ជាតិ
ក្រសួងការបរទេស៖ ការដាក់ទណ្ឌកម្មលើមន្រី្តខ្មែរ២រូប ជាយុទ្ធនាការលាបពណ៌របស់អាមេរិក
12, Nov 2021 , 8:59 pm        
រូបភាព
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ(រូបពី ទំព័រហ្វេសប៊ុកក្រសួងការបរទេស)
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ(រូបពី ទំព័រហ្វេសប៊ុកក្រសួងការបរទេស)
ដោយ: ថ្មីៗ
ជាតិ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចាត់ទុកការដាក់ទណ្ឌកម្មរបស់អាមេរិក មកលើមន្រី្តខ្មែរ២រូប ជារឿងហួសព្រំដែន ហើយគ្មានមូលដ្ឋានច្បាស់លាស់ឡើយ ។

 
 
សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសថា ការដាក់ទណ្ឌកម្មជាឯកតោភាគីរបស់អាមេរិក មិនត្រឹមតែបំពានច្បាប់អន្តរជាតិ និងបទដ្ឋានទំនាក់ទំនងអន្តរជាតិនោះទេ គឺជាទង្វើនៃការមើលងាយលើឯករាជ្យភាព។ បើតាមក្រសួងការបរទេស ការចោទមន្រី្តកម្ពុជាពុករលួចនិងមិនគោរពសិទ្ធិមនុស្ស គឺអាមេរិកសម្រេចតាមហេតុផលភូមិសាស្រ្តនយោបាយ។ 
 

នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស នៃក្រសួងការពារជាតិ។ រូបថត អគ្គនាយកដ្ឋានសម្ភារបច្ចេកទេស
 
«យុទ្ធនាការលាបពណ៌ និងការដាក់ទណ្ឌកម្មជាឯកតោភាគី របស់អាមេរិកប្រឆាំងនឹងបុគ្កលសាធារណៈនៃរដ្ឋធិបតេយ្យមួយ មិនត្រឹមតែបំពានលើច្បាប់អន្តរជាតិ និងបទដ្ឋានមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែបានបង្ហាញពីការម៉ាក់ងាយទាំងស្រុងដល់ឯករាជ្យភាព និងជាការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងទៀតផងដែរ»។ នេះបើតាមសេចក្ដីថ្លែងការណ៍អ្នកនាំពាក្យក្រសួងការបរទេស ចេញថ្ងៃទី១២ វិច្ឆិកា។ 
 
ការសម្រេចដាក់ទណ្ឌកម្មរបស់អាមេរិកនេះ គឺផ្ទុយនឹងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលថ្កោលទោសយ៉ាងខ្លាំង លើការបន្តប្រើប្រាស់វិធានការបង្ខំជាឯកតោភាគីរបស់មហាអំណាច។ ជាក់ស្ដែង គឺការដាក់សម្ពាធលើប្រទេសអភិវឌ្ឍន៍តិចតួច និងប្រទេសកំពុងអភិវឌ្ឍន៍ ដោយសំដៅមិនឲ្យប្រទេសទាំងនោះអនុវត្តសិទ្ធិស្វ័យជ្រើសយកប្រព័ន្ធនយោបាយ សេដ្ឋកិច្ច និងសង្គមរបស់ខ្លួន។ នេះបើតាមអ្នកនាំពាក្យ ដោយអះអាងថា កម្ពុជាតែងតែប្រាថ្នាចង់ឲ្យមានទំនាក់ទំនងជិតស្និទ្ធជាមួយអាមេរិក។
 
សេចក្ដីថ្លែងការណ៍ដដែល បានសរសេរយ៉ាងដូច្នេះថា ៖ «ទណ្ឌកម្មដែលដាក់ចេញដោយមិនស្របច្បាប់នេះ គឺជាការបោះជំហានខុសទិសដៅមួយទៀត ដែលងាកចេញទាំងស្រុងពីស្មារតីមិត្តភាព…»។ 
 
ក្រៅពីនេះ កិច្ចខំប្រឹងប្រែក្នុងការជំរុញភាពជាដៃគូ ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ រក្សាសន្តិភាព ទំនាក់ទំនងប្រជាជននិងប្រជាជន និងបញ្ហាសំខាន់ៗក្នុងតំបន់ នៃផលប្រយោជន៍រួម
ក៏ត្រូវបានងាកចេញដែរ។ 
 
កាលពីថ្ងៃទី១០វិច្ឆិកានេះ ក្រសួងរតនាគារ និងក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានបង្ហាញឈ្មោះ មន្រី្តយោធាកម្ពុជា ពីររូប គឺលោក ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស នៃក្រសួងការពារជាតិ និងលោក ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក ដែលត្រូវបានសម្រេចដាក់បញ្ជីខ្មៅពាក់ព័ន្ធនឹងអំពើរពុករលួយ។ អាម៉េរិកបានចោទថា មន្រី្តទាំងពីររូបនេះ ពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចលើគម្រោងសាងសង់អគារមូលដ្ឋានយោធាជើងទឹករាម។ មន្រី្តយោធាទាំងពីររូប គឺត្រូវដាក់ទណ្ឌកម្មតាមច្បាប់ Global Magnitsky ដែលជាទោសសម្រាប់អ្នករំលោភសិទ្ធិមនុស្សនិងប្រព្រឹត្តអំពើរពុករលួយធ្ងន់ធ្ងរ។
 

នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងទឹក។ រូបថត កងទ័ពជើងទឹក
 
ជុំវិញការចោទប្រកាន់នេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលចាត់ទុកថា ជារឿងអយុត្តិធម៌ ការរើសអើង និងមាននិន្នាការនយោបាយ ព្រោះជាការសម្រេចដោយឯកតោភាគី។ លោកបានបញ្ជាក់ថា ភាគីកម្ពុជាមិនធ្វើការស៊ើបអង្កេត លើមន្រី្តទាំងពីររូបនេះឡើយ ព្រោះគ្មានភាពចាំបាច់ត្រូវបង្ហាញភាពស្អាតស្អំជាមួយនឹងការសម្រេចដោយឯកតោភាគី។ 
 
កន្លងមកកាលពីឆ្នាំ២០១៩ លោកគន់ គីម រួមនឹងសមាជិកគ្រួសារ៣នាក់ ត្រូវបាន អាម៉េរិកនេះសម្រេចដាក់ទណ្ឌកម្ម បង្កកទ្រព្យសម្បត្តិផងផងដែរ។ ជាមួយគ្នាដែរ លោក ទ្រី ភាព ក៏ត្រូវបានដាក់ទណ្ឌកម្ម។ ការសម្រេចនេះ គឺដោយាសារអាមេរិកពិនិត្យឃើញពួកគេ ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយជាច្រើនករណី រួមមានការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការរឹបអូសទ្រព្យសម្បត្តិឯកជនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងការទាញយកធនធានធម្មជាតិជាដើម។
 
នៅឆ្នាំ២០១៨ លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្សរបស់លោកនាយករដ្ឋមន្រ្តីកម្ពុជាហ៊ុន សែន ក៏បានរងទណ្ឌកម្មរបស់អាមេរិកដែរ៕
 

Tag:
 អាមេរិក-កម្ពុជា
  ទណ្ឌកម្ម
  Global Magnitsky
© រក្សាសិទ្ធិដោយ thmeythmey.com