ជាតិ
រដ្ឋមន្រ្តីទេសចរណ៍ជំរុញឱ្យវិស័យឯកជនត្រៀមខ្លួនដើម្បីទទួលទេសចរវ៉ាក់សាំង
18, Nov 2021 , 8:59 pm        
រូបភាព
លោក ថោង ខុន ថ្លែងក្នុងពិធីរៀបចំផ្សព្វផ្សាយស្ដីពី ការទទួលទេសចរអន្ដរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញចូលព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០២១។
លោក ថោង ខុន ថ្លែងក្នុងពិធីរៀបចំផ្សព្វផ្សាយស្ដីពី ការទទួលទេសចរអន្ដរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញចូលព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០២១។
សៀមរាប៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានជំរុញឱ្យវិស័យឯកជន ឬប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាប ត្រូវត្រៀមខ្លួនឱ្យរួចរាល់ដើម្បីទទួលទេសចរវ៉ាក់សាំង ដែលនឹងមកដល់នៅពេលឆាប់ៗខាងមុខនេះ។ វិស័យឯកជនថា ការងារនេះមិនងាយស្រួលប៉ុន្មាននោះទេ។

 
ថ្លែងនៅក្នុងកិច្ចប្រជុំរៀបចំផ្សព្វផ្សាយស្ដីពី «ការទទួលទេសចរអន្ដរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញចូលក្នុងព្រះរាជាណាចក្រកម្ពុជា» នៅព្រឹកថ្ងៃទី១៧ វិច្ឆិកា នាខេត្តសៀមរាប រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានជំរុញដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់ ដើម្បីត្រៀមខ្លួនសម្រាប់ការស្វាគមន៍ទេសចរវ៉ាក់សាំងឡើងវិញ។ ខេត្តសៀមរាប ជាគោលដៅទី២របស់កម្ពុជា ដែលនឹងបើកទទួលទេសចរវ៉ាក់សាំងនៅដើមខែ មករា ឆ្នាំ២០២២ ខណៈដែលខេត្តព្រះសីហនុ បើកនៅចុងខែ វិច្ឆិកានេះ។ 
 
ក្នុងកិច្ចប្រជុំនៅសណ្ឋាគារសុខាសៀមរាប លោក ថោង ខុន បានលើកពីភាពជោគជ័យនៃការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីបើកវិស័យទេសចរណ៍ឡើងវិញ និងពុំតម្រូវឱ្យធ្វើចត្តាឡីស័ក សម្រាប់ទេសចរ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងរួច។ លោករដ្ឋមន្រ្តីបានបង្ហាញពីបែបបទខ្លះសម្រាប់ទេសចរដែលនឹងចូលមកកម្ពុជានាពេលឆាប់ៗនេះ ដូចជាតម្រូវឱ្យមានការតេស្ដ PCR ៧២ម៉ោង មុនមកដល់កម្ពុជា បង្ហាញកាតចាក់វ៉ាក់សាំង និងការធ្វើតេស្ដរហ័សពេលមកដល់ព្រលានយន្តហោះ ឬច្រកព្រំដែន។ល។ លោក ថោង ខុន បញ្ជាក់ថា ការទទួលនេះគឺសម្រាប់តែទេសចរដែលបានចាក់វ៉ាក់សាំងពេញលេញតែប៉ុណ្ណោះ។ 


 
ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានរំលឹកដល់ប្រតិបត្តិករទេសចរណ៍ ត្រូវរួសរាន់ក្នុងការត្រៀមខ្លួនដើម្បីទទួលទេសចរ។ លោក ថោង ខុន ឱ្យប្រតិបត្តិករគិតគូរប្រមែប្រមូលអ្នកពាក់ព័ន្ធ ដូចជាមគ្គុទ្ទេសក៍ទេសចរណ៍ ឬអ្នករត់កង់បីជាដើម យកមកបណ្ដុះបណ្ដាលឡើងវិញ ក្រោយពួកគេបោះបង់ការងារទេសចរណ៍ជិត២ឆ្នាំមកនេះ អំឡុងពេលមានជំងឺកូវីដ១៩។ លោករដ្ឋមន្រ្តីក៏ជំរុញឱ្យមានការរៀបចំសេវាកម្មឱ្យល្អប្រសើរឡើងវិញផងដែរ ដើម្បីត្រៀមទទួលទេសចរ និងផ្តល់ភាពជឿជាក់ពេលទេសចរត្រឡប់មកវិញ។


 
ទាក់ទងនឹងបញ្ហានេះ ប្រធានក្លិបប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប លោក កៅ ហ្វីលីព ប្រាប់ថា ប្រតិបត្តិករទេសចរណ៍ ទំនងមិនទាន់បានត្រៀមខ្លួនរួចរាល់ សម្រាប់ការទទួលទេសចរឡើងវិញទេ។ លោកពន្យល់ថា ជិត២ឆ្នាំមកនេះ អាជីវកម្មបានបិទទាំងស្រុង ដូច្នេះចង់បើកឡើងវិញភ្លាមៗ មិនងាយស្រួលនោះទេ គឺត្រូវការពេលសម្រាប់រៀបចំ ហើយអាជីវកម្មខ្លះគ្មានដើមទុនគ្រប់គ្រាន់។ 


លោក កៅ ហ្វីលីព ប្រធានក្លឹបប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប។ 
 
លោក ហ្វីលីព បានលើកឧទាហរណ៍ករណីអាកាសចរណ៍ គឺត្រូវការរយៈពេលពី៣ ទៅ៦ខែ ដើម្បីរៀបចំឱ្យមានជើងហោះហើរឡើងវិញ ពីប្រទេសមួយទៅប្រទេសមួយ។ ចំណែកទេសចរក្នុងស្រុក ក៏ត្រូវរៀបចំសកម្មភាពថ្មីៗ ដើម្បីទាក់ទាញពួកគេមកលេងសៀមរាបផងដែរ។ ផលលំបាកមួយទៀត គឺកង្វះធនធានពលកម្ម​ ព្រោះកន្លងមកបុគ្គលិកជំនាញបានចាកចេញ ទៅធ្វើការក្នុងវិស័យ ផ្សេង ខ្លះទៀតនៅក្រៅខេត្តសៀមរាប ហើយការមិនបើកឡើងវិញពេញលេញដូច្នេះ គឺកាន់តែលំបាក ក្នុងការទាញពួកគេមកធ្វើការវិញ ខណៈម្ចាស់អាជីវកម្ម ពុំមានលទ្ធភាពផ្តល់ប្រាក់ខែពេញ ដូចមុនកូវីដនោះទេ ។
 
ចំណែកដើមទុន គឺជាបញ្ហាសំខាន់សម្រាប់ម្ចាស់អាជីវកម្មផងដែរ។ លោក ហ្វីលីព ពន្យល់ថា ក្នុងការបើកកាលៈទេសៈនេះ គឺម្ចាស់អាជីវកម្មត្រូវត្រៀមលុយខាត យ៉ាងហោចពី៦ខែ ទៅ១២ឆ្នាំ ទម្រាំទេសចរមកច្រើនដូចពីមុន។ លោក ហ្វីលីព សុំឱ្យរាជរដ្ឋាភិបាល ក្នុងការផ្តល់ហិរញ្ញវត្ថុជំនួយចន្លោះពេលនេះ ដើម្បីអាចចាប់ផ្តើមអាជីវកម្មឡើងវិញ៕
 

Tag:
 ទេសចរណ៍វ៉ាក់សាំង
  ថោង ខុន
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com