COVID-19
ជាតិ
នាយករដ្ឋមន្ត្រីកោតសរសើរ កុមារ គង់ សីហា ដែលយកបណ្ណវ៉ាក់សាំងច្រកថង់ដើម្បីបានចូលរៀនដូចគេ
02, Nov 2021 , 2:20 pm        
រូបភាព
សៀមរាប៖ រូបភាពក្មេងប្រុសតូចម្នាក់ដែលអត់ពាក់ស្បែក ដាក់កញ្ចប់នំ [ឬមី] ក្នុងហោប៉ៅ និងមានចងថង់ដាក់ប័ណ្ណវ៉ាក់សាំងពាក់នៅនឹងកអាវ កំពុងអង្រួនអារម្មណ៍ដល់មហាជន ក្នុងនោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន ក៏បានបង្ហោះអារម្មណ៍ផ្ទាល់ខ្លួនចំពោះរូបភាពនេះដែរ។





សម្ដេច ហ៊ុន សែន បានសរសេរក្នុងទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី២ វិច្ឆិកា នេះថា ទោះបីមិនដឹងពីអត្តសញ្ញាណកុមារានេះក្ដី តែសម្ដេចមានមោទកភាពជាខ្លាំងចំពោះកុមារារូបនេះ ដែលចង់រៀនសូត្រ។ សម្ដេចបន្ថែមថា ប័ណ្ណចាក់វ៉ាក់សាំងដែលពាក់នៅក បង្ហាញថាកុមារានោះបានចាក់វ៉ាក់សាំងរួច និងចូលរៀនដោយគ្មានការភ័យខ្លាចជាមួយនឹងការពាក់ម៉ាស់បានត្រឹមត្រូវ។

សម្ដេចបន្តថា៖« ទោះចៅមិនមានស្បែកជើងពាក់ តែតាជឿថាចៅច្បាស់ជាលាងដៃ និងរក្សាអនាម័យបានល្អ»។

សាររបស់ប្រមុខរាជរដ្ឋាភិបាលនៅពេលនេះ បន្ទាប់ពីមហាជនបានបង្ហោះរូបភាពកុមារាខាងលើ ដោយបង្ហាញអារម្មណ៍អាណិតអាសូរ និងកោតសរសើរចំពោះការតស៊ូរៀនសូត្រក្នុងកាលៈទេសៈនេះ។ មានការផ្តល់ព័ត៌មានថា កុមារខាងលើនោះ រស់នៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។

តាមប្រភពពីលោក ហេង ពិសិដ្ឋ មន្រ្តីនៃរដ្ឋបាលស្រុកបន្ទាយស្រី បានឱ្យសារព័ត៌មាន Thmeythmey ឱ្យដឹងថា កុមារារូបនេះ ​ឈ្មោះ គង់ សីហា អាយុ៧ឆ្នាំ រស់នៅភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី។ បច្ចុប្បន្នកុមារា គង់ សីហា រៀននៅថ្នាក់ទី១ នៅសាលាបឋមសិក្សាជ័យ។ កុមារានេះ មានបងប្អូនពីរនាក់ (ជាកូនច្បង) និងមានឪពុកឈ្មោះ ជាង គង់ ម្ដាយឈ្មោះ ថ្លាង ធី មានរបរធ្វើស្រែ នៅខាងស្រុកស្វាយលើ និងតែងយកកូនៗទៅជាមួយ។ អំឡុងពេលចូលរៀនវិញនេះ កុមារ គង់ សីហា ត្រូវបានឪពុកម្ដាយផ្ញើនៅជាមួយបងប្អូន នៅក្បែរផ្ទះ ដើម្បីបាននៅរៀនសូត្រ។

ប្រភពដដែលបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣ វិច្ឆិកា ថ្នាក់ដឹកនាំខេត្ត នឹងយកអំណោយរបស់ប្រមុខរាជរដ្ឋាភិបាល ប្រគល់ជូនកុមារាខាងលើផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com