ជាតិ
កសិករនៅភ្នំគូលែនផ្តើមប្រមូលផលខ្ញីខ្មៅ តែទិន្នផលមិនល្អដូចឆ្នាំមុននោះទេ
20, Nov 2021 , 3:19 pm        
រូបភាព
សៀមរាប៖ សហគមន៍នៅភ្នំគូលែន បានចាប់ផ្តើមប្រមូលផលប្រទាលខ្ញីខ្មៅ ជាបណ្ដើរៗហើយ ដោយពួកគេរំពឹងថា នឹងទទួលបានតម្លៃល្អនៅឆ្នាំនេះ។ ដោយសារអាកាសធាតុ ទិន្នផលខ្ញីខ្មៅមិនសូវកើតទេនៅឆ្នាំនេះ ហើយកសិករខ្លះប្រឈមនឹងការខាត។

 
ប្រទាលខ្ញីខ្មៅ ឬខ្លះហៅខ្ជាយខ្មៅ និងខ្លះទៀតហៅប្រទាលថ្លើមឆ្កែ ជាដំណាំលេខ២បន្ទាប់ពីចន្ទីរ ដែលកសិករនៅលើភ្នំគូលែន និយមដាំ ដ្បិតមានតម្លៃថ្លៃគួរសម។ កសិករនៅភ្នំគូលែន និយមដាំដំណាំនេះជាលក្ខណៈគ្រួសារ ខ្លះដាំតិច ខ្លះដាំច្រើនតាមទំហំផ្ទៃដីដែលមាន។ ប្រទាលនេះ មានទីផ្សារល្អគ្រាន់បើ ដ្បិតគេប្រើប្រាស់ជាឱសថត្រូវនឹងរោគច្រើន ដូចជាលើសឈាម ទឹកនោមផ្អែម។ល។ 
 
កសិករដាំប្រទាលខ្ញីខ្មៅ អ្នកស្រី ហេង ចាន់ណាក់  ឱ្យដឹងថា សហគមន៍របស់អ្នកស្រីចាប់ផ្តើមប្រមូលប្រទាលនេះជាបណ្ដើរៗហើយនៅពាក់កណ្ដាលខែ វិច្ឆិកា នេះ តែមិនទាន់បានច្រើននោះទេ គឺរង់ចាំរហូតដល់ចុងខែ ធ្នូ។ យ៉ាងណា កសិកររូបនេះបញ្ជាក់ថា ទិន្នផលឆ្នាំនេះមិនសូវល្អនោះទេ ប្រទាលរលួយច្រើន។ 
 
អ្នកស្រី ហេង ចាន់ណាក់ បន្ថែមថា៖« យើងប្រមូលតែអាងាប់ដើមសិន ខ្លះរលួយ ឆ្នាំនេះខ្លះអត់បានពូជផង ប្រហែលមកពីភ្លៀងច្រើន»។ 
 
ចំណែកតម្លៃវិញ កសិកររូបនេះប្រាប់ថា មិនទាន់ដឹងនោះទេ ដោយរង់ចាំខាងអង្គការដែលប្រមូលទិញ ជាអ្នកវាយតម្លៃទីផ្សារបច្ចុប្បន្ន។
 
អង្គការអាគ្រីស៊ូត និង ADF បានសហការគ្នា ចងក្រងនិងបង្កើតសហគមន៍អ្នកដាំខ្ញីខ្មៅ ដើម្បីជួយប្រជាពលរដ្ឋនៅលើភ្នំគូលែន។  អ្នកគ្រប់គ្រងអភិវឌ្ឍន៍សហគមន៍នៃអង្គការ ADF អ្នកស្រី មៀន ម៉ូត មានប្រសាសន៍ថា 
ឆ្នាំទៅ ខ្ញីខ្មៅមានតម្លៃ ១៤,០០០រៀលក្នុងមួយគីឡូក្រាម ចំណែកឆ្នាំនេះមិនទាន់ដឹងតម្លៃត្រូវដាក់ឱ្យកសិករប៉ុន្មានទេ។ អ្នកស្រីបន្ថែមថា អង្គការ ADF សហការជាមួយអង្គការអាគ្រីស៊ូត បានបង្កើតក្រុមសម្ងួតខ្ញីខ្មៅ នៅភូមិអន្លង់ធំ និងបានកែច្នៃជាតែខ្ញីខ្ញៅ។ 
 
អ្នកស្រី មៀន ម៉ូត បន្តថា សហគមន៍ដាំខ្ញីខ្មៅនៅលើភ្នំគូលែនត្រូវបានបង្កើតនៅឆ្នាំ២០១៩ ដែលមានពលរដ្ឋសរុប ១០២គ្រួសារក្នុងភូមិចំនួន៥ មានភូមិខ្លាឃ្មុំ ភូមិសង្កែឡាក់ ភូមិតាពេញ ភូមិថ្មជ្រួញ និងភូមិអន្លង់ធំ។ អ្នកស្រីបន្ថែមថា សហគមន៍នេះបង្កើតឡើងដើម្បីលើកកម្ពស់សេដ្ឋកិច្ចពលរដ្ឋ ពិសេសលើកទឹកចិត្តកុំឱ្យពួកគេកាប់ព្រៃឈើ ទន្រ្ទានធ្វើចម្ការដោយខុសច្បាប់បន្តទៀត។ ប្រធានគម្រោងរូបនេះពន្យល់ថា៖« ទី១ ADF ធ្វើការលើការហាមឃាត់កាប់ព្រៃ ហើយឃើញថា សហគមន៍ដាំប្រទាលបានថ្លៃ ណាមួយគិតថាប្រទាលនេះមានឱសថព្យាបាលរោគដែរ ចឹងឱ្យពួកគាត់បន្តការដាំ សរុប៥ភូមិ មាន១០២គ្រួសារ ហើយសម្រាប់ឈើហូបផ្លែមានជាង ៣០គ្រួសារ»។


 
អ្នកស្រី មៀន ម៉ូត បន្តទៀតថា ការប្រមូលផលខ្ញីខ្មៅនៅឆ្នាំ២០២០ សរុបបានជាង ៣តោន។ យ៉ាងណា មន្រ្តីអង្គការរូបនេះមិនទាន់អាចសន្និដ្ឋានពីទិន្នផលឆ្នាំនេះបាននីឡើយ ព្រោះប្រទាលជួបបញ្ហារលួយច្រើន ដែលកតា្តនេះអាចបណ្ដាលមកពីបញ្ហាអាកាសធាតុ និងមេរោគដើម និងក្នុងដីផង។ 
 
ការដាំប្រទាលខ្ញីខ្មៅ បានជួយសម្រួលសេដ្ឋកិច្ចគ្រួសារមួយផ្នែកធំដល់សហគមន៍ភ្នំគូលែន បន្ទាប់ពីដំណាំចន្ទីរ។ ក្នុងមួយឆ្នាំៗ កសិករខ្លះអាចប្រមូលផលប្រទាលនេះចន្លោះពី៥០ ទៅជាងរយគីឡូ និងខ្លះទៀតបានដល់ខ្ទង់តោនក៏មាន តាមទំហំផ្ទៃដី និងដើមទុនដែលកសិករនោះហ៊ានវិនិយោគ។ តែមានកសិករតិចប៉ុណ្ណោះដែលហ៊ានចាយទុកវិនិយោគទំហំធំ ព្រោះថា ដំណាំប្រភេទនេះមានហានិភ័យច្រើន ពិសេសគឺការរលួយតែម្ដង ក្រៅពីការចុះទុនទិញពូជ និងជួលកម្លាំងពលកម្មសម្រាប់សម្អាតស្មៅ។
 
អ្នកស្រី ហេង ចាន់ណាក់ អះអាងថា ឆ្នាំនេះអ្នកស្រីប្រឈមនឹងការខាតទុនម្ដងទៀត ដោយប្រទាលមិនសូវល្អ និងរលួយច្រើន។ ក្នុងមួយឆ្នាំៗ អ្នកស្រីត្រូវអស់លុយទិញពូជប្រទាលប្រមាណពី ៥០ទៅ៦០គីឡូក្រាម តែ៣ឆ្នាំចាប់គ្នាហើយ ដែលគ្រួសារនេះ ដាំបានតែពូជវិញ។ កសិកររូបនេះរំពឹងថា អង្គការដែលគាំទ្រក្នុងគម្រោងនេះនឹងជួយរកបច្ចេកទេសដាំដុះថ្មី ដើម្បីកុំឱ្យការដាំប្រឈមនឹងការរលួយតទៅទៀត៕
 

Tag:
 ខ្ញីខ្មៅ
  ប្រទាលថ្លើមឆ្កែ
  កសិកម្ម
  ភ្នំគូលែន
© រក្សាសិទ្ធិដោយ thmeythmey.com