កីឡាអន្តរជាតិ
អន្តរជាតិ
Xavi ផ្តោតលើការងារនៅ Al Sadd ទោះបី Barcelona ចាប់អារម្មណ៍ទៅដឹកនាំ
29, Oct 2021 , 11:46 am        
រូបភាព
Xavier Hernández ថាខ្លួនកំពុងផ្តោតលើការងារអ្នកចាត់ការទូទៅ Al Sadd ស្របពេលលោកត្រូវបានរាការណ៍ថាមានទំនាក់ទំងនឹងការចូលទៅកាន់តំណែងជាគ្រូបង្វឹកថ្មីរបស់ Barcelona ។


Barcelona បានបញ្ចប់តំណែងអ្នកចាត់ការទូទៅលោក Ronald Koeman បន្ទាប់ពីក្រុមប្រកួតចាញ់ Rayo Vallecano ១-០ នៅក្របខណ្ឌ La Liga។ ក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិហូឡង់១៤ខែ ក្រុមរហស្សនាមអ្នកមានបុណ្យធ្វើមិនបានល្អឡើយ ទាំងក្នុងលីគ និង Champions League។
 
លោក Sergi Barjuan គ្រូបង្វឹកក្រុមឈុត B របស់ Barca ត្រូវ​បាន​តែងតាំងជាគ្រូបង្គោលឈុតធំជំនួសលោក Koeman ​បណ្ដោះ​អាសន្ន ក្រោមការណែនាំរបស់ប្រធានក្លិបលោក​ Joan Laporta។
 
ស្របពេលគ្នានេះដែរ វីរបុរសក្រុម Barca លោក Xavi ដែលសព្វថ្ងៃជាអ្នកចាត់ការ Al Sadd នៃលីគកំពូលកាតា ត្រូវបានគេរំពឹងថានឹងទៅចូលរួមជាមួយក្លិបចាស់របស់ខ្លួន ក្នុងនាមជាអ្នកចាត់ការវិញ។
 
យ៉ាងណានៅពេលសួរអំពីលទ្ធភាពនៃការវិលត្រឡប់ទៅកាន់ Camp Nou អតីតប្រធានក្រុមជម្រើសជាតិអេស្ប៉ាញរូបនេះបែជានិយាយថាខ្លួនកំពុងផ្តោតលើការងារជាមួយក្រុមបច្ចប្បន្ន មិនទាន់គិតរឿងផ្លាស់ទៅក្លិបថ្មីឡើយ។
 
«ខ្ញុំផ្តោតលើការងារបង្វឹករបស់ខ្ញុំជាមួយ Al Sadd ហើយខ្ញុំនឹងមិននិយាយអំពីអ្វីផ្សេងទៀតទេ»។ នេះជាការបញ្ជាក់បន្ថែមរបស់គ្រូវ័យ៤១ឆ្នាំ។
 
Xavi ឆ្លងកាត់ជាកីឡាករឈុត B រហូតឈុតធំនៅ Barca ក្នុងរយៈពេល១៧ឆ្នាំ។ Xavi បង្ហាញខ្លួនសរុបឱ្យក្រុមឈុតធំ ៧៦៧ប្រកួតក្នុងអាជីព ដោយរកបានគ្រាប់បាល់សុទ្ធបញ្ចូលទី៨៥គ្រាប់ និងបញ្ជូនឱ្យដៃគូសម្រេចទី១៨៤លើក។ 
 
Xavi បានផ្លាស់ទៅចូលរួមជាមួយ Al Sadd ក្នុងឆ្នាំ ២០១៤ ហើយបានបញ្ចប់អាជីពជាកីឡាករបាល់ទាត់នៅឆ្នាំ២០១៩ មុនពេលឡើងជាអ្នកចាត់ការក្រុមដដែលនេះចាប់ពីពេលនោះដល់សព្វថ្ងៃ។ បុរសសញ្ជាតិអេស្ប៉ាញរូបនេះ បន្តជោគជ័យទាំងនៅជាកីឡាករ និងគ្រូបង្វឹកនៅ Al Sadd ដោយជួយក្រុមនេះឈ្នះជើងឯក Qatar Stars League រដូវកាលមុន។
 
បើទោះមានការលើកឡើងរបស់ Xavi អំពីការមិនចង់ចាកចេញពី Al Sadd ក្តី ប៉ុន្តែបើតាមអ្នកកាសែតកីឡាដ៏ល្បីលោក Fabrizio Romano បានសរសេរលើបណ្តាញសង្គមផ្ទាល់របស់ខ្លួនថា Xavi បានព្រមព្រៀងផ្លាស់ទៅ Barca ក្នុងពេលឆាប់ៗនេះហើយ៕
 

Tag:
 Xavi
© រក្សាសិទ្ធិដោយ thmeythmey.com