមនឹងការផ្តល់ជំនួយមនុស្សធម៌និងការលើកទឹកចិត្តផ្សេងទៀតខណៈកូរ៉េខាងជើងកំពុងប្រឈមនឹងវិបត្តសេដ្ឋកិច្ច។ លើសពីនេះដែរ ប្រមុខចារកម្មអាម៉េរិក កូរ៉េខាងត្បូង និងជប៉ុន ត្រូវបានគេរាយការណ៍ថាកំពុងជួបប្រជុំគ្នានៅទីក្រុងសេអ៊ូលនៅថ្ងៃទី ១៩ ខែតុលា ផងដែរ។
 
យោងតាមអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) មីស៊ីលរយៈចម្ងាយខ្លីនេះត្រូវបានបាញ់ចេញពីសមុទ្រនៅជិតតំបន់ស៊ីនប៉ូដែលជាកន្លែងដែលកូរ៉េខាងជើងរក្សានាវាមុជទឹកក៏ដូចជាឧបករណ៍សម្រាប់បាញ់សាកល្បង SLBMs។ JCS ក៏បានបន្តថាការបាញ់មីស៊ីលរបស់កូរ៉េខាងជើងនេះបានធ្វើឡើងនៅម៉ោង ១០ និង ១៧ នាទីព្រឹក។
 
បើតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap ​ដែលបានស្រង់ព័ត៌មានពីប្រភពមិនបញ្ជាក់ឈ្មោះមួយ មីស៊ីលនេះអាចធ្វើដំណើរចម្ងាយបានប្រហែល ៥៩០ គីឡូម៉ែត្រនិងហោះបានកម្ពស់ប្រហែល ៦០ គីឡូម៉ែត្រពីដី។ ដោយនៅមិនទាន់ទទួលបានព័ត៌មានលម្អិតនៃមីស៊ីលនេះ JCSបានលើកឡើងថាខ្លួនកំពុងសិក្សាជាបន្ត។
 
«យោធារបស់យើងកំពុងឃ្លាំមើលស្ថានការណ៍យ៉ាងជិតស្និទ្ធ និងរក្សាជំហរត្រៀមខ្លួនក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអាម៉េរិកដើម្បីត្រៀមខ្លួនសម្រាប់ការបាញ់មីស៊ីលបន្ថែមរបស់កូរ៉េខាងជើង»។ JCS បានលើកឡើង​បែបនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយ។
 
លោក Kim Dong-yup អតីតមន្រ្តីកងទ័ពជើងទឹកកូរ៉េខាងត្បូងដែលជាសាស្រ្តាចារ្យនៅវិទ្យាស្ថាន Far East របស់សាកលវិទ្យាល័យ Kyungnam នៅទីក្រុងសេអ៊ូលបាននិយាយថាការធ្វើតេស្តចុងក្រោយនេះទំនងជាពាក់ព័ន្ធនឹង មីស៊ីលបាលីស្ទិកដែលបាញ់ចេញពីនាវាមុជទឹកដែលត្រូវបានបង្ហាញដោយ កូរ៉េខាងជើងនាពេលថ្មីៗនេះ។
 
មកទល់ពេលនេះ ការបាញ់សាកល្បងមីស៊ីលបាលីស្ទិកដែលបាញ់ចេញពីនាវាមុជទឹករបស់កូរ៉េខាងជើងថ្មីនេះ គឺជាការសាកល្បងអាវុធចុងក្រោយបង្អស់ខ្លួន ខណៈកំពុងប្រឈមមុខនឹងទណ្ឌកម្មអន្តរជាតិដែលបានដាក់លើកម្មវិធីអាវុធនុយក្លេអ៊ែរនិងមីស៊ីល។ គួរបញ្ជាក់ថាការបាញ់សាកល្បងមីស៊ីលបាលីស្ទិកចុងក្រោយនេះ គឺជាការបាញ់មីស៊ីលបាលីស្ទិកលើកទី ៨ របស់ខ្លួននៅឆ្នាំនេះ៕

© រក្សាសិទ្ធិដោយ thmeythmey.com