ជាតិ
គម្រោងជួសជុលស្ពានហាលអង្គរវត្ត គ្រោងបញ្ចប់ទាំងស្រុងនៅចុងឆ្នាំនេះ
14, Nov 2021 , 5:59 pm        
រូបភាព
សៀមរាប៖ គម្រោងជួសជុលស្ពានហាលអង្គរវត្ត ដែលជាគម្រោងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន សម្រេចបានស្ទើរតែ១០០ភាគរយហើយ។ ការជួសជុលនេះ គ្រោងនឹងបញ្ចប់ទាំងស្រុងនៅបំណាច់ឆ្នាំ២០២១ នេះ។

 
 
 
ប្រធានគម្រោងជួសជុល លោក អន សុភាព ឱ្យដឹងថា បច្ចុប្បន្នក្រុមការងារលោកកំពុងបង្ហើយការងារនៅផ្នែកកម្រាលស្ពានដែលស្ទើររួចរាល់ទាំងស្រុង និងកំពុងបន្តការងារនៅផ្នែកគ្រឹះ ក៏ដូចជាកំពុងរួសរាន់បញ្ចប់ការជួសជុលនៅផ្នែកជញ្ជាំងថ្មបាយក្រៀម។ បុរាណវិទូរូបនេះបញ្ជាក់ថា ផែនការនឹងបញ្ចប់គ្រប់ផ្នែកនៅចុងឆ្នាំនេះ។


 
នៅពេលសួរថា តើអាជ្ញាធរនឹងដាក់ឱ្យទេសចរធ្វើដំណើរឆ្លងកាត់វិញឬយ៉ាងណា ក្រោយជួសជុលរួច លោក សុភាព ប្រាប់ថា អាស្រ័យថ្នាក់ដឹកនាំ តែជាគំនិតផ្ទាល់ខ្លួន បុរាណវិទូរូបនេះសំណូមពរឱ្យបិទមួយរយៈទៀតសិន ខណៈដែលក្រុមការងារបស់លោក នឹងបន្តជួសជុលកំពង់ទឹក ដែលនឹងបញ្ចប់នៅមួយឆ្នាំបន្ទាប់។ លោកពន្យល់ថា៖« តាមស្ថានភាពបច្ចុប្បន្នកូវីដនៅបន្ត ហើយភ្ញៀវមិនទាន់មកច្រើនទេ អាចពន្យារបិទសិនក៏ល្អដែរ ព្រោះយើងនឹងបន្តជួសជុលកំពង់ទឹក ធម្មតាការដ្ឋានជួសជុលមានផលប៉ះពាល់ខ្លះហើយ»។


 
គម្រោងជួសជុលស្ពានហាលអង្គរវត្តដំណាក់កាលទី២ បានចាប់ផ្តើមនៅឆ្នាំ២០១៦ ដោយរំពឹងថា នឹងចប់នៅឆ្នាំ២០២០ តែវាត្រូវបានពន្យារពេល ខណៈដែលមានការសិក្សាស្រាវជ្រាវ និងឆ្លងយោបល់ពីអ្នកជំនាញពាក់ព័ន្ធជាច្រើន ដ្បិតជាគម្រោងធំ ដែលត្រូវគិតល្អិតល្អន់។ គម្រោងនេះ ត្រូវពន្យារពេលរហូតដល់ឆ្នាំ ២០២៤ តែវានឹងរួចរាល់មុនកិច្ចព្រមព្រៀង។ ការងារដំណាក់កាលទី២នេះ មានប្រវែង៩០ម៉ែត្រ។ ស្ថានភាពមុនជួសជុល ស្ពានហាលរងការស្រុតខ្លាំងនៅផ្នែកខាងជើង។ ក្រុមអ្នកជំនាញបានជួសជុលពង្រឹងគ្រឹះ និងរើកម្រាលថ្មភក់ បង្ហាប់ដីរៀបថ្មសារជាថ្មី៕
 


 



Tag:
 ស្ពានហានអង្គរវត្ត
  អន សុភាព
  អង្គរវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com