ព័ត៍មានសុខភាព
តើអ្វីទៅជាជំងឺបាក់ទឹកចិត្តក្រោយពេលសម្រាលកូន?
08, Nov 2021 , 8:29 am        
រូបភាព
រូបភាព៖ The Swan Consultancy
រូបភាព៖ The Swan Consultancy
ការបាក់ទឹកចិត្តក្រោយពេលសម្រាលកូន គឺជាប្រភេទមួយនៃជំងឺបាក់ទឹកចិត្ត ដែលកើត​ឡើងលើស្ត្រីទើបតែសម្រាលកូនរួច និងអាចកើតលើបុរសជាប្តីក៏មាន។ ជំងឺបាក់ទឹកចិត្ត​ប្រភេទ​នេះភាគច្រើនកើតឡើងលើស្ត្រីក្រោយសម្រាកកូនក្នុងអំឡុងពេលមួយឆ្នាំ ឬអាចយូរ​ជាងនេះ ប្រសិនបើមិនទទួលការព្យាបាលត្រឹមត្រូវ ហើយអាចប៉ះពាល់សុវត្ថិភាពខ្លួនឯង និងកូនទៀត។

 
ស្ត្រីមានផ្ទៃពោះ ភាគច្រើនតែងត្រេកអរក្រោយពេលសម្រាលកូន តែវាក៏មានស្ត្រីមួយចំនួន​ទៀតមានអារម្មណ៍ភ័យខ្លាច ព្រួយបារម្ភ និងធុញថប់អារម្មណ៍ រហូតដល់កើតជំងឺបាក់ទឹក​ចិត្ត។ ស្ត្រីដែលមានជំងឺបាក់ទឹកចិត្តក្រោយពេលសម្រាលកូនភាគច្រើនជាម្តាយមានកូន​ដំបូង។ ជំងឺនេះក៏អាចកើតលើបុរសជាប្តីបានផងដែរ ហើយវាជារឿងដែលគួរយកចិត្តទុក​ដាក់ដូចជំងឺបាក់ទឹកចិត្តលើមនុស្សទូទៅដែរ។
 
ស្ត្រីដែល​សម្រាលកូន ហើយភ្លាមអាចមានអាការៈឆាប់ប្រែប្រួលអារម្មណ៍ អាចយំ ភ័យខ្លាច បារម្ភច្រើន ពិបាកគេង និងថប់អារម្មណ៍។ ការមានអាការៈបែបនេះក្នុងអំឡុង ២ ទៅ៣ថ្ងៃ ឬបន្តដល់ត្រឹម២សប្តាហ៍ដំបូង បន្ទាប់ពីសម្រាលកូន។ គេហៅថា Baby Blues។ ប៉ុន្តែបើស្ត្រី​នៅតែបន្តមានអាការៈបែបនេះទៀត ឬចាប់ផ្តើមមានអាការៈបែបនេះម្តងទៀតក្នុងរយៈមួយ​ឆ្នាំ ស្ត្រីនោះនឹងត្រូវសន្និដ្ឋានថាមានជំងឺបាក់ទឹកចិត្តក្រោយសម្រាលកូន។ 
 
អាការៈនៃជំងឺបាក់ទឹកចិត្តក្រោយសម្រាលកូនមិនសូវខុសពីអាការៈ Baby Blues ឡើយ​គ្រាន់តែមានលក្ខណៈធ្ងន់ធ្ងរជាងបន្តិចនិងកើតឡើង ក្នុងរយៈពេលយូរ។ អាការៈទាំងនោះ​ មានដូចជាកើតទុក្ខច្រើន ហត់នឿយ ពិបាកគេង មិនចង់និយាយស្តី​ជាមួយអ្នកដទៃ ពិបាក​សម្រេចចិត្ត មិនជិតស្និទ្ធជាមួយកូន និងមានគំនិតគួរឱ្យខ្លាច ដូចជាការធ្វើបាបកូន ឬខ្លួន​ឯងជាដើម។
 
យ៉ាងណាមិញ តាមការចុះផ្សាយលើទំព័រមជ្ឈមណ្ឌលផ្តល់សេវាសុខភាពជាតិរបស់អង់គ្លេស (NHS) ស្ត្រីភាគច្រើនមិនដឹងឡើយថា ខ្លួនកំពុងកើតជំងឺបាក់ទឹកចិត្តក្រោយសម្រាលកូន ព្រោះវាអាចវិវដ្ដបន្តិចម្តងៗ។ 
 
មកដល់ពេលនេះ មូលហេតុដែលបណ្តាលឱ្យកើតជំងឺបាក់ទឹក​ចិត្តក្រោយពេល​សម្រាល នៅមិនទាន់អាចបញ្ជាក់ច្បាស់នៅឡើយទេ។ ​ប៉ុន្តែអ្នកជំនាញបានសន្និដ្ឋានថាវាអាច​បណ្តាលមកពីកត្តាជាច្រើនរួមមានបញ្ហាផ្លូវចិត្តផ្ទាល់ខ្លួន ដូចជាធ្លាប់រងគ្រោះដោយជំងឺបាក់​ទឹកចិត្ត មានបញ្ហាក្នុងគ្រួសារ មានរបួស​ផ្លូវចិត្តនិងរាងកាយដោយសារអំពើ​ហិង្សា ធ្លាប់បាត់​បង់មនុស្សជាទីស្រលាញ់ និងអាចមកពី​គ្មានអ្នកជួយលើកទឹកចិត្តជាដើម។ 
 
ការបាក់ទឹកចិត្តក្រោយពេលសម្រាលកូន គឺជាជំងឺដែលគួរឱ្យព្រួយបារម្ភតែវាមានវិធីព្យាបាល និងការជួយគាំទ្រជាច្រើនប្រកបដោយប្រសិទ្ធភាព។ អ្នកជំងឺអាចជួយខ្លួនឯងបានដោយ​ការហ៊ាននិយាយដោយបើកចំហរពីអារម្មណ៍ទៅកាន់មិត្តភក្តិ ឬគ្រួសារ ទទួលទានអាហារ​ល្អៗឱ្យគ្រប់គ្រាន់ ហាត់ប្រាណ ធ្វើរឿងដែលចង់ធ្វើ​ហើយឱ្យសប្បាយចិត្ត។ អ្នកជំងឺក៏អាច​ស្វែងរកការព្យា​បាលបែបចិត្តសាស្ត្រ ឬអាចទទួលការព្យាបាលដោយប្រើថ្នាំប្រសិនបើអ្នក​ជំងឺមានអាការៈ​ធ្ងន់ធ្ងរ៕ 

© រក្សាសិទ្ធិដោយ thmeythmey.com