ជាតិ
សង្គមជាតិ
ទោះអាចចូលថ្វាយបង្គំតាមវិហារអ៊ិស្លាមវិញ តែអ្នកដឹកនាំសាសនាក្រើនរំលឹកកុំឱ្យភ្លេចកូវីដ-១៩
14, Nov 2021 , 9:59 am        
រូបភាព
 វិហារឥស្លាមអាល់សើរអាល់ភ្នំពេញ
វិហារឥស្លាមអាល់សើរអាល់ភ្នំពេញ
ភ្នំពេញ៖ នៅចុងសប្ដាហ៍នេះ ក្រសួងធម្មការ និងសាសនា បានសម្រេចអនុញ្ញាតឱ្យមានការរៀបចំ ជួបជុំ ក្នុងពិធីសាសនាឡើងវិញ។ ដំណឹងនេះមានការសាទរជាខ្លាំង  រួមទាំងសាសនិកអ៊ិស្លាមផងដែរ ដែលខកខានក្នុងការជួបជុំថ្វាយបង្គំនៅតាមវិហារច្រើនខែមកនេះ។ មេដឹកនាំសាសនា បានបន្តក្រើនរំលឹកពីការថែរក្សាសុខភាព ខណៈដែលជំងឺកូវីដ១៩ មិនទាន់សាបសូន្យ។

 
ក្រសួងធម្មការ និងសាសនា តាមរយៈសេចក្ដីជូនដំណឹងថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០២១ អនុញ្ញាតឱ្យបើកដំណើរការឡើងវិញ ពិធីសាសនា ការជួបជុំ និងកម្មវិធីផ្សេងៗបែបសាសនា។ ក្រសួងបញ្ជាក់ថា ការអនុញ្ញាតនេះ ត្រូវអនុវត្តតាមចំនួនដែលបានកំណត់របស់រដ្ឋបាលរាជធានី-ខេត្ត ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
 
ភ្លាមៗក្រោយទទួលបានដំណឹងនេះ សាធារណជន ពិសេសសាសនិកអ៊ីស្លាម បានអបអរសាទរ ចំពោះការវិលត្រឡប់មករកស្ថានភាពដើមវិញជាប្រក្រតី ហើយអាចចូលសឡាត ឬថ្វាយបង្គំជុំគ្នាតាមវិហារសាសនារបស់ខ្លួនវិញ។
 
ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ីស្លាមកម្ពុជា លោក សុះ កំរ៉ី បានថ្លែងការអរគុណចំពោះប្រមុខរាជរដ្ឋាភិបាល ដែលអនុញ្ញាតឱ្យសាសនិកអ៊ីស្លាមបើកម៉ាស្ជិទ ស៊ូរ៉ាវ ឬវិហារឡើងវិញនៅពេលនេះ។ យ៉ាងណាក្ដី ក្នុងថ្ងៃសុក្រ ដែលជាថ្ងៃសាសនិកអ៊ីស្លាមជួបជុំគ្នាប្រចាំសប្ដាហ៍ និងជាថ្ងៃសំខាន់ លោក កំរ៉ី បានបន្តក្រើនរំលឹកថាកាតព្វកិច្ចសម្រាប់អ្នកចូលរួម ដែលរួមមាន រក្សាគំលាត ត្រូវកាត់បន្ថយអ្នកចូលរួមមិនឱ្យលើសពី២០០នាក់ មិនត្រូវទៅវិហារទេសម្រាប់អ្នកដែលមានអារម្មណ៍មិនស្រួលខ្លួន កាត់បន្ថយរយៈពេលថ្វាយបង្គំ មិនត្រូវចាប់ដៃគ្នា ចំណែកកូនក្មេងមិនទាន់គ្រប់អាយុ គួរលើកទឹកចិត្តមិនឱ្យថ្វាយបង្គំជុំគ្នា ហើយអ្នកមិនទាន់ចាក់វ៉ាក់សាំង ក៏មិនគួរទៅដែរ។
 
សាសនិកអ៊ីស្លាមកម្ពុជា បានខកខានក្នុងការប្រតិបត្តិថ្វាយបង្គំជុំគ្នាតាមវិហារសាសនា រយៈពេលចុងក្រោយពីខែ កុម្ភៈមកហើយ ក្រោយព្រឹត្តិការណ៍ ២០ កុម្ភៈ នៃជំងឺកូវីដ១៩ បានផ្ទុះការឆ្លងរាលដាលធ្ងន់ធ្ងរ។ យ៉ាងណា នៅដើមខែ វិច្ឆិកា នេះប្រមុខរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេស និងវិស័យនានាឡើងវិញ ក្រោយស្ថានភាពមានការធូរស្រាលខ្លាំង និងឱ្យពលរដ្ឋរៀនរស់ក្នុងបរិបទថ្មីនេះ៕
 

Tag:
 វិហារអ៊ីស្លាម
© រក្សាសិទ្ធិដោយ thmeythmey.com