ជាតិ
CATA ជំរុញសហគមន៍បឹងទន្លេសាបគិតគូរបរិស្ថានឱ្យកាន់តែប្រសើរដើម្បីទាក់ទាញទេសចរ
01, Nov 2021 , 9:19 am        
រូបភាព
សៀមរាប៖ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ហៅកាត់ថា CATA  សហការជាមួយអង្គការមូលនិធិទំពាំងស្នរឫស្សី លើកកម្ពស់ការបរិស្ថានក្នុងសហគមន៍មេជ្រៃ នៃស្រុកពួក។ សមាគមទីភ្នាក់ងារទេសចរណ៍មួយនេះ ចង់ឃើញសហគមន៍ក្នុងបឹងទន្លេសាបទាំងអស់ យល់ដឹង និងគិតគូរពីបញ្ហាបរិស្ថានឱ្យកាន់តែខ្លាំង ដើម្បីបង្កើនភាពស្អាត និងបៃតង ដែលកត្តានេះនឹងកាន់តែទាក់ទាញទេសចរថែមមួយកម្រិតទៀត ពិសេសក្រោយចប់ជំងឺកូវីដ។

 
សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានបង្ហាញស្មារតីខ្ពស់ក្នុងការជួយរៀបចំ និងជ្រោមជ្រែងសហគមន៍មេជ្រៃ នៃភូមិពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ឱ្យក្លាយជាសហគមន៍ទេសចរណ៍ដ៏មានសក្តានុពលនាពេលអនាគត។ សមាគមនេះមើលឃើញថា ភូមិពាមតាអួរមានសក្តានុពលទេសចរណ៍ដ៏ទាក់ទាញ ពិសេសព្រៃលិចទឹក និងសហគមន៍ ដែលគួរត្រូវបានរៀបចំឱ្យបានល្អ ដើម្បីស្វាគមន៍ទេសចរ។
 
 
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន ប្រាប់ថា សមាគមលោកស្រីបានសហការជាមួយអង្គការមូលនិធិទំពាំងស្នងឫស្សី រៀបចំយុទ្ធនាការសម្អាតសំណល់ប្លាស្ទិកក្នុងបឹងទន្លេសាប ដែលវាជាការបញ្រ្ជបចំណេះដឹងដល់សហគមន៍ ឱ្យយល់ដឹងបន្ថែមពីបញ្ហាបរិស្ថាន ពិសេសការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងមិនចោលក្នុងទឹក។ លោកស្រីបន្ថែមថា យុទ្ធនាការនេះ ខាងសមាគមបានផ្តល់ការឧបត្ថម្ភជាអង្ករតាមរយៈគម្រោងប្លាស្ទិកដូរយកអង្ករ ដែលអង្គការមូលនិធិទំពាំងស្នងឫស្សីបានអនុវត្តនាពេលកន្លងមក ហើយនេះជាការចូលរួមជួយសេដ្ឋកិច្ចប្រជាពលរដ្ឋ ដែលជួបប្រទះដោយសារវិបត្តិជំងឺកូវីដ១៩ផងដែរ។
 
«សក្តានុពលទេសចរណ៍ កាលណាធ្វើឱ្យបឹងទន្លេសាបស្អាត ពលរដ្ឋយល់ដឹងភាពស្អាតហើយ អាចទាក់ទាញទេសចរ និងអាចទទួលសេវាកម្មនានា អាចជួយឱ្យសហគមន៍ទាញអត្ថប្រយោជន៍បានច្រើន គាត់អាចលក់សេវាកម្មលើសពីសេវាដឹកជញ្ជូនទៅទៀត»។ នេះជាការលើកឡើងរបស់លោកស្រី ឆាយ ស៊ីវលីន។


 
លោកស្រីបន្តថា៖« សូមអំពាវនាវសហគមន៍ទេសចរណ៍ទាំងអស់ ពិសេសបឹងទន្លេសាប ចូលរួមក្នុងការសម្អាតបរិស្ថានក្នុងទឹក ក៏ដូចជាភូមិឋានទាំងមូល ផ្ទះ...ពេលនោះយើងនឹងមានសក្តានុពលក្នុងការបង្ហាញ ក៏ដូចជាបម្រើទេសចរសម្បូរបែបរបស់យើង ចឹងភ្ញៀវទេសចរក៏ហ៊ានទទួលនូវការបម្រើទាំងនោះ ភ្ញៀវអាចចំណាយលុយច្រើនមកលើសេវាកម្មទាំងអស់ហ្នឹង»។
 
យុទ្ធនាការសម្អាតសំណល់ប្លាស្ទិកបឹងទន្លេសាបរដូវទឹកសម្រកឆ្នាំ២០២១ នេះ បានប្រកាសចាប់ផ្តើមពីថ្ងៃទី៣០ តុលា រហូតដល់ ថ្ងៃទី៣១ ធ្នូ។ យុទ្ធនាការនៅឆ្នាំនេះបានចាប់ផ្តើមដំបូងនៅក្នុងសហគមន៍មេជ្រៃ ដែលមានប្រជាពលដ្ឋចូលរួមសរុប ៣៦០គ្រួសារ។ ចាប់តាំងពីមានជំងឺកូវីដមក ការប្រមូលម្ដុំរៀបចំពិធីធំៗត្រូវបានផ្អាក ក្នុងនោះគម្រោងនេះ ក៏បានផ្លាស់ប្ដូរសកម្មភាព ដោយបំផុសឱ្យពលរដ្ឋប្រមូល ឬទុកដាក់សំណល់ប្លាស្ទិកតាមផ្ទះរៀងៗខ្លួន ដោយក្នុងនោះមានការលើកទឹកចិត្តយកប្លាស្ទិកដូរយកអង្ករ ដែលអង្គការមូលនិធិទំពាំងស្នងឫស្សី និងម្ចាស់ជំនួយនានា បានឧបត្ថម្ភ។ កន្លងទៅ គម្រោងនេះបានអនុវត្តមុនគេនៅសហគមន៍កំពង់ឃ្លាំង ក្រោយមកបន្តដល់សហគមន៍មេជ្រៃ និងបានបង្កើតជង្រុកប្លាស្ទិកនៅចុងឆ្នាំ២០២០ នៅបរិវេណវត្តមេជ្រៃផងដែរ។
 
ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី លោក ស៊ា សុផល មានប្រសាសន៍ថា លោកបានចាប់ដៃគូជាមួយសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ដោយរំពឹងថា សមាគមនឹងជួយរៀបចំសហគមន៍មេជ្រៃ ឱ្យមាននិរន្តរភាពសេដ្ឋកិច្ចតាមរយៈវិស័យទេសចរណ៍។
 
លោក ស៊ា សុផល ពន្យល់ថា៖« ឆ្នាំនេះយើងចាប់ដៃជាមួយ CATA ក្នុងការបញ្រ្ជាបចលនាកម្ពុជាបៃតង កម្ពុជាស្អាត ក្នុងគម្រោងដែលបានធ្វើកន្លងមកជាមួយបរិស្ថាន ដោយសារសហគមន៍ទន្លេសាបស្អាតដែលកំពុងធ្វើនេះ និងជាសហគមន៍ទេសចរណ៍ដែរ ព្រោះថាភ្ញៀវទេសចរក្រៅពីមកលេងអង្គរវត្ត ប្រាសាទ ក៏មកលេងបឹងទន្លេសាប មានភូមិបណ្ដែតទឹកច្រើនតាមសហគមន៍ ដូចមេជ្រៃ...CATA នឹងរៀបចំកញ្ចប់ទស្សនៈកិច្ចនៅទីនេះ ជំរុញវិស័យទេសចរណ៍»។


 
ជាមួយគ្នានេះដែរ ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី បានមើលឃើញការផ្លាស់ប្ដូរឥរិយាបថរបស់សហគមន៍មេជ្រៃ ក្នុងការទុកដាក់សំរាម លែងបោះចោលក្នុងទឹកបន្តទៀត ពិសេសក្រោយមានយុទ្ធនាការអប់រំបរិស្ថាន ឬការលើកទឹកចិត្តការប្រមូលសំរាមប្លាស្ទិកដូរយកអង្ករបានបង្កើតឡើងនៅចុងឆ្នាំ ២០២០កន្លងទៅ។ លោក ស៊ា សុផល យល់ថា វាជាជោគជ័យមួយដែលកើតចេញពីការយល់ដឹងភាពស្អាតរបស់ប្រជាពលរដ្ឋ។ ចំណែកជង្រុកប្លាស្ទិក ពេញដោយសំរាមដែលពលរដ្ឋប្រមូលទុក ដែលតាមការប៉ាន់ស្មាន វាមានចំនួនប្រមាណពី២០ ទៅ២៥តោនហើយ។
 
លោក ស៊ា សុផល បន្តថា៖« យើងមានសកម្មភាពបរិស្ថានហើយ តែអ្វីដែលសំខាន់មិនប៉ុណ្ណោះទេ ត្រូវគិតជីវភាពសហគមន៍ ក្រៅពីជួយអង្ករគាត់តិចតួច យើងចង់មាននិរន្តរភាព នេះជាមូលហេតុដែលខ្ញុំចាប់ជាមួយវិស័យទេសចរណ៍ ព្រោះទេសចរណ៍ជាឆ្នាំងបាយ បរិស្ថានគ្រាន់តែជាផ្គត់គំនិតឱ្យស្អាត តែដើម្បីបានលុយ គឺត្រូវតែទាញទេសចរចូល»។


 
ចំណែកលោកស្រី ឆាយ ស៊ីវលីន ក៏បានបង្ហើបពីគម្រោងដែលសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ត្រៀមសម្រាប់ជួយវិស័យទេសចរណ៍ក្នុងសហគមន៍មេជ្រៃផងដែរ។ លោកស្រីថា៖« យើងនឹងជួយសហគមន៍ឱ្យបង្កើតជាសហគមន៍ផ្ទះស្នាក់ អាហារដ្ឋាន ដែលអាចបម្រើសេវាកម្មហូបចុក អាចទាញទេសចរបានទាំងក្នុងនិងក្រៅស្រុក យើងកំពុងបញ្រ្ជាបចំណេះដឹងដល់គាត់បណ្ដើរៗហើយ ក្នុងការត្រៀម ព្រោះទីនេះមានសក្តានុពលធម្មជាតិទាក់ទាញច្រើន ព្រោះអ្វីៗនៅធម្មជាតិច្រើន»។
 
សូមរំលឹកថា អង្គការមូលនិធិទំពាំងស្នងឫស្សី បានផ្តួចផ្តើមយុទ្ធនាការប្រមូលសំរាមប្លាស្ទិកបឹងទន្លេសាបប្រចាំរដូវទឹកដំឡើង និងរដូវទឹកសម្រក ពីឆ្នាំ២០១៨ មកម្ល៉េះ ដោយចលនាមហាជនតាមរយៈសហគមន៍នានាជុំវិញបឹងទន្លេសាប ដូចជាសហគមន៍កំពង់ឃ្លាំង មេជ្រៃ ចុងឃ្នៀស បឹងពារាំង កំពង់ភ្លុក និងផ្នែកខាងក្រោមនៃស្ទឹងសៀមរាប។ តាមរយៈក្រុមយុវជនស្ម័គ្រចិត្តមេត្រីបរិស្ថានបឹងទន្លេសាប ឬហៅថា TONLE SAP WARRIORS បានចុះអប់រំសហគមន៍ឱ្យចេះវេចខ្ចប់ និងញែកសំរាមឱ្យបានត្រឹមត្រូវ ហើយឈានដល់ការបង្កើតជង្រុកប្លាស្ទិកជាផ្លូវការនៅសហគមន៍មេជ្រៃនៅក្នុងឆ្នាំ២០២០ ក្នុងទិវាអនាម័យបរិស្ថានជាតិ២៣វិច្ឆិកា ដើម្បីគាំទ្រដល់ គម្រោងប្លាស្ទិកប្ដូរយកអង្ករ ដោយមានការគាំទ្រដោយក្រសួងបរិស្ថាន ដែលគម្រោងនេះទទួលបានជោគជ័យដ៏ត្រចេះត្រចង់៕
 


Tag:
 CATA
  សហគមន៍មេជ្រៃ
  អេកូទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com