ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ផៃ ស៊ីផាន៖ គ្មានភាពចាំបាច់​ស៊ើបលើ​មន្ត្រីខ្មែរ២រូបដែលអាម៉េរិកដាក់ទណ្ឌកម្ម ជាឯកតោភាគីឡើយ
11, Nov 2021 , 11:36 am        
រូបភាព
ភ្នំពេញ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលអះអាងថា ការដាក់ទណ្ឌកម្មរបស់អាម៉េរិកលើ​មន្ត្រីជាន់ខ្ពស់​យោធា ពីររូប គឺជារឿងអយុត្តិ​ធម៌ ដែល​សម្រេចឡើងដោយឯកតោភាគី ដូច្នេះគ្មាន​ឡើយ​ការស៊ើបអង្កេត​ និង​ការ​បក​ស្រាយ​ត្រឡប់ទៅវិញ​ពីភាគី​កម្ពុជា។



ក្រសួងរតនាគារ និងក្រសួងការបរទេសសហរដ្ឋអាម៉េរិក កាលពី​ថ្ងៃទី១០ ខែ​វិច្ឆិកា បានបង្ហាញឈ្មោះ មន្រី្តយោធាកម្ពុជា ពីររូប គឺលោក ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស នៃក្រសួងការពារជាតិ និងលោក ទៀ វិញ មេបញ្ជាការ​កងទ័ព​ជើងទឹក ដែលត្រូវបានសម្រេចដាក់បញ្ជីខ្មៅពាក់ព័ន្ធនឹងអំពើរពុករលួយ។ អាម៉េរិកបានចោទថា មន្រី្តទាំងពីររូបនេះ ពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចលើគម្រោងសាងសង់អគារមូលដ្ឋានយោធាជើងទឹករាម។

នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស នៃក្រសួងការពារជាតិ។ រូបថត អគ្គនាយកដ្ឋានសម្ភារបច្ចេកទេស

ជុំវិញការចោទប្រកាន់នេះ លោក ផៃ ស៊ីផាន បានយល់ថា ជាការរើសអើង និងមាននិន្នាការនយោបាយ។ លោកចាត់ទុក ថា ជារឿងអយុត្តិធម៌ ព្រោះជាការសម្រេចដោយឯកតោភាគី។ លោកបានបញ្ជាក់ថា ភាគីកម្ពុជាមិនធ្វើការស៊ើបអង្កេត លើមន្រី្តទាំងពីររូបនេះឡើយ ព្រោះគ្មានភាពចាំបាច់ត្រូវបង្ហាញភាពស្អាតស្អំជាមួយនឹងការសម្រេចដោយឯកតោភាគី។

អ្នកនាំពាក្យរូបនេះ ថ្លែងប្រាប់ ThmeyThmey តាមទូរសព្ទនៅថ្ងៃទី១១ ខែវិច្ឆិកា​ យ៉ាងដូច្នេះថា៖ «យើងអត់ទទួល ស្គាល់ [ការចោទប្រកាន់លើមន្រ្តីកម្ពុជា] ដោយឯកតោភាគី…យើងពុំមានកាតព្វកិច្ចរក ឬស៊ើបអង្កេតលើវិធានការ ចោទ ប្រកាន់មន្រី្តកម្ពុជាណាមួយឡើយ ព្រោះមន្រី្តណាដែលជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ​ កម្ពុជា មានអង្គភាពប្រឆាំង អំពើពុករលួយ និងដែនសមត្ថកិច្ចសម្រាប់ធ្វើកិច្ចការនេះ»។


លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាលកម្ពុជា។ រូបថតពីហ្វេសប៊ុក​របស់​លោក

ជាមួយគ្នាដែរ លោក ផៃ ស៊ីផាន បានបញ្ជាក់ឲ្យដឹងថា ប្រសិនកម្ពុជាធ្វើការស៊ើបអង្កេតលើមន្រី្តគ្រប់រូបតាមដែលក្រុម ឬប្រទេសដទៃចោទប្រកាន់នោះ កម្ពុជាលែងមានទំនួលខុសត្រូវ រួមទាំងអធិបតេយ្យភាព។ ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ សារព័ត៌មានថ្មីៗ មិនអាចសុំការបកស្រាយពី លោក ទៀ វិញ តាមប្រព័ន្ធទូរសព្ទបានឡើយ ដោយសារលោកប្រាប់ថា ជាប់រវល់ប្រជុំ។

បើតាមក្រសួងរតនាគាររបស់អាម៉េរិកចេញថ្ងៃទី១០វិច្ឆិកា មន្រី្តយោធាទាំងពីររូប គឺត្រូវដាក់ទណ្ឌកម្មតាមច្បាប់ Global Magnitsky ដែលជាទោសសម្រាប់អ្នករំលោភសិទ្ធិមនុស្សនិងប្រព្រឹត្តអំពើរពុករលួយធ្ងន់ធ្ងរ។

ជុំវិញ​ករណីនេះ ក្រសួងការបរទេសអាម៉េរិក​ បាន​អះអាង​ពី​ការប្តេជ្ញារបស់ខ្លួន​ចំពោះប្រជាជនកម្ពុជា និងបំណងប្រាថ្នារបស់ពួកគេដើម្បីសុខសន្តិភាព ភាពរុងរឿង ប្រជាធិបតេយ្យ និងអនាគតប្រកបដោយសមធម៌។ ដើម្បីគាំទ្រចំពោះការប្តេជ្ញានេះ យើងប្រកាសនូវការរឹតបន្តឹងថ្មីលើផ្នែកទិដ្ឋាការចំពោះ លោក ចៅ ភិរុណ និង លោក ទៀ វិញ ដោយសារតែការប្រព្រឹត្តអំពើពុករលួយ។


នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងទឹក។ រូបថត កងទ័ពជើងទឹក

ក្រសួងការបរទេសអាមេរិក ​ក៏បានលើក​ឡើងពីការប្តេជ្ញាចំពោះប្រជាជននៃប្រទេសកម្ពុជា ក្នុងការជំរុញនូវគណនេយ្យភាព ចំពោះសកម្មភាពបទឧក្រិដ្ឋ ការធ្វើជំនួញពុករលួយ និងការរំលោភ បំពានផ្នែកសិទ្ធិ មនុស្ស តាមរយៈកិច្ចប្រឹងប្រែងលើសកម្មភាពរួមគ្នាក្នុងរដ្ឋាភិបាល និងការធ្វើការសហការ យ៉ាងជិតស្និទ្ធជាមួយ វិស័យឯកជន ។

អត្ថបទទាក់ទង

កន្លងមកកាលពីឆ្នាំ២០១៩ លោកគន់ គីម រួមនឹងសមាជិកគ្រួសារ៣នាក់ ត្រូវបាន អាម៉េរិកនេះសម្រេចដាក់ទណ្ឌកម្ម បង្កកទ្រព្យសម្បត្តិផងផងដែរ។ ជាមួយគ្នាដែរ លោក ទ្រី ភាព ក៏ត្រូវបានដាក់ទណ្ឌកម្ម។ ការសម្រេចនេះ គឺដោយាសារអាមេរិកពិនិត្យឃើញពួកគេ ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ​ជាច្រើន​ករណី រួមមានការគ្រប់គ្រង​ទ្រព្យ​សម្បត្តិ​​រដ្ឋ​ ​ការ​រឹបអូស​ទ្រព្យសម្បត្តិ​ឯកជន​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ​និងការ​ទាញ​យក​ធនធាន​ធម្មជាតិជាដើម។

នៅឆ្នាំ២០១៨ លោក ហ៊ីង ប៊ុនហៀង មេ​បញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​របស់​លោក​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ហ៊ុន សែន ក៏បានរងទណ្ឌកម្មរបស់អាមេរិកដែរ៕


Tag:
 ទណ្ឌកម្ម
  អាមេរិក-កម្ពុជា
  Global Magnisky
© រក្សាសិទ្ធិដោយ thmeythmey.com