កីឡាអន្តរជាតិ
អន្តរជាតិ
Dembele បើកទ្វារសម្រាប់ការផ្លាស់ប្ដូរទៅកាន់ Newcastle ខណៈកុងត្រាថ្មីនៅ Barca ជាប់គាំង
21, Oct 2021 , 4:32 pm        
រូបភាព
កីឡាករខ្សែប្រយុទ្ធ Ousmane Dembele របស់ក្រុមអ្នកមានបុណ្យ Barcelona បើកទ្វារសម្រាប់ការផ្ទេរទៅកាន់ក្លិបអង់គ្លេស Newcastle United អំឡុងទីផ្សារដោះដូរនាខែមករាខាងមុខ ខណៈរូបគេនឹងត្រូវផុតកិច្ចសន្យានាចុងរដូវកាលនេះ​។ នេះបើតាមការលើកឡើងរបស់ Goal.com។



Ousmane Dembele មិនទាន់បានលេងឱ្យក្លិប Barca បានមួយប្រកួតឡើយក្នុងរដូវកាលនេះ ខណៈរូបគេតែងរងរបួសជារឿយៗ។ Dembele ជាគោលដៅដ៏ចម្បងសម្រាប់ក្លិប Newcastle ទើបមានម្ចាស់ថ្មី ដែលមានផែនការទិញកីឡាករ ដើម្បីប្រជែងពានលីគកំពូលអង់គ្លេស។ 
 
មិនត្រឹមកីឡាករឡើយ ក្លិបរហស្សនាមសារិកាព្រៃ ក៏កំពុងតែចរចាជាមួយលោក Paulo Fonseca ដែលជាអតីតគ្រូបង្វឹករបស់ក្រុម AS Roma ឱ្យមកដឹកនាំក្រុមបន្តពីលោក Steve Bruce ដែលបានសុំលាលែងពីតំណែង។
 
តាមពិតទៅ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាលវ័យ៤៨ឆ្នាំរូបនេះ ធ្លាប់ត្រូវបានក្លិប Newcastle ទាក់ទងម្តងរួចមកហើយ មុនពេលក្លិបបានធ្លាក់ក្រោមដៃព្រះអង្គម្ចាស់ Bin Salman មកម្ល៉េះ។ ប៉ុន្តែទោះជាមានកិច្ចចរចាក្តី ក៏លោក Fonseca នៅមិនទាន់សម្រេចចិត្តលើកចុងក្រោយនៅឡើយ។ 
 
សូមជម្រាបថា ក្រោយការចាកចេញរបស់លោក Bruce ក្រុម Newcastle United ក៏បានទាក់ទងទៅកាន់គ្រូបង្វឹកជាច្រើនរូប រួមមានលោក Prank Lampard អតីតគ្រូរបស់ Chelsea, លោក Roberto Martinez គ្រូបង្វឹកបែលហ្ស៊ិកបច្ចុប្បន្ន និងលោក Steven Gerrard ផងដែរ។ នេះបើតាមកាសែត The Guardian៕

Tag:
 Ousmane Dembele
  Paulo Fonseca
  Newcastle United
© រក្សាសិទ្ធិដោយ thmeythmey.com