ជាតិ
កញ្ញា ម៉ូត សាយ បង្កើតរោងដាំបន្លែសុវត្ថិភាព សម្រាប់បង្រៀនបច្ចេកទេសដាំដុះដល់កសិករ
20, Nov 2021 , 9:29 pm        
រូបភាព
កញ្ញា ម៉ូត សាយ (អាវពណ៌ផ្កាឈូក) ក្នុងពេលផ្តល់សម្ភាសន៍ដល់សារព័ត៌មានថ្មីៗ
កញ្ញា ម៉ូត សាយ (អាវពណ៌ផ្កាឈូក) ក្នុងពេលផ្តល់សម្ភាសន៍ដល់សារព័ត៌មានថ្មីៗ
សៀមរាប៖ កញ្ញា ម៉ូត សាយ ទើបនឹងបញ្ចប់ការសិក្សាជំនាញកសិកម្ម ពីសាកលវិទ្យាល័យកសិកម្មចម្ការដូង។ បច្ចុប្បន្នយុវនារីរូបនេះ កំពុងបង្កើតរោងដាំបន្លែសុវត្ថិភាពមួយកន្លែង ក្នុងភូមិកំណើតនាស្រុកប្រាសាទបាគង។ កញ្ញា សាយ យល់ច្បាស់ពីអត្ថប្រយោជន៍នៃបន្លែសុវត្ថិភាព និងចង់ឱ្យពលរដ្ឋខ្មែរមានសុខភាពល្អ តាមរយៈបរិភោគបន្លែដែលខ្លួនបានដាំ។ ក្រៅពីនេះ សាយ ក៏បើកឱកាសដល់កសិករ ដែលមានបំណងមករៀនសូត្រពីបច្ចេកទេសដាំ ពិសេសដាំបន្លែលើទឹក អាចមករៀនក្នុងកសិដ្ឋានខ្លួនបាន។ កសិករ ក៏អាចមកចែករំលែកបច្ចេកទេសដាំដុះរបស់ខ្លួន នៅរោងកសិដ្ឋាន ដែលមានឈ្មោះថា គម្រោងសម្រាប់យើងទាំងអស់គ្នា ឬ Together Project បានផងដែរ។

 
ព័ត៌មានពិស្ដារ សូមទស្សនាបទសម្ភាសផ្ទាល់ជាមួយកញ្ញា ម៉ូត សាយ នៅក្នុងរោងដាំបន្លែ នាភូមិដូរនុំ ឃុំមានជ័យ ស្រុកប្រាសាទបាគង ដូចតទៅនេះ៖
 
 
 
កសិដ្ឋានដាំបន្លែ ក្នុងគម្រោងសម្រាប់យើងទាំងអស់គ្នា ដែលបង្កើតឡើងដោយ កញ្ញា ម៉ូត សាយ ទើបនឹងចាប់ផ្តើមនៅខែ កុម្ភៈ ឆ្នាំ២០២១ នេះ ក្រោយពេលនិស្សិតកសិកម្មរូបនេះបញ្ចប់ការសិក្សាពីសាលាកសិកម្មចម្ការដូង។ និស្សិតរូបនេះ បានវិលត្រឡប់មកស្រុកកំណើតវិញ ដោយសារចង់ពង្រឹងវិស័យកសិកម្មក្នុងសហគមន៍ខ្លួន ក៏ដូចជា ចែករំលែកចំណេះដឹងដែលសិក្សា៤ឆ្នាំ នៅរាជធានីភ្នំពេញ។
 
ដោយមានការគាំទ្រផ្នែកធនធានពីជនបរទេសប្ដីប្រពន្ធមួយគូ ដែលជួយផ្នែកសិក្សារហូតដល់ចប់ សាយ បានចាប់ផ្តើមបង្កើតកសិដ្ឋានដាំដុះបន្លែ លើដីទំហំប្រមាណ២ហិកតា។ តែដំបូងនេះ មានរោងសំណាញ់២ប៉ុណ្ណោះ មួយសម្រាប់ដាំដំណាំហូបផ្លែ មានល្ពៅ សណែ្តក និងប៉េងប៉ោះជាដើម។ រីឯមួយរោងទៀត សាយ កំពុងបង្កើនការដាំបន្លែស្លឹកលើទឹក ដូចជាសាឡាត់ និងខាត់ណាស្លឹក។ សព្វថ្ងៃ សាយ កំពុងពិសោធន៍ការដាំដំណាំដទៃទៀត ពិសេសដំណាំ និងបន្លែ ដែលមិនសូវមានកសិករដាំច្រើន។


 
ជាយុវនារីដែលស្រឡាញ់ចូលចិត្តផ្នែកកសិកម្ម និងចង់អភិវឌ្ឍន៍វិស័យនេះឱ្យខ្លាំងនៅមូលដ្ឋាន សាយ មានសុទិដ្ឋិនិយមខ្ពស់ ចំពោះបន្លែដែលបានដាំ ពិសេសដំណាំដែលដាំដុះតាមស្ដង់ដាសុវត្ថិភាព។ សាយ លើកទឹកចិត្តឱ្យកសិករ ដាំបន្លែសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់ទីផ្សារបច្ចុប្បន្ន ដែលមានតម្រូវការខ្ពស់ និងដាំឱ្យបានច្រើន ដើម្បីទប់ទល់នឹងបន្លែដែលនាំចូលពីបរទេស។ នៅសៀមរាប សាយ យល់ថាគួរតែបង្កើនការដាំដុះបន្លែឱ្យបានច្រើន ដើម្បីបំពេញតម្រូវការទេសចរ ពិសេសនៅដើមឆ្នាំក្រោយ ដែលរាជរដ្ឋាភិបាល នឹងបើកវិស័យទេសចរណ៍ក្នុងខេត្តនេះឡើងវិញ។
 
ទៅអនាគត សាយ នឹងប្រើប្រាស់កសិដ្ឋាននៅក្នុងភូមិកំណើតនេះ ជារោងបង្ហាញដល់កសិករដែលចង់សិក្សាផ្នែកកសិកម្ម ពិសេសបច្ចេកទេសដាំបន្លែលើទឹក ដែលចំណេញពេលវេលា និងថវិកាច្រើនសម្រាប់កសិករ៕
 
 

Tag:
 បន្លែសុវត្ថិភាព
  ម៉ូត សាយ
  ប្រាសាទបាគង
  កសិកម្ម
  Together project
© រក្សាសិទ្ធិដោយ thmeythmey.com