ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ជួយចែករំលែក! ចង់ស្រកទម្ងន់បានរាងស្លីមស្អាត? ព្រឹកឡើងគួរញ៊ាំ ពងមាន់ពងទា និងអាហារទាំងនេះផង
14, Nov 2021 , 6:59 am        
រូបភាព
ចង់ស្រកទម្ងន់បានរាងស្លីមស្អាតមែនទេ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរញ៊ាំរាល់ព្រឹកដើម្បីអាចស្រកទម្ងន់ ៖

 
១. តែបៃតង
 
សារធាតុ polyphenol ក្នុងតែបៃតងមានប្រសិទ្ធភាពបង្កើនការដុតរំលាយអាហារក្នុងរាងកាយដែលចាំបាច់ណាស់សម្រាប់អ្នកចង់ស្រកទម្ងន់។ ម្យ៉ាងវិញទៀតតែបៃតងជាប្រភពដ៏ប្រសើរនៃវីតាមីនសំខាន់ៗ ព្រមទាំងម៉ង់កាណែស ជាតិរ៉ែចាំបាច់ រួមបញ្ចូលទាំង chromium ជាតិស័ង្កសី និងសេលេញ៉ូម រួមជាមួយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយដុតបំផ្លាញជាតិខ្លាញ់ និងកាឡូរីបានឆាប់។ តែបៃតងក៏អាចដើរតួជាភេសជ្ជៈបន្សាបជាតិពុលផងដែរព្រោះវាផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម។ ការទទួលទានតែបៃតងមួយពែងនៅពេលព្រឹក ដើម្បីបន្សាបជាតិពុល និងដុតរំលាយជាតិខ្លាញ់។
 
២. គ្រាប់ធញ្ញជាតិ
 
មានផ្ទុកសម្បូរទៅដោយវីតាមីន, ជាតិរ៉ែ, ជាតិសសៃ និងអាស៊ីតខ្លាញ់សុខភាពល្អដែលសារធាតុចិញ្ចឹមទាំងនេះបង្កើនភាពឆ្អែត, កាត់បន្ថយការរលាក ព្រមទាំងបន្សាបជាតិពុលដែលរក្សាភាពសកម្មនៃកោសិកា ហើយជួយឱ្យដំណើរការមុខងារប្រក្រតី។ នៅពេលកោសិកាដំណើរការមុខងារបានល្អ នោះអត្រានៃការដុតរំលាយអាហារប្រាកដជាកើនឡើង។ អ្នកអាចរួមបញ្ចូលគ្រាប់ធញ្ញជាតិក្នុងអាហារពេលព្រឹកដើម្បីបង្កើនការដុតរំលាយអាហារ។
 
៣. ស៊ុត
 
មិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន, ប្រូតេអ៊ីន, អាស៊ីតខ្លាញ់សុខភាពល្អ និងជាតិរ៉ែ។ ការរួមបញ្ចូលស៊ុតក្នុងអាហារពេលព្រឹកជួយពន្លឿនការដុតរំលាយអាហារគួរឱ្យកត់សម្គាល់។ បន្ថែមពីនេះបរិមាណនៃសារធាតុចិញ្ចឹមប្រូតេអ៊ីនក៏ជួយអោយអ្នកស្រកទម្ងន់បានឆាប់តាមរយៈការកាត់បន្ថយចំណង់អាហារ និងជួយឱ្យឆ្អែតបានយូរផងដែរ។
 
៤. ក្រូចឆ្មារ
 
មានផ្ទុកសម្បូរទៅដោយវីតាមីន C, ជាតិសសៃ, ជាតិរ៉ែ និងសារធាតុចិញ្ចឹមជាច្រើនផ្សេងទៀត ព្រមទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ជាលទ្ធផលជួយកម្ចាត់រ៉ាឌីកាល់សេរីគ្រោះថ្នាក់ ហើយរក្សាមុខងារកោសិកាប្រក្រតី ព្រមទាំងជួយដល់ការដុតរំលាយអាហារនិងទប់ស្កាត់ការស្តុកទុកនូវជាតិខ្លាញ់។
 
៥. គ្រាប់ជី
 
គ្រាប់ជីមានផ្ទុកវីតាមីន B ខ្ពស់ដែលជួយពន្លឿនការដុតរំលាយអាហារក្នុងរាងកាយ។ លើសពីនេះទៅទៀតគ្រាប់ជីក៏ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្កា ៦ ដែលមានប្រសិទ្ធភាពជួយឱ្យស្រកទម្ងន់ដែលលើសផងដែរ។ បន្ថែមពីនេះជាតិសសៃខ្ពស់ក្នុងគ្រាប់ជីជួយឱ្យឆាប់ឆ្អែតនិងមានអារម្មណ៍ឆ្អែតបានយូរ។ វាជួយកាត់បន្ថយចំណង់អាហារធ្វើឱ្យស្រកទម្ងន់។ លើសពីនេះទៅទៀត គឺគ្រាន់ជីរីកមាឌនៅពេលស្រូបទឹក។ អ្នកគ្រាន់តែបន្ថែម ១ ឬ ២ ស្លាបព្រាបាយនៃគ្រាប់ជីឆៅក្នុងទឹកកូរឱ្យសព្វ ហើយទទួលទានភ្លាមជាការស្រេច។ គ្រាប់ជីក៏មានសមត្ថភាពដុតបំផ្លាញខ្លាញ់ក្បាលពោះគួរឱ្យកត់សម្គាល់។
 
៦. កាហ្វេ
 
ក៏ដូចនឹងតែបៃតងដែរ កាហ្វេមានប្រសិទ្ធិភាពបង្កើនឥទ្ធិពល thermic ដែលបង្កើនអត្រាដុតរំលាយអាហារក្នុងរាងកាយនិងកម្ចាត់ជាតិខ្លាញ់។ ការទទួលទានកាហ្វេខ្មៅ ១ពែងដោយមិនបន្ថែមស្ករ ឬជាតិផ្អែមផ្សេងទៀតអាចជួយដុតបំផ្លាញជាតិខ្លាញ់បានយ៉ាងប្រសើរ។
 
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com