កីឡាអន្តរជាតិ
អន្តរជាតិ
Solskjaer៖ Ronaldo មានការតស៊ូដូចកំពូលកីឡាករបាល់បោះ Michael Jordan អ៊ីចឹង
03, Nov 2021 , 4:25 pm        
រូបភាព
ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ Cristiano Ronaldo រកបាន២គ្រាប់ ដែលជាគ្រាប់សម្រេចបាន នៅក្នុងម៉ោងបន្ថែមបង្រ្គប់ប្រកួត ទល់នឹងក្រុម Atalanta ក្នុងលទ្ធផល ២-២ នាថ្ងៃទី ២ ខែវិច្ឆិកា។



ក្រោយជួយក្រុមជាថ្មីម្តងហើយម្តងទៀត ពីសំណាក់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Ronaldo ត្រូវបានលោក Ole Gunnar Solskjaer កោតសរសើរមិនដាច់ពីមាត់ថា ទម្រង់លេងរបស់ Ronaldo ប្រៀបដូចទៅនឹងអតីតកំពូលកីឡាករបាល់បោះ គឺលោក Michael Jordan ដែលធ្លាប់ជាកីឡាករល្បីមួយរូប ក្នុងការប្រកួតបាល់បោះក្របខ័ណ្ឌ NBL របស់អាមេរិក។
អ្នកចាត់ការក្រុមបិសាចក្រហមលោក Solskjaer បានសរសើរ Ronaldo ថា« Ronaldo ពិតជាអស្ចារ្យខ្លាំងណាស់ ប្រសិនបើអ្នកណាចង់បានបាល់ចូលទីនៅនាទីចុងក្រោយនោះ សូមក្រឡែកមើលគាត់ទៅ គាត់គឺជាអ្នករកគ្រាប់បាល់ដ៏ពូកែមួយរូប។ ហើយចាប់ពីពេលនេះទៅគាត់ក៏ជាកីឡាករ ដែលរកគ្រាប់បាល់បានច្រើនជាងខ្ញុំទៅទៀតនៅក្រុម Manchester United»។ 


រូបភាព Facebook Page៖ Manchester United

មូលហេតុដែលអ្នកចាត់ការសញ្ជាតិន័រវ៉េរូបនេះ បៀបធៀប Ronaldo ទៅMichael Jordan នេះ ដោយសារតែរូបគេ តែងតែជួយសង្គ្រោះក្រុមនៅម៉ោងចុងក្រោយដូចគ្នា។«គ្រាប់ចុងក្រោយរបស់គេ គឺប្រៀបដូចទៅនឹងកីឡាករបាល់បោះ Michael Jordan អ៊ីចឹងគឺវាដូចជានៅពេលគាត់បានបោះបាល់បញ្ចូលទីគ្រាប់ចុងក្រោយ នៅនាទីចុងម៉ោង ហើយជួយឲ្យក្រុមរបស់គាត់លើកពានរង្វាន់អ៊ីចឹង។ គ្មាននរណាម្នាក់អាចរៀបរាប់ ឬបង្ហាញពីសមត្ថភាពរបស់តួអង្គដូចជារូបគេទាំងពីរបានឡើយ ពួកគេបានបង្ហាញឲ្យអ្នកគ្រប់គ្នាដឹងថា គឺពួកគេមិនដែលចុះចាញ់ឡើយ។ ហើយការប្រកួតនៅយប់នេះយើងពិតជាធ្វើបានល្អ ហើយក្រុមរបស់យើងបានបន្តបង្ហាញនៅភាពខ្លាំងក្លា ជាបន្តបន្ទាប់រហូតដល់វេលាចុងក្រោយ»។ នេះជាសម្តីលោក Solskjaer ប្រាប់ទៅកាន់ទូរទស្សន៍កីឡា BeIN Sport ក្រោយចប់ការប្រកួត។
 

រូបភាព Facebook Page៖ Manchester United

ទោះបីដឹកនាំ២ប្រកួតនេះ បានឈ្នះ និងស្មើមួយប្រកួតក្តី តែកៅអីអ្នកចាត់ការលោក Solskjaer នៅតែស្ថិតក្នុងកម្តៅនៅឡើយ ក្រុម Manchester United នឹងត្រូវប្រកួតក្នុងជំនួប Derby ជាមួយនឹងក្រុមខ្លាំង Manchester City ដែលស្ថិតក្នុងទីក្រុងតែមួយ នាថ្ងៃទី៦ វិច្ឆិកា។

Tag:
 Cristiano Ronaldo
  Michael Jordan
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com