កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ចង់បានការឯកភាពគ្នា ជុំវិញគម្រោងរៀប World Cup ២ឆ្នាំម្តង នាកិច្ចប្រជុំធំខែធ្នូ
21, Oct 2021 , 10:29 pm        
រូបភាព
លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) នៅថ្ងៃទី២០ ខែតុលានេះ ថាស្ថាប័នខ្លួននឹងព្យាយាមស្វែងរកការឯកភាពគ្នាលើផែនការរៀបចំការប្រកួត FIFA World Cup រៀងរាល់២ឆ្នាំម្តងដែលស្ថិតក្នុងភាពចម្រូងចម្រាស នាកិច្ចប្រជុំកំពូលថ្ងៃទី២០ ខែធ្នូខាងមុខនេះ។



ប្រធាន FIFA អះអាងថាមានការពិភាក្សាយ៉ាងក្តៅគគុក និងមតិផ្ទុយគ្នាយ៉ាងខ្លាំងជុំវិញគ្រោងផ្លាស់ប្តូររយៈពេលរៀបចំការប្រកួតបាល់ទាត់ពិភពលោកពី៤ ទៅ២ឆ្នាំម្តង ដោយក្នុងនោះស្ថាប័នកីឡាបាល់ទាត់តំបន់ខ្លះគាំទ្រ ឯតំបន់ផ្សេងទៀតបដិសេធ។
 
ទោះយ៉ាងណាក៏ដោយលោក Infantino នឹងស្វែរកចំណុចចរួមមួយដើម្បីឈានដល់ការសម្របសម្រួលគ្នា នៅមុនពេលកិច្ចប្រជុំកំពូលពិភពលោករបស់ FIFA ដែលនឹងរៀបចំឡើងនៅចុងខែធ្នូ ឆ្នាំ២០២១។
 
តាមរយៈការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ប្រធានគ្រប់គ្រងស្ថាប័នកីឡាបាល់ទាត់ពិភពលោកបានប្រាប់សន្និសីទសារព័ត៌មានមួយនៅទីក្រុង Zurich ប្រទេសស្វ៊ីសថា បន្ទាប់ពីកិច្ចប្រជុំរបស់ក្រុមប្រឹក្សា FIFA ស្ថាប័នលោកនឹងសម្រេចចិត្តលើការមូលមតិគ្នាជារួមមួយជុំវិញគម្រោងប្តូរកាលប្រកួត World Cup នេះ។
 
FIFA បានជំរុញយ៉ាងសកម្មអំពីគំនិតប្តូរការប្រកួតបាល់ទាត់ពិភពលោកពីរឆ្នាំម្តង ជំនួសការរៀបចំរៀងរាល់៤ឆ្នាំម្តង។ លោក Arsen Wenger អតីតគ្រូ Arsenal ដែលសព្វថ្ងៃជាប្រធានផ្នែកអភិវឌ្ឍន៍កីឡាបាល់ទាត់របស់ FIFA ជាអ្នកស្នើ និងផ្តល់គំនិតឱ្យការប្រកួត World Cup ក្លាយជាព្រឹត្តិការណ៍២ឆ្នាំម្តង។
 
គម្រោងរបស់លោក Wenger ទទួលបានទាំងការគាំទ្រ និងបដិសេធ ពីសំណាក់សហព័ន្ធកីឡាបាល់ទាត់ធំៗ។ ក្នុងនោះស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប (UEFA), អាមេរិកខាងត្បូង (CONMEBOL) និង ទ្វីបអាម៉េរិកខាងជើង អាម៉េរិកកណ្តាល និងការ៉ាអ៊ីប (CONCACAF) សុទ្ធតែបានបដិសេធ ផែនការរបស់បុរសសញ្ជាតិបារាំងរូបនេះ។
 
ជុំវិញករណីខាងលើ លោក Infantino បានសង្កត់ធ្ងន់ថារហូតមកដល់ពេលនេះ FIFA មិនទាន់បានសួរប្រទេសសមាជិកថាតើពួកគេយល់ព្រម ឬមិនយល់ព្រមជាមួយសំណើផ្លាស់ប្តូរនេះឱ្យច្បាស់នៅឡើងទេ ប៉ុន្តែលោកនឹងបង្ហាញពួកគេក្នុងកិច្ចពិភាក្សាអំពីអនាគតរបស់ព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក នៅចុងខែធ្នូខាងមុខ៕

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com