ជាតិ
សៀមរាប៖ បើកសាលាឡើងវិញ តែសិស្សមួយចំនួនមិនទាន់ចូលរៀនវិញឡើយ
07, Nov 2021 , 3:10 pm        
រូបភាព
សៀមរាប៖ សាលារៀនគ្រប់កម្រិតទាំងអស់ក្នុងខេត្តសៀមរាប បានបើកទ្វារដំណើរការឡើងវិញទាំងស្រុងពីថ្ងៃទី១ វិច្ឆិកា មក។ យ៉ាងណាក្ដី សាលាខ្លះមិនទាន់រៀបចំរួចរាល់នៅឡើយ ដោយចូលរៀនតែថ្នាក់សម្រាប់ប្រឡងប៉ុណ្ណោះ ចំណែកសិស្សក៏មិនទាន់ចូលរៀនគ្រប់គ្នាដែរ។

 
សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 
 
 
ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប លោក លី ប៊ុនណា មានប្រសាសន៍ថា សិស្សខ្លះនៅអវិជ្ជមាននៅឡើយសម្រាប់ការចូលរៀនសប្ដាហ៍ទី១នេះ ហើយខាងសាលាកំពុងទាក់ទងទៅកូនសិស្សទាំងនោះជាបន្តបន្ទាប់។ លោកប្រធានមន្ទីរមិនច្បាស់ចំពោះការបញ្ជាក់ថា កូនសិស្សទាំងនោះឈប់រៀនឬយ៉ាងណាទេ ដែលតាមការយល់ឃើញ ប្រហែលការបើកដំណើរថ្នាក់រៀនឡើងវិញភ្លាមៗនេះ សិស្សខ្លះមិនទាន់ត្រៀមរួចរាល់ក៏ថាបាន។
 
លោក លី ប៊ុនណា បន្ថែមថា៖« ដោយសារទើបបើកសាលារៀន ហើយកន្លែងខ្លះ លទ្ធភាពក្នុងការរៀបចំជាវេន ចឹងមិនទាន់ជាក់លាក់នៅឡើយ ជាទូទៅ កន្លែងខ្លះបើកគ្រប់កម្រិត កន្លែងខ្លះ យកថ្នាក់ទី៩ ទៅ១២ ជាសំខាន់ ព្រោះមិនអាចរៀចចំគ្រប់ថ្នាក់បាន ហើយករណីខ្លះ សិស្សមិនទាន់វិលត្រឡប់ពីស្រុកកំណើត ព្រោះខ្លះទៀតគាត់ចំណាកស្រុកដែរ»។
 
បន្ថែមពីនេះ លោក លី ប៊ុនណា បានមើលឃើញសញ្ញាវិជ្ជមានជាច្រើនក្នុងការការបើកសាលារៀនឡើងនៅវិញនេះ ដោយលោករំពឹងថា វាអាចឈានទៅរកប្រក្រតីជាបណ្ដើរៗហើយ និងពុំមានបញ្ហាចោទធំដុំនោទេ។ លោកប្រធានមន្ទីរអប់រំ បញ្ជាក់ថា បុគ្គលិក និងសិស្សខ្លះបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ តាមរយៈការធ្វើតេស្ដរហ័ស ហើយថ្នាក់ដឹកនាំសាលាបានចាត់វិធានការភ្លាមៗ ដោយឱ្យព្យាបាល និងធ្វើចត្តាឡីស័ក ចំណែកអ្នកមិនពាក់ព័ន្ធ គឺចូលរៀនធម្មតា។
 
នាយកវិទ្យាល័យ ១០ មករា ១៩៧៩ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា សាលារបស់លោកចូលរៀនវិញសម្រាប់សិស្សថ្នាក់ទី៩ និងទី១២ប៉ុណ្ណោះ ដោយចែកជាពីរវេន ពេលព្រឹកសម្រាប់ថ្នាក់ទី១២ និងរសៀលសម្រាប់ថ្នាក់ទី៩។ លោក គឹម ឡេង ប្រាប់ថា សិស្សខ្លះមិនទាន់ចូលរៀនវិញទេ តែចំនួននេះមានតិចតួចប៉ុណ្ណោះ៕

Tag:
 សៀមរាប
  លី ប៊ុនណា
© រក្សាសិទ្ធិដោយ thmeythmey.com