ជាតិ
លោក ហ៊ុន ម៉ានី៖ ការដាំកូនឈើរួមគ្នា បង្ហាញពីការយកចិត្តទុកដាក់លើបម្រែបម្រួលអាកាសធាតុជាសកល ពីកម្ពុជា និងអន្ដរជាតិ
18, Nov 2021 , 3:59 pm        
រូបភាព
សៀមរាប៖ គណៈកម្មាធិការរៀបចំកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុប បានចូលរួមព្រឹត្តិការណ៍ដាំដើមឈសាមគ្គីភាពរវាងយុវជនអាស៊ី-អឺរ៉ុប នៅបរិវេណមុខប្រាសាទអង្គរវត្ត។ ក្នុងពិធីនោះ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់ និងចាត់ទុកការងារនេះថាជាសកម្មភាពដ៏មុតមាំ និងយកចិត្តទុកដាក់លើការបម្រែបម្រួលអាកាសធាតុជាសកល ពីសំណាក់ថ្នាក់ដឹកនាំយុវជនកម្ពុជា និងអន្ដរជាតិ។

 
លោក ហ៊ុន ម៉ានី បានបង្ហាញពីមោទនភាពដែលប្រជាជនកម្ពុជា ជាពិសេសយុវជននៅតំបន់អាស៊ី និងអឺរ៉ុប អាចចូលរួមជាមួយគំនិតផ្តួចផ្ដើមលើការងាររៀបចំកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុប និងរួមគ្នាទទួលខុសត្រូវជាមួយមហិច្ឆតាក្នុងការសម្រេចឱ្យបាននូវការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដែលជាដំណោះស្រាយឆ្លើយតបទៅនឹងបញ្ហាបរិស្ថានពិភពលោក។ 
 
ក្នុងកម្មវិធីដាំកូនឈើនាព្រឹកថ្ងៃទី១៨ វិច្ឆិកា ប្រធានក្រុមប្រឹក្សាយុវជនអាស៊ី លោក ហ៊ុន ម៉ានី បន្ថែមថា៖«ខណៈសកលលោកកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩  យើងក៏កំពុងប្រឈមមុខផងដែរនឹងបញ្ហាបម្រែបម្រួលអាកាសធាតុបង្កឱ្យមានការកើនកម្ដៅពិភពលោក គ្រោះធម្មជាតិដូចជាទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះជាដើម ដែលនេះជាបញ្ហាសកលមួយដោយយើងមិនអាចមើលរំលងបានឡើយ»។


 
ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បន្ថែមថា ការដាំកូនឈើនៅពេលនេះមិនត្រឹមឆ្លុះបញ្ចាំងពីការគោរពចំពោះបរិស្ថានធម្មជាតិ និងការយល់ដឹងអំពីបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជានិមិត្តរូបនៃភាពជឿជាក់លើពហុភាគីនិយម និងការរីកចម្រើនរួមគ្នាក្រោមការប្ដេជ្ញាចិត្តមុតមាំរបស់យុវជនទូទាំងពិភពលោក លើការងារទាំងនេះ។
 
ពិធីដាំកូនឈើសាមគ្គីភាពរវាងយុវជនអាស៊ី-អឺរ៉ុប ក៏មានការចូលរួមពីរដ្ឋមន្រ្តីក្រសួងបរិស្ថាន អភិបាលខេត្តសៀមរាប លោក សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ព្រមទាំងតំណាងស្ថានភាពនានាក្នុងប្រទេសកម្ពុជា។ល។ កូនឈើសរុប ៥៣ដើម ត្រូវបានដាំក្នុងបរិវេណមុខអង្គរវត្ត តំណាងឱ្យស្ថាប័នចំនួន២ គឺលេខាធិការដ្ឋានអាស៊ានសហភាពអឺរ៉ុប និងតំណាងបណ្ដាប្រទេសទាំង៥១ ជាសមាជិកនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែ វិច្ឆិកា តាមរយៈប្រព័ន្ធអនឡាញ។
 
សូមជម្រាបដែរថា ព្រឹត្តិការណ៍ដាំដើមឈើនៅពេលនេះ ជាផ្នែកមួយនៃកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ ដែលកិច្ចប្រជុំនេះ គឺជាវេទិកាអមមួយនៃវេទិកាអមទាំង៦ របស់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣។ វេទិកាអមទាំង៦ រួមមាន ទី១វេទិកាអាស៊ី-អឺរ៉ុប ស្ដីពីស្រ្ដី សន្ដិភាព និងសន្ដិសុខ ទី២ កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ទី៣ ទិវាវប្បធម៌អាស៊ី-អឺរ៉ុប ទី៤ កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុប ទី៥ កិច្ចពិភាក្សាតុមូលក្រុមនិពន្ធនាយកសារព័ត៌មាន នៃមូលនិធិអាស៊ី-អឺរ៉ុប លើកទី១០ និងទី៦ វេទិកាធុរកិច្ច និងសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបលើកទី១៕

Tag:
 ដើមឈើ
  យុវជនអាស៊ីអឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com