ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ស ខេង៖ ការជួញដូរមនុស្សនិងបទល្មើសបច្ចេកវិទ្យាកើនឡើង នៅអំឡុងពេលកូវីដ-១៩
23, Oct 2021 , 5:41 pm        
រូបភាព
 ភ្នំពេញ៖ ស្ថានភាពសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ មានភាពល្អប្រសើរ ពោលគឺបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ មានការថយចុះ៩ភាគរយ។ ប៉ុន្តែ ការជួញដូរនិងបទល្មើសពាក់ព័ន្ធនឹងបច្ចេកវិទ្យា កើនឡើងគួរឲ្យកត់សម្គាល់ ដោយសារវិបត្តិកូវីដ-១៩។ នេះជាការលើកឡើងរបស់ សម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។


 
ក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន សម្ដេច ស ខេង បញ្ជាក់ថា រយៈពេល៩ខែ ឆ្នាំ២០២១ ស្ថានភាពសន្តិសុខ មានភាពល្អប្រសើរ ក្នុងនោះបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ បានថយចុះ៩ភាគរយ។ ទោះបីយ៉ាងនេះក្ដី សម្ដេច ស ខេង កត់សម្គាល់ឃើញថា ក្នុងបរិបទនៃជំងឺកូវីដ-១៩ ការរត់ពន្ធមនុស្សឆ្លងដែន និងបទល្មើសពាក់ព័ន្ធនឹងបច្ចេកវិទ្យា គឺមានការកើនឡើង។
 
ក្នុងកិច្ចប្រជុំនៅថ្ងៃទី២២តុលា រដ្ឋមន្រី្តក្រសួងមហាផ្ទៃថ្លែងយ៉ាងដូច្នេះថា «ផលប៉ះពាល់លើស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ដែលបង្កឡើងដោយកូវីដ-១៩ ជាកត្តាជំរុញឱ្យបទល្មើសជួញដូរនិងរត់ពន្ធមនុស្សឆ្លងដែនមានការកើនឡើង»។
 
ជាមួយគ្នាដែរ បទល្មើសបច្ចេកវិទ្យាក៏មានការកើនឡើង ដូចជាអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន អំពើជំរិតទារប្រាក់តាមប្រព័ន្ធអនឡាញ និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន សម្រាប់ទំនាក់ទំនងក្នុងគោលបំណងប្រព្រឹត្តបទល្មើស ឬបង្កអសន្តិសុខសង្គមជាដើម ។
 
បើតាមរបាយការណ៍របស់ក្រសួងការបរទេស​ និងសហប្រតិបត្តិការ តាមរយៈស្ថានទូតកម្ពុជាប្រចាំប្រទេសចិន រយៈពេល៦ខែក្នុងឆ្នាំ២០២១នេះ មន្រី្តស្ថានទូតបានជួយស្ត្រីខ្មែររងគ្រោះនៅចិន២៣១នាក់។ ក្រៅពីស្រ្តីរងគ្រោះនៅចិន ២៣១នាក់នេះ ក៏មានពលរដ្ឋខ្មែរប្រមាណ២ពាន់នាក់ទៀត ដែលស្ថានទូតកម្ពុជា បានជួយសង្គ្រោះពួកគេ នៅរយៈពេល៦ខែនេះដែរ ក្នុងនោះរួមមាន ពលរដ្ឋខ្មែរ ៣៣២នាក់ មកពីម៉ាឡេស៊ី និង១៦០៨ មកពីថៃ រួមទាំងប្រទេសផ្សេងទៀត។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេស៕

អត្ថបទទាក់ទង



Tag:
 សង្គម
  បទល្មើស
  ជួញដូរមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com