ព័ត៍មានសុខភាព
អន្តរជាតិ
វេជ្ជបណ្ឌិតអង់គ្លេស៖ កុំលេងទូរសព្ទពេលកំពុង​បន្ទោបង់ ប្រយ័ត្ន​កើត​ជំងឺ​ឫសដូងបាត!
06, Nov 2021 , 7:29 pm        
រូបភាព
ដោយ: ធីតា
ក្រុ​ម​វេជ្ជបណ្ឌិត​អង់គ្លេស ព្រមាន​អំពីការកើន​ឡើង​ហានីភ័យ​នៃជំងឺ​ឫសដូងបាត សម្រាប់អ្នក​ដែល​ចូល​ចិត្ត​ប្រើ​ទូរសព្ទ​នៅក្នុង​បង្គន់។ នេះ​បើតាម​ការ​ផ្សាយ​របស់សារព័ត៌មាន​ The Sun ដោយផ្អែក​តាម​លទ្ធផល​សិក្សា​របស់អ្នកជំនាញនានា។

 
ការឆ្លៀត​ពេល​មើលវីដេអូ មើលបណ្តាញសង្គម ឬលេងហ្គេម នៅ​ពេល​កំពុង​បន្ទោបង់​ក្នុងបង្គន់ គឺ​ជារឿងល្អ​មួយ​ដែលបង្ហាញថា​មនុស្ស​ចេះ​ប្រើ​ប្រាស់ស្មាតហ្វូន​គ្រប់ពេល​វេលា ប៉ុន្តែ​ក្រុមវេជ្ជបណ្ឌិត​ជំនាញ​បាន​ព្រមាន​ឲ្យ​ប្រយ័ត្ន​សុខភាព​ខ្លួន ជាពិសេសរន្ធគូទ។
 
​The Sun បាន​ដក​ស្រង់​ការពន្យល់របស់​វេជ្ជបណ្ឌិតជំនាញពី​ករណី​កើតជំងឺឫសដូងបាត ដែលថា៖ «​ប្រសិនបើ​អ្នក​ប្រើទូរសព្ទ អ្នក​ច្បាស់ជា​បន្ត​​អង្គុយយ៉ាង​យូរ​នៅលើ​ចាន​​បង្គន់ ដូច្នេះ​សម្ពាធ​កើនឡើង​លើ​សរសៃ​វ៉ែន​ ហើយបន្ត​​​ចូល​រន្ធ​គូទ​»​។ 
 
ក្រុម​វេជ្ជបណ្ឌិត បាន​ក្រើន​រំលឹកឲ្យ​ដាក់ឧបករណ៍អេឡិចត្រូនិក​ផ្សេងៗនៅ​ក្រៅ​បន្ទប់ទឹក​ ពីព្រោះ​បង្គន់​ដែល​ប្រើ​ប្រាស់​ក៏មាន​មេរោគ​ដ៏ច្រើនសន្ធឹក​សន្ធាប់ផងដែរ។ វេជ្ជបណ្ឌិតឯកទេសផ្នែកអនាម័យ​លោក Lisa Ackerley បានគូស​បញ្ជាក់ថា មេរោគមានគ្រប់ទីកន្លែង ទាំងលើ​ចាន​បង្គន់ ប៊ូតុងកាច់ទឹក ប្រដាប់ក្រឡុកបង្គន់ ក្រដាស ហើយ​មេរោគ​ក៏ឆ្លង​បន្ថែមចូល​តាម​ទូរសព្ទដៃ ពីព្រោះគ្មាន​អ្នកណា​អាចយកទូរសព្ទទៅលាងសម្អាត​កើតនោះឡើយ។
 
ក្រោយចុច​ទូរសព្ទអស់ចិត្ត មនុស្សជាច្រើន​បានយក​ដៃ​ទៅកាន់​ផ្សេងៗទៀត ជាពិសេសនៅ​ពេលជូត ឬលាងជម្រះលាមក ដែលជាហេតុនាំឲ្យមេរោគ​ ឬ​បាក់តេរី បន្ត​ឆ្លងយ៉ាងងាយទៅ​លើ​រន្ធគូទ ហើយឈាន​ដល់​ការចេញ​រោគសញ្ញាឫសដូងបាត ដូចជា​រមាស់រន្ធគូទ ចេញដុំពក និងរង​ឈាមជាដើម។
 
វេជ្ជបណ្ឌិត Ackerley បាន​បញ្ជាក់ថា៖ «ខ្ញុំ​មិនបាន​ព្យាយាមហាមឃាត់​ការប្រើ​ប្រាស់ទូរសព្ទ​ពេល​កំពុង​បន្ទោបង់នោះឡើយ ប៉ុន្តែ​គ្រាន់តែបង្ហាញពី​បញ្ហា​ដែល​ត្រូវប្រឈម។ ​អ្នក​អាច​ប្រើប្រាស់​ទូរសព្ទនៅ​ដៃឆ្វេង ហើយ​ដៃឆ្វេងនោះកុំកាន់​របស់អ្វីផ្សេងទៀតឲ្យសោះ។ តែបើអ្នកជំនាញ​ដៃឆ្វេង ចូរកាន់ទូរសព្ទនៅ​ដៃស្តាំ ហើយកុំប៉ះពាល់អ្វី​ផ្សេងទៀតនៅដៃស្តាំ នោះវាប្រហែលជាកាត់បន្ថយ​ហានីភ័យ​ច្រើន»។
 
លទ្ធផលនៃការ​សិក្សាមួយ​បាន​បង្ហាញថា ពលរដ្ឋអង់គ្លេស​៥៧ភាគរយ បានអះអាងថា ធ្លាប់លេងស្មាតហ្វូន​ពេល​ចូល​បង្គន់ ហើយ​ក្នុងចំណោមនោះ ៨ភាគរយ​បាន​បញ្ជាក់ថា ជាទម្លាប់​ប្រចាំ​របស់ខ្លួន៕

© រក្សាសិទ្ធិដោយ thmeythmey.com